ក្រសួងសុខាភិបាល កំពុងសហការជាមួយនឹងបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រ និងចាត់វិធានការឆ្លើយតបជាបន្ទាន់ សម្រាប់ទប់ស្កាត់រោគរាតត្បាត Covid-19 ដែលអាចផ្ទុះឆ្លងរាលដាលនាពេលខាងមុខ។
ដើម្បីជាការឆ្លើយតបទៅនឹងរោគរាតត្បាត Covid-19 ដែលអាចនឹងកើតឡើង កម្ពុជានឹងចំណាយថវិកាចំនួន 30លានដុល្លារសហរដ្ឋអាមេរិក តាមរយៈក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ សហការជាមួយក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធ ដើម្បីបំពាក់ឧបករណ៍តាមដាន ត្រួតពិនិត្យ និងរៀបចំទីកន្លែងសម្រាប់ព្យាបាលអ្នកជំងឺដែលឆ្លងមេរោគកូរ៉ូណា Covid-19 រួមទាំងការបណ្ដុះបណ្ដាល និងបង្កើនសមត្ថភាពរបស់ក្រុមគ្រូពេទ្យ។ល។
ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានឱ្យដឹងថា ថវិកាចំនួន 30លានដុល្លារនេះ នឹងត្រូវចំណាយត្រឹមរយៈពេល៦ខែទៅមុខ ដោយរាប់ចាប់ពីខែមីនា រហូតដល់ខែសីហា ឆ្នាំ2020។
បច្ចុប្បន្ន កម្ពុជាកំពុងតែដាក់មនុស្សចំនួន40នាក់ឱ្យស្ថិតក្រោមការតាមដានសុខភាព និង4នាក់ផ្សេងទៀតត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក ព្រោះមានជាប់ទាក់ទិននឹងជនជាតិជប៉ុនដែលផ្ទុកមេរោគ Covid-19។ កន្លងមក កម្ពុជាក៏ធ្លាប់មានអ្នកផ្ទុកមេរោគកូរ៉ូណានេះដែរ ដោយអ្នកជំងឺគឺជាជនជាតិចិន មកពីតំបន់ Wuhan។
មេរោគកូរ៉ូណា Covid-19 បានចាប់ផ្ដើមផ្ទុះឆ្លងនៅឯទីក្រុង Wuhan ប្រទេសចិន កាលពីខែធ្នូ ឆ្នាំ2019 ហើយមកដល់ថ្ងៃនេះ (6មីនា) មេរោគនេះបានឆ្លងទៅមនុស្សជាង 98,041នាក់ ក្នុងនោះមាន 3,349នាក់បានបាត់បង់ជីវិត និងជាង 53,827នាក់់ បានជាសះស្បើយ៕