ការរៀបចំផែនការលម្អិតសម្រាប់ក្រុមគ្រូពេទ្យនីមួយៗ និងអ្នកជំងឺម្នាក់ៗ ការបណ្ដុះបណ្ដាលវិធីទប់ស្កាត់ការឆ្លងមេរោគសម្រាប់បុគ្គលិកពេទ្យជាដើម គឺជារឿងដែលអ្នកប្រយុទ្ធនឹងរោគរាតត្បាត Covid-19 នៅក្នុង “សមរភូមិ” ជួរមុខ បានដកបទពិសោធ ទុកជាមេរៀន។
ការថ្លែងរបស់វេជ្ជបណ្ឌិត Qiao Jie ដែលជាប្រធានមន្ទីរពេទ្យលេខ3នៃសកលវិទ្យាល័យទីក្រុងប៉េកាំង (Peking University Third Hospital) នៅក្នុងសិក្ខាសាលាមួយកាលពីថ្ងៃទី4មីនា នៅទីក្រុង Wuhan ប្រទេសចិន បានធ្វើឡើងដោយសង្ឃឹមថា បណ្ដាប្រទេសក្នុងពិភពលោក ដកបទពិសោធបានច្រើនពីអ្នកដែលបានប្រយុទ្ធផ្ទាល់ជាមួយនឹងរោគរាតត្បាតនេះ Covid-19។
លោកវេជ្ជបណ្ឌិត Qiao Jie បានឱ្យដឹងថា បុគ្គលិកពេទ្យស្ទើរតែទាំងអស់ ខ្វះបទពិសោធក្នុងការព្យាបាលអ្នកជំងឺដែលមានផ្ទុករោគឆ្លងទាក់ទិននឹងផ្លូវដង្ហើម។ ដូច្នេះ ការបណ្ដុះបណ្ដាលក្រុមបុគ្គលិកពេទ្យ គឺជាវិធីល្អបំផុតដើម្បីអាចជួយពួកគេយកឈ្នះលើ Covid-19 ចាប់ពីការថែទាំ ការព្យាបាលអ្នកជំងឺស្រាល រហូតដល់អ្នកជំងឺធ្ងន់ ទន្ទឺមនឹងនេះ ពួកគេនឹងជួយការពារខ្លួនឯងពីការឆ្លងមេរោគដ៏កាចសាហាវនេះ។
លោកវេជ្ជបណ្ឌិតសង្កត់ធ្ងន់ថា “សូម្បីតែការស្លៀកពាក់ឈុតការពារមេរោគ ក៏ទាមទារឱ្យមានការបណ្ដុះបណ្ដាលផងដែរ”។
បច្ចុប្បន្ន Covid-19 បានបង្ហាញវត្តមាននៅក្នុងប្រទេស និងដែនដីចំនួន 84 ក្នុងពិភពលោក បន្ទាប់ពីបានផ្ទុះឆ្លងរាលដាលនៅក្នុងទីក្រុង Wuhan កាលពីខែធ្នូ ឆ្នាំ2019 ហើយមកដល់ពេលនេះ វាបានបណ្ដាលឱ្យមានអ្នកឆ្លងមេរោគសរុបជាង 95,425នាក់ ក្នុងនោះមានអ្នកស្លាប់ជិត3,300នាក់ និង 53,600នាក់បានជាសះស្បើយពីជំងឺនេះ។
កំណើននៃករណីឆ្លងមេរោគ Covid-19 បន្ថែមនៅប្រទេសចិន មានការថយចុះបន្តិច ប៉ុន្តែវាបានកើនឡើងខ្លាំង និងលឿននៅតាមបណ្ដាប្រទេសផ្សារៗ ដូចជា កូរ៉េខាងត្បូង អ៊ីរ៉ង់ អ៊ីតាលី និងជប៉ុនជាដើម។
វេជ្ជបណ្ឌិត Du Bin មកពីមន្ទីរពេទ្យសហព័ន្ធវេជ្ជសាស្ត្រក្រុងប៉េកាំង (Peking Union Medical College Hospital) បានទៅកាន់ទីក្រុង Wuhan ដើម្បីជួយព្យាបាលអ្នកជំងឺដែលបានឆ្លងមេរោគកូរ៉ូណា Covid-19 តាំងពីពាក់កណ្ដាលខែមករា ឆ្នាំ2020។ លោកវេជ្ជបណ្ឌិត យល់ថា ដើម្បីទប់ស្កាត់ការឆ្លងរោគក្នុងមន្ទីរពេទ្យនានា កត្តាសំខាន់នោះគឺការរៀបផែនការ។
“អ្នកត្រូវតែរៀបផែនការសម្រាប់អ្នកទាំងឡាយណាដែលត្រូវបានសង្ស័យថា បានឆ្លងមេរោគកូរ៉ូណា ដែលកំពុងនៅក្នុងមជ្ឈមណ្ឌលដាច់ដោយឡែក ចំពោះអ្នកជំងឺគ្រុនក្ដៅ ទាំងអ្នកជំងឺក្នុងមន្ទីរពេទ្យ ទាំងអ្នកជំងឺក្រៅមន្ទីរពេទ្យ។ ក្រៅពីនេះ អ្នកត្រូវតែមានសមត្ថភាពក្នុងការធ្វើតេស្តរកមេរោគក្នុងបន្ទប់ពិសោធ ចំពោះអ្នកជំងឺដែលកំពុងត្រូវបានសង្ស័យ ហើយត្រូវបង្ខាំងឱ្យនៅដោយឡែកចំពោះអ្នកជំងឺដែលកំពុងត្រូវសង្ស័យ មុននឹងលទ្ធផលនៃការធ្វើតេស្តបានចេញជាផ្លូវការ”។ នេះគឺជាការឱ្យដឹងរបស់លោកវេជ្ជបណ្ឌិត Du Bin។
ដូច្នេះ ដើម្បីទប់ស្កាត់ការឆ្លងបន្ត ចូរត្រៀមខ្លួន និងរៀបផែនការឱ្យបានច្បាស់លាស់ជាមុន ហើយត្រូវបង្កើនការបណ្ដុះបណ្ដាលបុគ្គលិកផ្នែកសុខាភិបាល ដើម្បីជួយឱ្យពួកគេអាចទប់ទល់នឹងការឆ្លងរាលដាលនៃមេរោគនេះដោយសុវត្ថិភាព។ នេះគឺជាមេរៀនដែលដកពិសោធចេញពីសម្បុកមេរោគកូរ៉ូណា Covid-19 ដែលត្រូវបានក្រុមវេជ្ជបណ្ឌិតចិនណែនាំ ក៏ដូចជាព្រមានចំពោះសហគមន៍វេជ្ជសាស្ត្រពិភពលោក នៅក្នុងកិច្ចប្រជុំក្នុងថ្ងៃដដែលដូចបានរៀបរាប់ខាងលើ។
ក្រៅពីនេះ បើតាមលោក Du ផែនការទាំងឡាយត្រូវតែបង្កើតឡើងដើម្បីទប់ទល់នឹងរោគរាតត្បាត ជួយសម្រួលដល់អ្នកជំងឺដែលបានឆ្លងរោគ និងអ្នកដែលធ្លាប់បាននៅក្បែរអ្នកជំងឺ ព្រមទាំងផ្ដល់មូលដ្ឋានគ្រឹះដើម្បីអាចបង្ខាំងឱ្យនៅដោយឡែក ហើយតាមដាន ពិនិត្យ និងស្វែងរកអ្នកដែលត្រូវសង្ស័យថាបានឆ្លងមេរោគពីអ្នកកំពុងជាប់សង្ស័យ។
ពិសេសជាងនេះ ដើម្បីអាចគ្រប់គ្រងមេរោគនេះបាន គេត្រូវការប្រើប្រាស់រាល់ធនធានដែលមានក្នុងសង្គម ដោយមិនត្រឹមតែក្រុមវេជ្ជបណ្ឌិតជាន់ខ្ពស់ ឬបុគ្គលិកសុខាភិបាលជាន់ទាបនៅជួរមុខនោះទេ ប៉ុន្តែក៏ត្រូវតែមានការចូលរួមពីបណ្ដាបុគ្គលិកនានាក្នុងសង្គម និងកម្លាំងជួរក្រោយផងដែរ។
លោក Du បានសង្កត់ធ្ងន់ថា “យើងត្រូវការសាមគ្គីភាព និងជួយគ្នាទៅវិញទៅមក ចាប់ពីវេជ្ជបណ្ឌិត នគរបាល រហូតដល់អ្នកដឹកជញ្ជូន។ល។ នោះគឺជាវិធីតែមួយគត់ដើម្បីគ្រប់គ្រងរោគរាតត្បាត ដែលមិនត្រឹមតែនៅប្រទេសចិននោះទេ តែសម្រាប់ទូទាំងពិភពលោកផងដែរ។ នេះបើតាម SCMP។
វេជ្ជណ្ឌិត Li Hichao មកពីមន្ទីពេទ្យលេខ1នៃមហាវិទ្យាល័យប៉េងកាំង បានឱ្យដឹងថា ការបង្កើតឡើងនូវយន្តការមួយដើម្បីចែករំលែកចំណេះដឹង និងបទពិសោធដល់សាធារណជន គឺជាវិធីល្អមួយដើម្បីរួមចំណែកក្នុងការដោះស្រាយចំពោះករណីអ្នកជំងឺមានសភាពធ្ងន់ធ្ងរ ឬកំពុងប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិត។
លោក Li Hichao បានបញ្ជាក់ថា “Covid-19 គឺជាជំងឺថ្មី។ ដូច្នេះ យើងបានបង្កើតឡើងនូវយន្តការពហុវិស័យដើម្បីបញ្ជូនចំណេះដឹង និងចែករំលែកបទពិសោធដល់មនុស្សគ្រប់រូប នៅក្នុងវិស័យផ្សេងៗគ្នា ក្នុងបំណងរាំងខ្ទប់រោគរាតត្បាតនេះ”៕
ប្រភព៖ សារព័ត៌មានបរទេស