10ចំណុចប្រតិបត្តិ ក្នុងការ “បង្ខាំងខ្លួនឯង” 14ថ្ងៃ ដើម្បីពិនិត្យរកមេរោគ COVID-19 សម្រាប់ដែលអ្នកធ្វើដំណើរត្រឡប់មកពីបរទេស ដែលគ្រូពេទ្យជំនាញតម្រូវឱ្យអនុវត្តនោះ ក្រៅពីការពាក់ម៉ាស់អនាម័យការពារការឆ្លងមេរោគហើយ ការ “ថើប” ក៏ជាចំណុចមួយដែលត្រូវប្រយ័ត្នដែរ ព្រោះអាចចម្លងមេរោគកំណាចនេះបានដូចគ្នា។
ដូចយើងបានដឹងច្បាស់ហើយថា មេរោគ COVID-19 អាចចម្លងគ្នាបានតាម 2ករណីៈ តាមរយៈលម្អង Droplets ដូចជាការក្អក ឬកណ្ដាស់ដាក់គ្នាក្នុងចម្ងាយ 1ម៉ែត្រ និងដៃប៉ះពាល់គ្នា (Contact)និងការប៉ះពាល់វត្ថុផ្សេងៗដែលប្រឡាក់លម្អងទឹកដែលចេញពីទឹកសម្បោរ ទឹកមាត់ដែលជាប់នៅលើវត្ថុផ្សេងៗក្នុងទីសាធារណៈ ដូចជា តុ កៅអី បង្កាន់ដៃជណ្ដើរ ប៊ុតុងចុចជណ្ដើរយន្ត-ល- រួចហើយយកដៃមកប៉ះមាត់ ច្រមុះ ភ្នែក និងក្រៅពីនេះ ការសម្ដែងសេចក្ដីស្រឡាញ់រវាងគូស្នេហ៍ដោយការ “ថើប” ក៏បង្កឱ្យមានភាពប្រថុយប្រថានក្នុងឆ្លងមេរោគ COVID-19 បានដូចគ្នា។
10ចំណុចប្រតិបត្តិ ក្នុងការ “បង្ខាំងខ្លួនឯង” 14ថ្ងៃៈ
1. នៅក្នុងផ្ទះ, រាយការណ៍ទៅអាជ្ញាធរពេលមានអាការខុសប្រក្រតីខាងសុខភាព និងកំណត់ចំនួនអ្នកមកសួរសុខទុក្ខ ឬមកលេង។
2. ពាក់ម៉ាស់អនាម័យការពារគ្រប់ពេលវេលា។
3. បិទគម្របបង្គន់មុនចុចទឹកបង្ហូរគ្រប់ពេល ដើម្បីកាត់បន្ថយការខ្ទាតសាយភាយរបស់មេរោគវីរុស។
4. ក្អក និងកណ្ដាស់ដោយការខ្ទប់មាត់នឹងក្រដាសអនាម័យ។
5. រួចលាងដៃដោយទឹក និងសាប៊ូ ឬជេលលាងសម្អាតដៃ ឬទឹកអាល់កុល75% បន្ទាប់ពីបោះក្រដាសអនាម័យនោះចោល។
6. បើកបង្អួច ដើម្បីឱ្យខ្យល់អាកាសបក់ចេញ-ចូលបានល្អ។
7. ផ្អាក ឬតមការទទួលទានអាហាររួមជាមួយអ្នកដទៃ និងចែករបស់ប្រើប្រាស់ផ្ទាល់ខ្លួនដោយឡែក។
8. លាងសម្អាតចានដោយទឹកសាប៊ូលាងចាន មុនពេលប្រើជានិច្ច។
9. ឈរឆ្ងាយពីអ្នកដទៃចម្ងាយជាង 1ម៉ែត្រ។
10. បើសិនត្រូវចេញពីផ្ទះ ហាមប្រើ(ជិះ)រថយន្តដឹកជញ្ជូនសាធារណៈជាដាច់ខាត។
ក្រៅពីនេះ មានរឿងមួយដែលសំខាន់ ដែលត្រូវប្រុងប្រយ័ត្ន ខណៈពេលបង្ខាំងខ្លួនឯងដើម្បីពិនិត្យរកមេរោគ ដែលអ្នកខ្លះអាចនឹងភ្លេចខ្លួន ឬនឹកមិនដល់នោះ គឺ “ការថើប”។
“ការបង្ខាំងខ្លួន 14ថ្ងៃ អាចហៅបានថាជា ជនត្រូវបានសង្ស័យ គ្មានអាការឈឺថ្កាត់ តែមានឱកាសអាចមានផ្ទុកមេរោគ ដូច្នេះដើម្បីការមិនប្រហែស សូមពាក់ម៉ាស់កាពារនៅក្នុងផ្ទះ លាងដៃឱ្យស្អាត ចែករបស់ប្រើប្រាស់ដោយឡែក គួរទទួលអាហារដោយឡែកពីគ្នា មិនប្រឡូកប្រឡែងជាមួយអ្នកដទៃ ផ្អាកការចូលរួមក្នុងសង្គម ផ្អាកទៅសាលារៀន ផ្អាកទៅធ្វើការ និងសូមណែនាំឱ្យចៀសវាងពីការថើប ទោះជាថើបកូន ថើបចៅ ឬថើបក្មេងៗក៏ដោយ” លោកគ្រូពេទ្យជំនាញណែនាំ៕
ប្រភព៖ សារព័ត៌មានបរទេស