សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍នៅក្នុងពិធីបិទសន្និបាតក្រសួងសុខាភិបាលលើកទី41 នៅពេលថ្មីៗនេះថា ការស្វាគមន៍ដោយការសំពះជាវិធីល្អមួយជំនួសឱ្យការចាប់ដៃដើម្បីចៀសវាងពីការឆ្លងមេរោគ Covid-19។
សម្តេចមានប្រសាសន៍ថា ថ្មីៗនេះមានសាស្ត្រាចារ្យមួយរូបបានសរសេរថា ការចាប់ដៃគ្នាអាចបណ្តាលឱ្យឆ្លងមេរោគ Covid-19 ហេតុនេះយើងអាចស្វាគមន៍ដោយការប្រើប្រាស់វិធីផ្សេង ដូចជាការក្តាប់ដៃទល់ដៃគ្នា ឬសញ្ញាផ្សេងៗទៀតជំនួសឱ្យការចាប់ដៃ។ សម្រាប់ខ្មែរយើង ការសំពះជាវិធីស្វាគមន៍ដ៏ល្អបំផុតដោយមិនចាំបាច់ប៉ះដៃគ្នា ហើយក៏ជាវិធីយ៉ាងល្អក្នុងការការពារពីការឆ្លងមេរោគ Covid-19 នេះដែរ។ ហេតុនេះនៅពេលជួបគ្នាយើងអាចសំពះបាន ហើយកុំមានអារម្មណ៍ថា គេមិនសូវរាក់ទាក់ ឬស្និទ្ធស្នាលនៅពេលគេមិនចាប់ដៃ ហើយសំពះ ព្រោះការសំពះនេះជាវិធីស្វាគមន៍ និងរាក់ទាក់របស់ខ្មែរយើង។
ចំពោះបញ្ហាម៉ាស់វិញ សម្តេចបានលើកឡើងថា ប្រទេសណាក៏ខ្វះម៉ាស់ដែរ ព្រោះអាយុរបស់ម៉ាស់នេះអាចប្រើប្រាស់បានតែ 1ថ្ងៃប៉ុណ្ណោះ បើប្រើលើសពីនេះ ជំងឺនឹងឆ្លងពីម៉ាស់នោះវិញតែម្តង។ ចំពោះខ្មែរ ការប្រើក្រមាអាចជាវិធីល្អមួយផងដែរ ក្នុងការការពារខ្លួនពីបញ្ហានេះ ព្រោះក្រមាអាចការពារបាន និងអាចប្រើប្រាស់បានច្រើនដង។ សម្តេចមានប្រសាសន៍ថា ម៉ាស់មិនអាចបោកទឹកប្រើប្រាស់ឡើងវិញបានទេ តែក្រមាអាចប្រើប្រាស់ផ្លាស់ប្តូរគ្នា ដោយបោក1 យកថ្មី 1ទៀតមកប្រើ ហើយហាលស្ងួតយកមកប្រើវិញបានទៀត។ ចំណុចនេះអាចនឹងធ្វើឱ្យក្រមាខ្មែរយើង ឡើងថ្លៃថែមទៀតផង។ ចំណុចនេះអាចជាមធ្យោបាយមួយដែរ ក្នុងការដោះស្រាយបញ្ហាប្រសិនបើប៉ះម៉ាស់៕