បន្ទាប់ពី ហុងកុង សិង្ហបុរី និងជប៉ុន ពេលនេះដល់វេនអូស្ត្រាលីវិញម្ដង ដែលបានឃើញទិដ្ឋភាពក្រដាសអនាម័យក្នុងផ្សារទំនើប ត្រូវបានគេដណ្ដើមគ្នាទិញអស់ពីផ្សារ និងឃ្លាំង ហើយថែមទាំងមានការដាក់លក់ក្នុងតម្លៃថ្លៃកប់ពពកនៅលើផ្សារអនឡាញ។
ជំនួសឱ្យល្បៀងអាហារ ប្រជាជនអូស្ត្រាលីបែរជានាំគ្នាសម្រុកទៅទិញក្រដាសអនាម័យទៅវិញ។ អ្នកលេងបណ្ដាញសង្គមមានការភ្ញាក់ផ្អើលខ្លាំងដោយសាររូបភាពបង្ហាញអំពីការប្រមូលទិញក្រដាសអនាម័យ និងតម្លៃរបស់វាលោតឡើងខ្ពស់មិនគួរឱ្យជឿ។
Patrick Wright ដែលជាអ្នកយកព័ត៌មានរបស់ ABC Life បានថ្លែងនៅពេលបានឃើញទិដ្ឋភាពនេះថា “នេះគឺជាអ្វីដែលខ្ញុំមិនធ្លាប់ឃើញពីមុនមក ហើយសូម្បីតែខ្ញុំគិតថា ខ្លួនឯងជាមនុស្សមានហេតុផល ក៏វានៅតែធ្វើឱ្យខ្ញុំភ្ញាក់ផ្អើល”។
អ្នកជំនួញលើផ្សារអនឡាញមួយចំនួន បានព្យាយាមឆក់យកឱកាសនេះដើម្បីស្វែងរកចំណេញ។ ទំព័រ News របស់អូស្ត្រាលី បានចេញផ្សាយថា មានករណីខ្លះបានដាក់លក់ក្រដាស់អនាម័យក្នុងតម្លៃខ្ពស់ ដូចជា 24ដុល្លារអូស្តាលីសម្រាប់1ប្រអប់ដែលមានក្រដាស3ជាន់ចំនួន24ដុំ។ ជាងនេះ នៅលើ Facebook គេក៏បានឃើញមានគេដាក់លក់ក្រដាស1ដុំដែលមានតម្លៃ1,000ដុល្លារអូស្ត្រាលីទៀតផង។
នៅពេលបញ្ហាខាងលើបានកើតឡើង មនុស្សជាច្រើនបានសួរខ្លួនឯងថា ហេតុអ្វីត្រូវសម្រុកទិញក្រដាសអនាម័យខណៈដែលអាហារវាសំខាន់ជាង ក្នុងរដូវ Covid-19?
Gary Mortimer ដែលជាអ្នកជំនាញខាងលក់រាយ និងជាសាស្ត្រាចារ្យនៅមហាវិទ្យាល័យបច្ចេកវិទ្យា Queensland (QUT) បានឱ្យដឹងថា “មូលហេតុដែលនាំឱ្យផ្សារនានា “លក់ដាច់អស់” ក្រដាស់អនាម័យ គឺដោយសារផលិតផលនេះមិនសូវមានច្រើនក្នុងឃ្លាំងរបស់ផ្សារទាំងនោះ។
មូលហេតុដែលផ្សារនានាមិនស្តុកទុកក្រដាសអនាម័យច្រើន ព្រោះតែវាស្រាល និងមានសំពីងសំពោងពេក ពិបាករកកន្លែងដាក់។ នេះមានន័យថា ពួកគេអាចដាក់បានត្រឹមតែពី100-250ដុំប៉ុណ្ណោះ នៅលើធ្នើរទំនិញ។ ពួកគេស្តុកទំនិញនេះតិចតួចប៉ុណ្ណោះនៅក្នុងឃ្លាំង ព្រោះដើម្បីមានកន្លែងច្រើនសម្រាប់ដាក់ទំនិញផ្សេង។
បណ្ឌិត Mortimer ថ្លែងថា “ជាធម្មតាមានអ្នកទិញតិចតួច ហើយស្រាប់តែមានអ្នកទិញច្រើនក្នុងពេលដ៏ខ្លីបែបនេះ គឺគេពិបាកនឹងធ្វើឱ្យធ្នើរដាក់ក្រដាសអនាម័យនៅពេញជានិច្ចខ្លាំងណាស់”។
សាស្ត្រាចារ្យ Jana Bowden មកពីមហាវិទ្យាល័យ Macquarie បានថ្លែងថា “អារម្មណ៍ភ័យខ្លាចនៅពេលបានស្ដាប់ព័ត៌មានដែលនិយាយអំពីការខ្វះខាតទំនិញក្រដាស់អនាម័យនៅសិង្ហបុរី ហុងកុង និងជប៉ុន ធ្វើឱ្យមនុស្សម្នាក់ៗនាំគ្នាទៅរកទិញទំនិញនេះ”។
11 ក្នុងចំណោមយីហោក្រដាសអនាម័យធំបំផុតទាំង 14 របស់អូស្ត្រាលី គឺត្រូវបានផលិតក្នុងស្រុក។ វត្ថុធាតុដើម ត្រូវបាននាំចូលពីប្រទេសផ្សេងៗ ដូចជាប្រេស៊ីលជាដើម។
សាស្ត្រាចារ្យ Bowden បន្ថែមថា “ក្រដាសអនាម័យស្ទើរតែទាំងអស់របស់អូស្ត្រាលី សុទ្ធតែត្រូវបានផលិតនៅភាគខាងត្បូងប្រទេសនេះ ហើយបើសិនមិនមែនទិញដើម្បីស្តុកទុកក្នុងឃ្លាំងនោះទេ យើងនឹងមិនមានបញ្ហាអ្វីនោះឡើយ ទាក់ទិននឹងការផលិតក្រដាសអនាម័យនេះ”៕
ប្រភព៖ សារព័ត៌មានបរទេស