ខេត្តហុកកៃដូ ប្រទេសជប៉ុន កំពុងត្រូវវីរុសកូរ៉ូណាប្រភេទថ្មីរុករានរាតត្បាតយ៉ាងធ្ងន់ធ្ងរ រហូតដល់ត្រូវប្រកាសសភាវអាសន្ន សុំឱ្យប្រជាជនស្ថិតនៅតែក្នុងផ្ទះរយៈពេល 2សប្ដាហ៍…តែគ្រាន់តែមានសេចក្ដីប្រកាសនេះភ្លាម បណ្ដានារីៗទាំងនៅក្នុងប្រទេសជប៉ុន និងក្នុងប្រទេសជាច្រើនទៀត បែរជាផ្ដល់ចំណាប់អារម្មណ៍ទៅលើលោកអភិបាលខេត្តរូបសង្ហា ដែលមានឈ្មោះថា “ណាអូមិជិ ស៊ូស៊ិគិ” នេះទៅវិញ។
ណាអូមិជិ ស៊ូស៊ិគិ 鈴木 直道 អាយុ 38ឆ្នាំ ជាអភិបាលខេត្តដែលមានអាយុតិចបំផុតនៅក្នុងប្រទេសជប៉ុន ទើបនឹងទទួលតំណែងថ្មីៗ កាលពីខែមេសា ឆ្នាំទៅ។ ក្រៅពីត្រូវបានដាក់រហស្សនាមឱ្យថា ជា “អភិបាលខេត្តរូបសង្ហា” ហើយ រូបគេថែមទាំងជាបុរសម្នាក់ដែលពូកែទាំងខាងទន់ភ្លន់ និងមាំមួនម៉ឺងម៉ាត់ផងដែរ គឺទាំងជាអ្នកជំនាញការខាងផ្នែកគ្រប់គ្រងកិច្ចការរាជការ និងជាកីឡាករដែលធ្លាប់បានចូលរួមប្រកួតក្នុងកម្រិតប្រទេសទៀតផង។
ណាអូមិជិ ស៊ូស៊ិគិ ជាអ្នកខេត្ត សៃតាម៉ៈ ជីវិតក្នុងវ័យកុមារហាក់ដូចជាក្រខ្សត់ និងអត្តខាត់ ព្រោះត្រូវរស់នៅជាមួយម្ដាយដែលលែងលះគ្នាជាមួយឪពុក។ គេរៀនរហូតដល់កម្រិតមធ្យមសិក្សា ក៏លែងអាចរៀនបន្តក្នុងកម្រិតមហាវិទ្យាល័យទៀតបាន ព្រោះមានបញ្ហារឿងហិរញ្ញវត្ថុរបស់គ្រួសារ ហើយត្រូវចេញមកធ្វើការចិញ្ចឹមខ្លួនឯង។ ពេលអាយុបាន 18ឆ្នាំ គេប្រឡងជាប់ក្នុងការប្រឡងជ្រើសរើសមន្ត្រីរាជការរបស់សាលាក្រុងតូក្យូ និងបន្ទាប់ពីធ្វើការបាន 1ឆ្នាំ រូបគេក៏មានឱកាសបានសិក្សាបន្តនៅមហាវិទ្យាល័យ ហូហ្សេ និងបញ្ចប់ការសិក្សាផ្នែកនីតិសាស្ត្រ។
ក្នុងអំឡុងពេលកំពុងរៀននៅមហាវិទ្យាល័យ គេបានធ្វើជាប្រធានជំរំអ្នកប្រដាល់ និងធ្លាប់បានចូលរួមប្រកួតកីឡាប្រដាល់កម្រិតជាតិ នៅឆ្នាំ2002 ទៀតផង។ ការងារនៅសាលាក្រុងតូក្យូ គេស្ថិតនៅក្នុងស្ថាប័នសាធារណៈសុខាភិបាល មើលការងារផ្នែកសុខភាព និងសុវត្ថិភាពរបស់ប្រជាជន និងត្រឹមតែជាមន្ត្រីរាជការធម្មតាៗម្នាក់ប៉ុណ្ណោះ។
ចំណុចផ្លាស់ប្ដូរនៅក្នុងជីវិតរបស់ ស៊ូស៊ិគិ បានកើតឡើងនៅពេលដែលគេត្រូវបានបញ្ជូនឱ្យទៅធ្វើការនៅទីក្រុងយូបារិ ខេត្តហុកកៃដូ នៅឆ្នាំ2008។ ក្រុងយូបារិ នៅខណៈពេលនោះ កំពុងស្ថិតក្នុងសភាវដួលរលំ ប្រជាជនក្នុងតំបន់មានបំណុលវ័ណ្ឌក ត្រូវសុំថវិកាពីរដ្ឋបាលកណ្ដាល ត្រូវកាត់បន្ថយមន្ត្រីរាជការពាក់កណ្ដាល និងត្រូវបញ្ជូនមន្ត្រីពីទីក្រុងតូក្យូទៅជួយការងារនៅទីនោះ។
ស្ថានការណ៍នៅយូបារិធ្ងន់ធ្ងរខ្លាំងជាងអ្វីដែលមន្ត្រីរាជការម្នាក់នឹងអាចដំណើរការទៅបាន តែ ស៊ូស៊ិគិ បែរជាក្លាយជាមនុស្សជាទីស្រឡាញ់របស់ប្រជាជននៅទីនោះយ៉ាងខ្លាំងទៅវិញ។ នៅថ្ងៃដែលរូបគេ ត្រូវត្រឡប់ទៅទីក្រុងតូក្យូវិញ ប្រជាជនហុកកៃដូចំនួនដ៏ច្រើនបានមករង់ចាំជូនដំណើររូបគេដោយក្ដីអាឡោះអាល័យ។ សម្ព័ន្ធភាពដ៏ល្អដែលមានជាមួយហុកកៃដូ បានធ្វើឱ្យគេសម្រេចចិត្តក្នុងគ្រាសំខាន់មួយ ដោយការសុំឈប់ពីការងាររាជការនៅសាលាក្រុងតូក្យូ ទៅចុះឈ្មោះធ្វើជាបេក្ខភាពក្នុងការបោះឆ្នោតជ្រើសរើសអភិបាលក្រុងយូបារិ ដោយធ្វើជាបេក្ខជនឥស្សរៈ(មិនចំណុះគណបក្សណាមួយ) តែបានទទួលការគាំទ្រពីគណបក្សរួមក្នុងរដ្ឋាភិបាល។ ស៊ូស៊ិគិបានទទួលការជ្រើសតាំងដោយអាយុត្រឹមតែ 30ឆ្នាំ ជាអភិបាលក្រុងដែលមានអាយុតិចបំផុតក្នុងប្រទេសជប៉ុន។
ស្ដារវិបត្តិទីក្រុងដួលរលំ ពង្រឹងសេដ្ឋកិច្ចដោយផ្លែឪឡឹក
ការបានធ្វើជាអភិបាលក្រុងនៅក្នុងតំបន់ដែលកំពុងដួលរលំ មិនមែនជាការងារដែលគួរឱ្យបេតីប៉ុន្មានឡើយ…យូបារិ ធ្លាប់ជាតំបន់ដែលផលិតធ្យូងថ្ម ធ្លាប់មានប្រជាជនច្រើនដល់ទៅ 120,000នាក់ តែនៅពេលរ៉ែធ្យូងថ្មបញ្ឈប់ការផលិត ធ្វើឱ្យទាំងប្រាក់ចំណូល និងចំនួនប្រជាជនរបស់ក្រុងមួយនេះ ថយចុះយ៉ាងច្រើនមហាសាល នៅសល់តែមនុស្សចាស់ជរា។ មានការវាយតម្លៃថា ត្រូវប្រើពេលវេលាយូរដល់ទៅ 18ឆ្នាំ ទើបអាចជម្រះបំណុលរបស់រដ្ឋបាលទីក្រុងនេះបានអស់។
ស៊ូស៊ិគិ ធ្វើការយ៉ាងធ្ងន់ធ្ងរ ដើម្បីកាត់បន្ថយការចំណាយ និងរៀបផែនការស្ដារទីក្រុងឡើងវិញ ដោយប្រើប្រយោជន៍ពីសាលារៀន និងបន្ទប់ស្នាក់នៅរបស់បុគ្គលិកក្រុមហ៊ុនធ្យូងថ្មដែលបានបោះបង់ចោល និងប្ដូរពីការពឹងអាស្រ័យតែលើធ្យូងថ្ម មកជាការអភិវឌ្ឍថាមពលវិលជុំវិញ។
គេថែមទាំងបានគិតក្នុងការប្រើ “ឪឡឹកយូបារិ” ដែលមានរសជាតិផ្អែមឆ្ងាញ់ និងមានក្លិនក្រអូបឈ្ងុយ ធ្វើជានិមិត្តសញ្ញាដើម្បីស្ដារសេដ្ឋកិច្ច ដោយបានធ្វើការប្រូម៉ូតផ្លែឪឡឹកយូបារិ រហូតក្លាយជាផ្លែឈើដ៏ល្បីឈ្មោះរបស់ប្រទេសជប៉ុន។ ស៊ូស៊ិគិ ថែមទាំងបានប្រូម៉ូតនៅក្រៅប្រទេសទៀតផងដោយបាននាំយកផ្លែឪឡឹកយូបារិចំនួន 50ផ្លែ ទៅថ្វាយសមាជិករាជវង្ស និងរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសកាតារ រហូតប្រទេសកាតារបញ្ជាឱ្យនាំចូលលែឪឡឹកយូបារិនៅឆ្នាំបន្ទាប់មកទៀតផង។ តែការធ្វើដំណើរទៅប្រទេសកាតារក្នុងគ្រានោះ គេត្រូវចំណាយប្រាក់ដោយខ្លួនឯងទាំងអស់ ទាំងសំបុត្រយន្តហោះ និងកន្លែងស្នាក់នៅខ្ពស់រហូតដល់ 300,000យេន ទាំងប្រាក់ខែរបស់អភិបាលទីក្រុងយូបារិ មានត្រឹមតែ 260,000យេនប៉ុណ្ណោះ។ ជាអភិបាលក្រុងដែលមានប្រាក់ខែតិចបំផុតនៅប្រទេសជប៉ុន តិចជាងបុគ្គលិករបស់ក្រុមហ៊ុនមួយចំនួនទៀតផង។
ក្នុងអំឡុងពេលដែលរូបគេធ្វើជាអភិបាលក្រុង 10ឆ្នាំ បន្ទាប់ពីក្រុងយូបារិដួលរលំ រដ្ឋបាលទីក្រុងមួយនេះ អាចជម្រះបំណុលបានច្រើនជាង 1ភាគ3។ ស៊ូស៊ិគិ បានទទួលនូវការជឿទុកចិត្តពីប្រជាជនក្នុងតំបន់ បោះឆ្នោតឱ្យធ្វើជាអភិបាលក្រុង 2សម័យកាលជាប់ៗគ្នា។ គេបានចែករំលែកបទពិសោធនៃការស្ដារទីក្រុងមួយនេះឡើងវិញនៅក្នុងសៀវភៅ 1ក្បាលដែលមានឈ្មោះថា “មិនធ្វើអ្វីសោះ ស្មើនឹងសូន្យ”។
ខែមករា ឆ្នាំ2019 ណាអូមិជី ស៊ូស៊ិគិ បានសម្រេចចិត្តក្នុងគ្រាសំខាន់ម្ដងទៀត ដោយការប្រកាសចុះឈ្មោះជាបេក្ខភាពក្នុងការបោះឆ្នោតជ្រើសរើសអភិបាលខេត្តហុកកៃដូ ក្នុងនាមជាបេក្ខជនឥស្សរៈ តែបានទទួលការគាំទ្រពីបក្សរួមរដ្ឋាភិបាលដូចកាលពិមុនដែរ។ គេទទួលបានជោគជ័យ បានទទួលការជ្រើសតាំងឱ្យក្លាយជាអភិបាលខេត្ត ដែលមានអាយុតិចបំផុតនៅក្នុងប្រទេស និងថែមទាំងជាលើកដំបូងទៀតផង ដែលបេក្ខជនមកពីខាងរដ្ឋាភិបាលបានយកឈ្នះនៅក្នុងខេត្តហុកកៃដូ មណ្ឌលបោះឆ្នោតដែលបក្សប្រឆាំងគ្រប់គ្រងមករហូត។
ឯរឿងជីវិតផ្ទាល់ខ្លួនវិញ(នារីៗទាំងឡាយ អាចនឹងខកចិត្ត) ណាអូមិជិ ស៊ូស៊ិគិ អភិបាលខេត្តរូបសង្ហា រៀបអាពាហ៍ពិពាហ៍រួចហើយ ជាមួយ ម៉ាណាមិ ថាម៉ាគិ កាលពីខែឧសភា 2011។ ទាំង 2នាក់សេពគប់គ្នាយូរដល់ទៅ 6ឆ្នាំ និងរស់នៅជាមួយគ្នាយូរដល់ទៅ 9ឆ្នាំ ពុះពារឆ្លងកាត់ក្ដីលំបាកលំបិន ទាំងរឿងក្នុងគ្រួសារ និងកិច្ចការរដ្ឋ…។ សូមកុំភ្លេចតាមដានរឿងរ៉ាវស្នេហារបស់ពួកគេទាំង2 នៅក្នុងវគ្គបន្ត…។
ប្រភព៖ សារព័ត៌មានបរទេស