វីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19 បានប្រហារជីវិតបន្ថែមទៀត 77នាក់នៅក្នុងប្រទេសអ៊ីរ៉ង់។ អាជ្ញាធរបានបង្ហើបឱ្យដឹងនៅថ្ងៃអង្គារ(ទី3មីនា) ខណៈដែលអគ្គនាយកមជ្ឈមណ្ឌលគ្រាអាសន្ននៃប្រទេសអ៊ីរ៉ង់ បានក្លាយជាមន្ត្រីលំដាប់ខ្ពស់ក្រោយគេបំផុតដែលឆ្លងមេរោគមរណៈមួយនេះ។ នេះបើតាមរបាយការណ៍ព័ត៌មានរបស់AFP។
អ៊ីរ៉ង់កំពុងប្រវេប្រវាក្នុងការទប់ស្កាត់ការឆ្លងរាលដាលរបស់វីរុស COVID-19 ដែលកំពុងឆ្លងរាតត្បាតយ៉ាងឆាប់រហ័ស ដោយបានកំណត់វិធានការផ្សេងៗជាច្រើន ទាំងបិទសាលារៀន និងមហាវិទ្យាល័យ រួមទាំងផ្អាករាល់កិច្ចការងារខាងផ្នែកវប្បធម៌ និងកីឡាសំខាន់ៗ ព្រមទាំងកែសម្រួលម៉ោងពេលធ្វើការទៀតផង។
នៅថ្ងៃអង្គារ(ទី3មីនា) អ៊ីរ៉ង់បានថ្លែងអំពីការរកឃើញអ្នកស្លាប់បន្ថែមទៀត 11នាក់ និងរកឃើញអ្នកឆ្លងមេរោគថ្មីទៀត 835នាក់ ដែលអាចរាប់បានថា ជាថ្ងៃដែលកើនឡើងច្រើនបំផុត រាប់ចាប់ពីមេរោគចាប់ផ្ដើមឆ្លងរាលដាលចូលមកក្នុងប្រទេសមួយនេះកាលពីជិត 2សប្ដាហ៍មុន។
“តាមរយៈព័ត៌មានចុងក្រោយបំផុត មានអ្នកជំងឺថ្មីកើនឡើង 835នាក់” លោក អាលីរេហ្សា រ៉ៃហ្ស៊ី រដ្ឋមន្ត្រីស្ដីទីក្រសួងសុខាភិបាលនៃប្រទេសអ៊ីរ៉ង់ថ្លែង “ជាគ្រោះដ៏សែនអាក្រក់ យើងមានអ្នកស្លាប់កើនឡើង 11នាក់ និងដោយចំនួននេះ ធ្វើឱ្យតួលេខអ្នកឆ្លងមេរោគរបស់យើងកើនឡើងដល់ 2,336នាក់ និងស្លាប់សរុប 77នាក់”។
អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រាអាសន្ននៃប្រទេសអ៊ីរ៉ង់ បានបង្ហើបឱ្យដឹងថា លោក ភីហស់ហ្សេន ខូលីវ៉ាន់ អគ្គនាយកមជ្ឈមណ្ឌលគ្រាអាសន្ននៃប្រទេសអ៊ីរ៉ង់ ដែលជាមន្ត្រីលំដាប់ខ្ពស់ គឺជាអ្នកឆ្លងមេរោគ COVID-19 ថ្មីបំផុតនៅក្នុងប្រទេស។
ការអះអាងនេះ បានកើតឡើង 1ថ្ងៃក្រោយពីទីភ្នាក់ងារព័ត៌មាន ថាស្នីម នីវស៍ បានរាយការណ៍ថា វីរុសបានប្រហារជីវិតលោក ម៉ូហាម៉ាដ មីម៉ូហាំម៉ាឌី សមាជិកសភាអ្នកសម្រេចកិច្ចការ ដែលជាទីប្រឹក្សារបស់មេដឹកនាំខ្ពស់បំផុតរបស់អ៊ីរ៉ង់។
មូលហេតុនៃការស្លាប់នេះ មិនទាន់កើតមានឡើងទេ បន្ទាប់ពីលោក ម៉ាហ្ស៊ូមេ អេបតេការ អនុប្រធានាធិបតីផ្នែកកិច្ចការស្ត្រី និងគ្រួសារ និងលោក អ៊ិរ៉ាច ហារីឈី អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលត្រូវបានរកឃើញថា ឆ្លងមេរោគ COVID-19។
អ្នកនាំពាក្យរដ្ឋាភិបាល បានប្រាប់ថា វិធានការបិទសាលារៀនទូទាំងប្រទេសអ៊ីរ៉ង់ ដែលបានប្រកាសកាលពីថ្ងៃសៅរ៍(ទី29កុម្ភៈ) ដោយសារតែការឆ្លងរាលដាលរបស់វីរុស នឹងត្រូវពង្រីកពេលវេលាចេញទៅរហូតដល់ចុងសប្ដាហ៍នេះ បន្ទាប់ពីអ៊ីរ៉ង់ក្លាយជាប្រទេសដែលមានអ្នកស្លាប់ដោយសារ COVID-19 ច្រើនបំផុតនៅក្រៅប្រទេសចិនដែលជាចំណុចចាប់ផ្ដើមនែការឆ្លងរាតត្បាត៕
ប្រភព ៖ សារព័ត៌មានបរទេស