កូរ៉េខាងត្បូងបានប្រកាសថា គិតមកដល់ថ្ងៃទី4មិនានេះ ចំនួនអ្នកជំងឺកូរ៉ូណា Covid-19 នៅក្នុងប្រទេសនេះ បានឡើងដល់ 5,328នាក់។
ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap ដកស្រង់ទិន្នន័យពីមជ្ឈមណ្ឌលទប់ស្កាត់ និងគ្រប់គ្រងរោគកូរ៉េខាងត្បូង បានឱ្យដឹងនាព្រឹកនេះថា ប្រទេសនេះ បានរកឃើញអ្នកជំងឺកូរ៉ូណាថ្មីបន្ថែម 516នាក់ ធ្វើឱ្យចំនួនអ្នកជំងឺសរុបក្នុងប្រទេសនេះ កើនដល់5,328នាក់។
ក្នុងចំណោមករណីឆ្លងថ្មី គឺមាន 405នាក់ជាពលរដ្ឋក្នុងតំបន់ Daegu និង 89នាក់ផ្សេងទៀត នៅក្នុងខេត្ត Geyongsang ខាងជើង ដែលនៅក្បែរតំបន់ Daegu។ ក្រៅពីតំបន់ខាងលើនេះ ក៏មានខេត្ត ក្រុងផ្សេងៗមួយចំនួនទៀត បានរកឃើញអ្នកជំងឺកូរ៉ូណាបន្ថែមផងដែរ។
កូរ៉េខាងត្បូង នាព្រឹកនេះ ក៏បានប្រកាសថា មានអ្នកស្លាប់ដោយសារមេរោគកូរ៉ូណាបន្ថែម4នាក់ ក្នុងនោះភាគច្រើនគឺជាមនុស្សចាស់ និងអ្នកដែលធ្លាប់មានបញ្ហាសុខភាពកន្លងមក។
ប្រមាណជា 60% នៃអ្នកជំងឺ Covid-19 នៅកូរ៉េខាងត្បូង គឺមានជាប់ទាក់ទិននឹងសាខាវិហារសាសនា Shincheonji នៅទីក្រុង Daegu ដែលជាទីក្រុងធំទី4 នៅកូរ៉េខាងត្បូង ដោយមានប្រជាជនសរុប 2,5លាននាក់។
ក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង ថ្ងៃនេះក៏បានស្នើឱ្យទម្លាក់ថវិកាជាតិចំនួន 11,7ពាន់លានវ៉ុន (ប្រមាណជា 9,82ពាន់លានដុល្លារអាមេរិក) ដើម្បីជួយទប់ទល់នឹងរោគរាតត្បាតកូរ៉ូណា និងជួយកាត់បន្ថយឥទ្ធិពលរបស់អាសន្នរោគនេះទៅលើសេដ្ឋកិច្ចជាតិ។ សំណើនេះនឹងត្រូវបានបញ្ជូនទៅកាន់សភាកូរ៉េខាងត្បូងអនុម័តនៅថ្ងៃទី5មីនាខាងមុខ។
រោគរាតត្បាត Covid-19 បានចាប់ផ្ដើមឆ្លងរាលដាលនៅកូរ៉េខាងត្បូង ចាប់ពីចុងខែមករា នៅពេលដែលបានរកឃើញអ្នកជំងឺដំបូងដែលជាស្ត្រីម្នាក់មកពីតំបន់ Wuhan កាលពីថ្ងៃទី 20មករា។ Covid-19 បានឆ្លងរាលដាលខ្លាំងក្នុងអំឡុង2សប្ដាហ៍កន្លងទៅនេះ បណ្ដាលឱ្យកូរ៉េខាងត្បូង ក្លាយជាសម្បុកមេរោគកូរ៉ូណាធំបំផុតក្នុងពិភពលោក បន្ទាប់ពីប្រទេសចិន៕
ប្រភព៖ សារព័ត៌មានបរទេស