យោងតាមស្ថិតិរបស់អង្គការសុខភាពពិភពលោក (WHO) ឱ្យដឹងថា ចំនួនអ្នកឆ្លងមេរោគកូរ៉ូណានៅខាងក្រៅប្រទេសចិន បានកើនលើសពី 10,000នាក់ទៅហើយ គិតត្រឹមថ្ងៃទី3មីនា។
របាយការណ៍របស់អង្គការសុខភាពពិភពលោក បានបង្ហាញថា គិតត្រឹមថ្ងៃទី3មីនា មានអ្នកផ្ទុកមេរោគកូរ៉ូណា Covid-19 យ៉ាងហោចណាស់ 10.566 នាក់ នៅក្នុងប្រទេស និងដែនដីចំនួន72 នៅខាងក្រៅប្រទេសចិន ក្នុងនោះយ៉ាងតិច 1,792នាក់គឺជាអ្នកជំងឺថ្មី ដែលបានឆ្លងត្រឹមរយៈពេល24ម៉ោងចុងក្រោយនេះ។
នៅក្នុងអំឡុងពេល WHO ស្រង់ស្ថិតិ ចំនួនអ្នកស្លាប់ដោយសារ Covid-19 នៅខាងក្រៅប្រទេសចិន បានកើនដល់166ករណី ក្នុងនោះមានអ្នកស្លាប់យ៉ាងតិច 37ករណីក្នុងរយៈពេលត្រឹមតែ24ម៉ោងចុងក្រោយនេះ។
របាយការណ៍របស់ WHO បានឱ្យដឹងថា “8ប្រទេសថ្មីទៀត ដូចជា អង់ដូរ៉ា ហ្ស៊កដានី ឡាតវី ម៉ារ៉ុក ព័រទុយហ្កាល់ អារ៉ាប់ប៊ីសាអ៊ូឌីត សេណេហ្គាល់ និង ទុយនីស៊ី បានប្រកាសថា មានករណីឆ្លងថ្មីក្នុងអំឡុង24ម៉ោងកន្លងទៅនេះផងដែរ”។
គិតមកដល់បច្ចុប្បន្ន នៅប្រទេសចិន(ចិនដីគោក) ចំនួនអ្នកបានឆ្លងមេរោគកូរ៉ូណា បានកើនឡើងដល់ជាង 80,304នាក់ ខណៈចំនួនអ្នកស្លាប់គឺ 2,946នាក់។ ចំនួនអ្នកបានឆ្លងមេរោគនេះនៅទូទាំងពិភពលោក បានកើនដល់ជាង 92,861នាក់ គិតមកដល់ពេលនេះ។
ក្រៅពីប្រទេសចិន ប្រទេសចំនួន3ផ្សេងទៀត រួមមានកូរ៉េខាងត្បូង អ៊ីតាលី និងអ៊ីរ៉ង់ ក៏បានក្លាយជាសម្បុកមេរោគ Covid-19 ធំជាងគេក្នុងពិភពលោក៕
ប្រភព៖ សារព័ត៌មានបរទេស