លោក Mei Zhongming អាយុ57ឆ្នាំ ជាវេជ្ជបណ្ឌិតម្នាក់ដែលជាថ្នាក់លើរបស់សពលោកវេជ្ជបណ្ឌិត Li Wenliang (ដែលបានស្លាប់ដោយសារមេរោគកូរ៉ូណាកាលពីខែមុន) ក៏បានបាត់បង់ជីវិតដោយសារមេរោគដ៏កាចសាហាវនេះដែរ កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី3មិនានេះ។
វេជ្ជបណ្ឌិត Mei Zhongming អនុប្រធានផ្នែកជំងឺភ្នែកនៅមន្ទីរពេទ្យមជ្ឈិមក្រុងអ៊ូហាន (Wuhan Central Hospital) គឺជាថ្នាក់លើរបស់សពលោកវេជ្ជបណ្ឌិត Li Wenliang ដែលបានស្លាប់ដោយសារមេរោគកូរ៉ូណាកាលពីខែកុម្ភៈ។ វេជ្ជបណ្ឌិត Mei បានឆ្លងមេរោគកូរ៉ូណានេះ នៅពេលលោកកំពុងប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតនេះ ហើយលោកបានស្លាប់នៅក្នុងមន្ទីរពេទ្យ Jinyintan Hospital ជាកន្លែងដែលលោកបានសម្រាកព្យាបាលជំងឺ។
លោកវេជ្ជបណ្ឌិតទាំង2អ្នកខាងលើនេះ គឺជាមនុស្សដែលធ្លាប់បញ្ចេញព័ត៌មានដំបូងទាក់ទិននឹងមេរោគកូរ៉ូណា។ ប៉ុន្តែ ពេលនោះគ្មានអ្នកណាជឿរឿងនេះ មិនត្រឹមតែប៉ុណ្ណោះ វេជ្ជបណ្ឌិត Li Wenliang ដែលជាថ្នាក់ក្រោមរបស់វេជ្ជបណ្ឌិត Men Zhongming ថែមទាំងត្រូវនគរបាលហៅទៅសួរនាំ និងបង្ខំឱ្យចុះហត្ថលេខាលើកំណត់ហេតុមួយទៀតផង៕
ប្រភព៖ សារព័ត៌មានបរទេស