អង្គការសុខភាពពិភពលោក(WHO) បានបង្កើតគណនី TikTok ផ្លូវការរបស់ខ្លួន ដើម្បីជាផ្នែកមួយក្នុងការទប់ស្កាត់ដំណឹងក្លែងក្លាយទាក់ទិននឹងបញ្ហារោគរាតត្បាត Covid-19 នៅទូទាំងពិភពលោក។
នៅក្នុងវីដេអូដំបូងរបស់ខ្លួននៅលើ TikTok សាស្ត្រាចារ្យ Benedetta Allegranzi អ្នកជំនាញជាន់ខ្ពស់អំពីការទប់ស្កាត់ និងគ្រប់គ្រងជំងឺឆ្លងរបស់អង្គការសុខភាពពិភពលោក(WHO) បានចែករំលែកចំណេះដឹងទាក់ទិននឹងការការពារខ្លួនពីការឆ្លងនៃមេរោគកូរ៉ូណាប្រភេទថ្មីនេះ និងបានណែនាំឱ្យអ្នកប្រើប្រាស់ TikTok ចូលទៅអានព័ត៌មាននៅលើគេហទំព័រផ្លូវការរបស់អង្គការមួយនេះផងដែរ។
WHO សរសេរនៅផ្នែកខាងលើនៃវីដេអូនេះថា “យើងចូលរួមប្រើប្រាស់ TikTok គឺដើម្បីផ្ដល់ជូនមិត្តទាំងអស់នូវដំបូន្មានទាន់ហេតុការណ៍ និងគួរជាទីទុកចិត្ត ស្ដីអំពីសុខភាពសាធារណៈ”។
សូមបញ្ជាក់ថា មុននេះ គេឃើញមានរូបត្លុក “meme” ពាស់ពេញបណ្ដាញសង្គម TikTok ទាក់ទិននឹងរោគរាតត្បាតកូរ៉ូណា Covid-19។ ជាងនេះ គេក៏ឃើញមានអ្នកលេងបណ្ដាញសង្គមខ្លះ ធ្វើដូចជាខ្លួនឯងបានឆ្លងរោគនេះផងដែរ។
ការដែល WHO ចូលរួមលេង TikTok (ដែលជាបណ្ដាញសង្គមចែករំលែងឃ្លីបវីដេអូខ្លីៗ) បែបនេះ អាចជួយឱ្យអ្នកប្រើប្រាស់ទទួលបានព័ត៌មានលឿន និងប្របកដោយភាពត្រឹមត្រូវអំពីរោគរាតត្បាត Covid-19។ គេហទំព័រ MIT Technology Review បានឱ្យដឹងថា WHO រួមនឹងមជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់រោគឆ្លងរបស់សហរដ្ឋអាមេរិក បានចំណាយពេលជាច្រើនសប្ដាហ៍ក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយដែលត្រូវគេចែករំលែងនៅលើ Facebook, Twitter, TikTok រួមនឹងកម្មវិធីរបស់ Tencent។
នៅចំពោះមុខការ “រាតត្បាត” នៃព័ត៌មានក្លែងក្លាយ ក្រុមហ៊ុន Google ក៏បានបង្ហាញព័ត៌មានពី WHO នៅផ្នែកខាងលើនៃលទ្ធផលស្វែងរកព័ត៌មានស្ដីអំពីវីរុសកូរ៉ូណា។ Facebook ក៏បានបន្ថែមការណែនាំឱ្យចូលទៅកាន់គេហទំព័ររបស់អង្គការសុខភាពពិភពលោក នៅលើ New Feeds របស់ម្ចាស់គណនី។ នៅពេលគេស្វែងរកពាក្យគន្លឹះ “virus corona” បណ្ដាញសង្គម Twitter នឹងណែនាំឱ្យចូលអានព័ត៌មានរបស់អង្គការសុខភាពក្នុងតំបន់ និងពិភពលោក។ ចំណែក TikTok វិញ ក៏បានតភ្ជាប់អ្នកប្រើប្រាស់របស់ខ្លួនដែលស្វែងរកព័ត៌មានទាក់ទិននឹងមេរោគកូរ៉ូណា ទៅកាន់គេហទំព័ររបស់អង្គការសុខភាពពិភពលោក(WHO)នេះដែរ។
បណ្ដាញសង្គមទាំងអស់ក្នុងពិភពលោក បានសន្យាថានឹងលុបចោលរាល់ព័ត៌មានក្លែងក្លាយដែលទាក់ទិននឹងរោគរាតត្បាត Covid-19 ដែលដូចទៅនឹងវិធានការទប់ស្កាត់ខ្លឹមសារដែលមាននិន្នាការប្រឆាំងនឹងថ្នាំវ៉ាក់សាំង កាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ។
គេហទំព័រ The Verge បានសរសេរថា “WHO បានបង្ហាញអំពីជំហានរីកចម្រើនមួយនៅពេលប្រកាសព័ត៌មានពិតនៅលើបណ្ដាញសង្គមផ្សេងៗដូច្នេះ”៕
ប្រភព៖ សារព័ត៌មានបរទេស