មេរោគកូរ៉ូណា Covid-19 បានចាប់ផ្ដើមឆ្លងរាលដាលនៅទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន កាលពីខែធ្នូ ឆ្នាំ2019 និងបានឆ្លងរាលដាល់ដល់ស្ទើរគ្រប់ទីកន្លែងក្នុងពិភពលោក បណ្ដាលឱ្យមានអ្នកស្លាប់ជាង 3,117នាក់ និងអ្នកផ្ទុកមេរោគនេះកើនដល់ 90,933នាក់ ក្នុងនោះមានទាំងប្រជាជនសាមញ្ញ មានទាំងអ្នកដឹកនាំមន្ទីរពេទ្យ និងមានទាំងមេដឹកនាំជាន់ខ្ពស់នៃក្រសួង ឬស្ថាប័នរដ្ឋ។ល។
ខាងក្រោមនេះគឺជាថ្នាក់ដឹកនាំមួយចំនួនដែលបានស្លាប់ និងបានឆ្លងវីរុសកូរ៉ូណា Covid-19 ៖
សមាជិកក្រុមប្រឹក្សាផ្ដល់យោបល់នៃប្រទេសអ៊ីរ៉ង់(ស្លាប់)
លោក Seyyed Mohammad Mirmohammadi សមាជិកមួយរូបនៃក្រុមប្រឹក្សាផ្ដល់យោបល់ (Expediency Discernment Council) របស់សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ បានបាត់បង់ជីវិត ដោយសារជំងឺកូរ៉ូណា Covid-19។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកអ៊ីរ៉ង់ Iran Front Page នៅថ្ងៃទី2 ខែមីនា។
មន្ត្រីជាន់ខ្ពស់របស់អ៊ីរ៉ង់អាយុ72ឆ្នាំរូបនេះ បានស្លាប់ នៅឯមន្ទីរពេទ្យ Masih Daneshvari ក្នុងទីក្រុង Tehran ។
លោក Mirmohammadi ត្រូវបានតែងតាំងដោយផ្ទាល់ពីមេដឹកនាំកំពូល Ayatollah Seyyed Ali Khamenei កាលពីឆ្នាំ2017 ជាសមាជិកមួយរូបនៃក្រុមប្រឹក្សាផ្ដល់យោបល់ ដែលមានតួនាទីដោះស្រាយរាល់ការខ្វែងគំនិតគ្នារវាងសភាតំណាងរាស្ត្រ និងក្រុមប្រឹក្សាភិបាលរបស់អ៊ីរ៉ង់។
អនុប្រធានាធិបតីអ៊ីរ៉ង់ ទទួលបន្ទុកកិច្ចការនារី និងគ្រួសារ(បានឆ្លងមេរោគ)
អនុប្រធានាធិបតីអ៊ីរ៉ង់ ទទួលបន្ទុកកិច្ចការនារី និងគ្រួសារ លោកស្រី Masoumeh បានឆ្លងវីរុសកូរ៉ូណា ប៉ុន្តែ គេមិនបានដឹងថា លោកស្រីបានឆ្លងមេរោគនេះនៅពេលណា និងកន្លែងណានោះទេ។
សារព័ត៌មានមួយចំនួនបានចេញផ្សាយថា លោកស្រី Masoumeh ត្រូវបានគេឃើញមានវត្តមាននៅក្នុងកិច្ចប្រជុំមួយជាមួយប្រធានាធិបតីអ៊ីរ៉ង់ និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត នៅមុនពេលលោកស្រីត្រូវគេពិនិត្យឃើញថាមានផ្ទុកមេរោគកូរ៉ូណា។
អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលអ៊ីរ៉ង់(បានឆ្លងមេរោគ)
លោក Iraj Harirchi គឺជាអ្នកនាំមុខគេក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃរោគរាតត្បាតនៃប្រទេសនេះ។
អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលអ៊ីរ៉ង់បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសមួយដែលបានចាក់ផ្សាយនៅលើទូរទស្សន៍ក្នុងស្រុកមួយឱ្យដឹងថា លោក Iraj Harirchi បានឆ្លងមេរោគ និងកំពុងទទួលការព្យាបាល។
តំណាងរាស្ត្រអ៊ីរ៉ង់ មកពីទីក្រុង Astana Ashrafieh(ស្លាប់)
តំណាងរាស្ត្រអ៊ីរ៉ង់ម្នាក់ គឺលោក Mohammad Ali Ramazani Dastak ត្រូវបានគេរាយការណ៍ថា បានស្លាប់កាលពីថ្ងៃទី29កុម្ភៈ បន្ទាប់ពីបានឆ្លងមេរោគ Covid-19 អស់រយៈពេលជាច្រើនថ្ងៃ។
លោក Mohammad Ali Ramazani Dastak ទើបតែបានជាប់ឆ្នោតជាតំណាងរាស្ត្រនៃទីក្រុង Astana Ashrafieh កាលពីខែមុន។ លោកត្រូវគេរាយការណ៍ថា បានបាត់បង់ជីវិតកាលពីព្រឹកថ្ងៃទី29កុម្ភៈ ក្រោយពីត្រូវបានក្រុមគ្រូពេទ្យពិនិត្យឃើញថា មានផ្ទុកមេរោគកូរ៉ូណាកាលពីចុងខែកុម្ភៈឆ្នាំ2020។
តំណាងរាស្ត្ររូបនេះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ “ដោយមានរោគសញ្ញាគ្រុនផ្ដាសាយ និងស្នាមរបួសដោយសារគីមី” ដែលបង្ករឡើងកាលពីសង្គ្រាមអ៊ីរ៉ង់-អ៊ីរ៉ាក់។
លោក Dastak គឺជាអ្នកនយោបាយទី2 របស់អ៊ីរ៉ង់ ដែលបានស្លាប់ដោយសារមេរោគ Covid-19។ អ្នកនយោបាយអ៊ីរ៉ង់ដែលបានស្លាប់មុននេះ គឺលោក Hadi Khosrowshahi។
អតីតឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅទីក្រុង Vatican(ស្លាប់)
សារព័ត៌មានក្នុងប្រទេសអ៊ីរ៉ង់បានរាយការណ៍ថា អតីតឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅទីក្រុង Vatican លោក Hadi Khosrowshahi បានបាត់បង់ជីវិតកាលពីថ្ងៃទីព្រហស្បតិ៍ ទី27កុម្ភៈ ដោយសារបានឆ្លងមេរោគកូរ៉ូណា។
សារព័ត៌មាន Tasnim បានឱ្យដឹងថា អ្នកនយោបាយវ័យ81ឆ្នាំរូបនេះ បានស្លាប់នៅក្នុងមន្ទីរពេទ្យនៃប្រទេសអ៊ីរ៉ង់។
ប្រធានមន្ទីរពេទ្យ Wuchang ក្នុងទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន(ស្លាប់)
វេជ្ជបណ្ឌិត Liu Zhiming ប្រធានមន្ទីរពេទ្យ Wuchang ក្នុងទីក្រុង Wuhan បានបាត់បង់ជីវិតដោយសារបានឆ្លងមេរោគកូរ៉ូណាប្រភេទថ្មី ឈ្មោះ Covid-19។ នេះបើតាមសារព័ត៌មានចិន CCTV។
លោក Liu Zhiming មានអាយុ51ឆ្នាំ បានស្លាប់នៅវេលាម៉ោង10និង30នាទីព្រឹក ក្នុងថ្ងៃទី18កុម្ភៈ ឆ្នាំ 2020។ លោកគឺជាប្រធានមន្ទីរពេទ្យដំបូងគេដែលបានស្លាប់ដោយសាររោគរាតត្បាតនេះ។
ក្រៅពីអ្នករងគ្រោះដោយសាររោគរាតត្បាត Covid-19 ខាងលើ ក៏នៅមានមនុស្សជាច្រើនផ្សេងទៀតដែលបាន និងកំពុងទទួលរងឥទ្ធិពលពីអាសន្នរោគដ៏កាចសាហាវនេះ ក្នុងនោះមាន3,117នាក់បានស្លាប់ និងជាង90,936នាក់បានឆ្លងមេរោគ Covid-19៕
ប្រភព៖ សារព័ត៌មានបរទេស