ជប៉ុន អ្នកសុខសប្បាយទេ?
អ្នកយកព័ត៌មានបរទេសប្រចាំនៅប្រទេសជប៉ុនម្នាក់ បានធ្វើការអធិប្បាយ ព្រមជាមួយរូបភាពនៅតាមទីកន្លែងផ្សេងៗក្នុងទីក្រុងតូក្យូ ក្នុងថ្ងៃដែលវីរុសកូរ៉ូណាប្រភេទថ្មី ឬCOVID-19 វាយប្រហារ រហូតដល់ថ្នាក់រដ្ឋាភិបាលនៃប្រទេសជប៉ុនត្រូវប្រកាសឱ្យប្រជាជនរបស់ខ្លួនថែរក្សាជីវិតរបស់ពួកគេដោយការនៅតែក្នុងផ្ទះក្នុងអំឡុងពេល 2សប្ដាហ៍ ចាប់ពីពេលនេះតទៅ។
លោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន បានថ្លែងកាលពីថ្ងៃទី29 ខែកុម្ភៈកន្លងទៅ ដោយសុំការសហការពីប្រជាជនក្នុងការទប់ស្កាត់ការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណា ដោយលោកបានថ្លែងថា ការតស៊ូក្នុងគ្រានេះ នឹងមិនអាចយកឈ្នះមេរោគមរណៈនេះបានដោយរដ្ឋាភិបាលជប៉ុនតែម្នាក់ឯងបានឡើយ…។ លោកអាបេ បានសង្កត់ធ្ងន់ថា ក្នុងអំឡុង 1-2សប្ដាហ៍ខាងមុខនេះ នឹងក្លាយជាអំឡុងពេលដ៏សំខាន់បំផុតក្នុងការគ្រប់គ្រងការឆ្លងរាលដាល។ រដ្ឋាភិបាលជប៉ុន បានផ្ដល់នូវភាពសំខាន់ខ្ពស់បំផុតក្នុងការការពារអាយុជីវិត និងសុខភាពរបស់ជនជាតិជប៉ុនគ្រប់រូប ហើយនឹងដំណើរការវិធានការផ្សេងៗដែលចាំបាច់ ដោយអាស្រ័យលើស្ថានការណ៍ជាចម្បង។
រដ្ឋាភិបាលជប៉ុនបានចេញបញ្ជាជាបន្ទាន់មួយកាលពីយប់ថ្ងៃព្រហស្បតិ៍ ទី27 កុម្ភៈ ឱ្យសាលារៀនបឋម និងមធ្យមទូទាំងប្រទេស បិទទ្វា ផ្អាកការបង្រៀន តាំងពីថ្ងៃចន្ទ ទី2មីនាម្សិលមិញតទៅ។ មិនត្រឹមតែសាលារៀនត្រូវបិទប៉ុណ្ណោះទេ សារមន្ទីរ មណ្ឌលកម្សាន្ត ដូចជាឌីស្នីយ៍ លែនដ៍ យូនីវើរសល ស្ទូឌីយោ ក៏ត្រូវបិទទាំងអស់ដែរ។ កិច្ចការងារជួបជុំក្នុងសង្គម ឬពិធីបុណ្យផ្សេងៗទៀត ក៏ត្រូវលុបចោលដែរ។
អង្គភាពរាជការទាំងអស់សុទ្ធតែត្រូវចេញបញ្ជាឱ្យកាត់បន្ថយការប្រជុំ ការទាក់ទងដែលមិនប្រញាប់ និងមិនចាំបាច់ចោលទាំងអស់ ដោយមានគោលដៅតែមួយ គឺដើម្បីកាត់បន្ថយសកម្មភាពរបស់ប្រជាជន ដែលអាចហៅបានថា ជាការ “បិទទីក្រុង” ខាងផ្នែកប្រតិបត្តិ ហ្នឹងឯង។
អ្នកយកព័ត៌មានបរទេសប្រចាំនៅប្រទេសជប៉ុនរូបនោះ បានធ្វើដំណើរទៅស្ថានីយអ្នកដំណើរ “តូក្យូ” មជ្ឈមណ្ឌលកណ្ដាលខាងការដឹកជញ្ជូនរបស់ទីក្រុងនៃដែនដីសាមូរ៉ៃនេះ ដែលជាធម្មតានឹងមានមនុស្សម្នាដើរប្រជ្រៀតគ្នាយ៉ាងណែនណាន់តាន់តាប់ ទាំងអ្នកទេសចរ អ្នកដែលធ្វើដំណើរដោយរថភ្លើងទាំងក្នុងទីក្រុងតូក្យូ និងរថភ្លើងល្បឿនលឿន ឈិងកាន់ហ្សេន ទៅទូទាំងប្រទេស រួមទាំងអ្នកដែលមកដើរទិញទំនិញ ឬដើរលេងកម្សាន្តនៅតំបន់នេះផងដែរ។ តែកាលពីសប្ដាហ៍កន្លងទៅ មនុស្សម្នាដែលចេញមកក្រៅផ្ទះ បានថយចុះយ៉ាងឃើញច្បាស់តែម្ដង ផ្លូវថ្នល់ទាំងឡាយស្រឡះល្វឹង មនុស្សម្នាដែលដើរទៅមក សឹងតែគ្រប់គ្នា មានពាក់ម៉ាស់ការពារ លើកលែងតែជនបរទេសមួយចំនួនដែលគិតថា មិនចាំបាច់ប៉ុណ្ណោះ។
កន្លែងឈររង់ចាំរថភ្លើង សឹងតែគ្មានមនុស្សឈរចាំ កៅអីនៅក្នុងរថភ្លើង ក៏ទំនេរ យ៉ាងមិនដែលក្លាយជាបែបនេះពីមុនមកសោះ។ ទាំងពេលនេះ ជាពេលព្រលប់ៗ ជាអំឡុងពេលដែលមានមនុស្សម្នាធ្វើដំណើរច្រើនបំផុត។
ហាងលក់ទំនិញ និងហាងកាហ្វេ ក្នុងតំបន់ម៉ារុណូអ៊ុជិ ដែលធម្មតា នឹងមានមនុស្សម្នាដ៏ច្រើនក្នុងអំឡុងពេលដែលធាតុអាកាសល្អបែបនេះ តែពេលនេះបែរជាស្ងាត់ជ្រងំ គួរឱ្យស្រណោះ។
បុគ្គលិកហាងលក់ទំនិញនាំគ្នានិយាយថា អតិថិជនបានធ្លាក់ចុះយ៉ាងខ្លាំង។ ពួកគេមិនខា្លចវីរុសទេ តែខាងម្ចាស់ហាងបានបញ្ជាឱ្យបុគ្គលិកទាំងអស់ត្រូវតែពាក់ម៉ាស់ការពារ ដែលបើសិនជាស្ថិតក្នុងស្ថានការណ៍ប្រក្រតីវិញ បុគ្គលិកហាង មិនអាចពាក់ម៉ាស់បិទមុខបានទេ ព្រោះជាការគ្មានសុជីវធម៌ចំពោះអតិថិជន។
រថភ្លើងល្បឿនលឿនឈិងកាន់ហ្សេន កៅអីទំនេរសឹងតែទាំងអស់ ទោះជាស្ថិតនៅលើផ្លូវដែលពេញនិយម ដូចជា តូក្យូ-អូសាកា ដែលប្រក្រតី ត្រូវតែកក់សំបុត្រទុកមុនក៏ដោយ តែពេលនេះក៏ស្ទើរតែគ្មានអ្នកដំណើរ។
ចំណែកនៅតំបន់ ឈិប៊ូយ៉ា ដ៏ល្បីល្បាញ ពេលនេះក៏ស្ងាត់ជ្រងំ។ ស្ថានីយរថភ្លើងដែលធ្លាប់តែអ៊ូអរ ពេលនេះគ្មានមនុស្សម្នា…។
បន្ទប់ទឹកសាធារណៈ មានបិទប្រកាសណែនាំពីវិធីលាងដៃដែលត្រឹមត្រូវ ណែនាំឱ្យលាងដៃ ខ្ពុរមាត់ ដើម្បីការពារការឆ្លងមេរោគ។
ការឆ្លងរាលដាលរបស់មេរោគវីរុស COVID-19 ថែមទាំងហុចផលប៉ះពាល់ដល់ការធ្វើការងារ និងមុខជំនួញផ្សេងៗទៀតផងដែរ ដូចជាទស្សនាវដ្តីជាច្រើនយីហោ ប្រកាសពន្យារពេល ឬបញ្ឈប់ការចេញផ្សាយក្នុងខែមីនា។
និងថែមទាំងនៅមានព័ត៌មានចចាមអារ៉ាមជាច្រើនទៀតផងថា ក្រដាសអនាម័យ នឹងខ្វះនៅលើទីផ្សារដូចគ្នានឹងម៉ាស់ការពារដែរ ព្រោះនាំចូលមកពីប្រទេសចិន ធ្វើឱ្យជនជាតិជប៉ុននាំគ្នាសម្រុកទៅទិញក្រដាសអនាម័យទុកប្រើ រហូតនៅលើទីផ្សារលែងមានលក់ ទាំងការពិតទៅ សរសៃក្រដាសសឹងតែទាំងអស់ ផលិតនៅប្រទេសជប៉ុន ធ្វើឱ្យហាងលក់ទំនិញជាច្រើន ត្រូវកំណត់ឱ្យទិញបានតែក្នុង 1គ្រួសារ តែ 1យួរប៉ុណ្ណោះ។
បញ្ជាបន្ទាន់ឱ្យបិទសាលារៀន ធ្វើឱ្យបណ្ដាអាណាព្យាបាល ឪពុកម្ដាយ គ្រូបង្រៀន រហូតដល់ប្រជាជនជប៉ុនទាំងអស់ សឹងតែរៀបចំប្រុងប្រៀបអ្វីៗស្ទើរតែមិនទាន់…ឪពុកម្ដាយភាគច្រើន នៅត្រូវចេញទៅធ្វើការតាមធម្មតា…តើនរណានឹងមើលថែទាំកូននៅផ្ទះ?
ម្ហូបអាហារក្លាស្សេ ម្ហូបអាហារកំប៉ុង ត្រូវបានលក់ដាច់ខ្លាំង ព្រោះបណ្ដាឪពុកម្ដាយទាំងឡាយត្រូវទិញយកមកទុកឱ្យកូនៗដែលត្រូវឈប់សម្រាកនៅផ្ទះ តែការផលិត និងការដឹកជញ្ជូន បានទទួលរងផលប៉ះពាល់ដោយសារតែការឆ្លងរាលដាលរបស់មេរោគ រហូតដល់ទំនិញមួយចំនួនលែងមានលក់នៅលើទីផ្សារ។
ធាតុអាកាសនៅក្នុងប្រទេសជប៉ុន ឆ្នាំនេះកក់ក្ដៅល្អជាងឆ្នាំមុនៗ ធ្វើឱ្យផ្កាសាគូរ៉ា ឆាប់រីកជាងប្រក្រតី តែមេរោគវីរុសកំណាច ធ្វើឱ្យពិធីបុណ្យទស្សនាផ្កាសាគូរ៉ាភាគច្រើនត្រូវបានផ្អាក…អំឡុងពេលមាស អំឡុងពេលប្រាក់របស់វិស័យទេសចរណ៍ជប៉ុនឆ្នាំនេះ ត្រូវបានបញ្ចប់តាំងពីមិនទាន់បានចាប់ផ្ដើម។
ផ្កាសាគូរ៉ា នៅតែរីកស្គុះស្គាយយ៉ាងស្រស់ស្អាត តែឆ្នាំនេះគ្មានមនុស្សម្នាមកទស្សនា។ ជនជាតិជប៉ុនមួយចំនួននឹកឃើញទៅដល់ព្រឹត្តិការណ៍រញ្ជួយផែនដី និងមហារលកយក្ស ស៊ូណាមិវាយប្រហារកាលពីឆ្នាំ2011…ខុសគ្នាតែត្រង់ថា រញ្ជួយផែនដី កើតឡើងត្រឹមតែមិនប៉ុន្មានវិនាទីប៉ុណ្ណោះ និងកន្លែងរងគ្រោះមានព្រំដែនច្បាស់លាស់ តែមេរោគកំណាចនេះ វានឹងឆ្លងរាលដាលយូរតទៅទៀត និងពង្រីកអាណាចក្ររបស់វា រហូតមិនដឹងថា តើវានឹងចប់នៅទីណា និងនៅពេលណា???៕
ប្រភព ៖ ព័ត៌មានបរទេស