សហរដ្ឋអាមេរិក ដែលជាមហាអំណាចពិភពលោក មានប្រព័ន្ធសុខាភិបាលល្អ ក៏មិនអាចគេចផុតពីអាសន្នរោគកូរ៉ូណា Covid-19 ខណៈមកដល់ថ្ងៃនេះមានអ្នកស្លាប់ចំនួន6នាក់ ដែលអ្នកទាំងនេះសុទ្ធតែនៅក្នុងរដ្ឋ Washington។
5នាក់ក្នុងចំណោមអ្នកស្លាប់ទាំង6នាក់នោះ សុទ្ធតែរស់នៅក្នុងតំបន់ King ដែលជាខណ្ឌមួយមានប្រជាជនច្រើនជាងគេរបស់រដ្ឋ Washington វាជាកន្លែងដែលមានទីក្រុង Seattle តាំងនៅ និងមានប្រជាជនចំនួន700,000នាក់កំពុងរស់នៅទីនោះ។ ចំណែកអ្នកស្លាប់ទី6 គឺពលរដ្ឋមកពីតំបន់ Snohomish។
រដ្ឋ Washington បានរកឃើញអ្នកផ្ទុកមេរោគកូរ៉ូណាថ្មីបន្ថែម4ករណី នាំឱ្យចំនួនអ្នកផ្ទុកមេរោគនេះកើនដល់18នាក់ ក្នុងនោះមាន3ករណីនៅក្នុងមន្ទីរថែទាំចាស់ជរាមួយកន្លែងក្នុងរដ្ឋនេះ។
បុគ្គលិកសុខាភិបាលនៅតំបន់ King ឈ្មោះ Jeff Duchin បានឱ្យដឹងថា “ហានិភ័យនៃការឆ្លងមេរោគនេះគឺកាន់តែមានច្រើនៗ”។
បច្ចុប្បន្ន អាមេរិកមានអ្នកជំងឺកូរ៉ូណា Covid-19 សរុបចំនួន99នាក់ ក្នុងនោះ ប្រមាណជា50% គឺជាអ្នកដែលបានត្រឡប់មកពីប្រទេសចិន និងមកពីនាវា Diamond Princess ដែលកំពុងចតនៅប្រទេសជប៉ុន។ អ្នកជំងឺមួយចំនួនទៀត មានជាប់ទាក់ទិននឹងអ៊ីរ៉ង់ និងអ៊ីតាលី ដែលជាប្រទេសកំពុងមានអ្នកស្លាប់ច្រើនដោយសារអាសន្នរោគនេះ៕
ប្រភព៖ សារព័ត៌មានបរទេស