វីរុស Covid-19 បានបង្ហាញខ្លួននៅក្នុងប្រទេស និងដែនដីចំនួន76 នៅទូទាំងពិភពលោក ហើយបានឆ្លងទៅមនុស្សចំនួន90,433នាក់ ក្នុងនោះមាន3,118នាក់បានបាត់បង់ជីវិត គឺកើនឡើង66ករណីបើធៀបនឹងម្សិលមិញ។
ចំនួនអ្នកឆ្លងមេរោគ Covid-19 នៅកូរ៉េខាងត្បូង អ៊ីតាលី និងអ៊ីរ៉ង់ នៅតែបន្តកើនឡើង។ កូរ៉េខាងត្បូងមានអ្នកជំងឺកូរ៉ូណាចំនួន4,335នាក់ និង28នាក់បានបាត់បង់ជីវិត ខណៈអ្នកផ្ទុកមេរោគ Covid-19 នៅអ៊ីតាលី មានចំនួន2,036នាក់ និងអ៊ីរ៉ង់ 1,501នាក់។
គណៈកម្មការសុខាភិបាលចិន ថ្ងៃនេះបានឱ្យដឹងថា ប្រទេសនេះមានអ្នកជំងឺកូរ៉ូណាថ្មីចំនួន125នាក់ ដែលនេះជាតួលេខទាបបំផុតរាប់ចាប់តាំងពីថ្ងៃទី21មករាមកនេះ។ ប្រទេសចិនក៏មានអ្នកស្លាប់បន្ថែមចំនួន31នាក់ ដែលអ្នកទាំងនេះសុទ្ធតែនៅក្នុងតំបន់សម្បុកមេរោគ Hubei។
ប្រធានអង្គការសុខភាពពិភពលោក WHO លោក Tedros Adhanom Ghebreyesus បានឱ្យដឹងថា ចំនួនអ្នកឆ្លងមេរោគថ្មីនៅខាងក្រៅប្រទេសចិន “កើនឡើងខ្ពស់ជាង9ដង” បើធៀបនឹងករណីឆ្លងថ្មីដែលទើបរកឃើញនៅប្រទេសចិនក្នុងថ្ងៃទី3មិនាម្សិលមិញ។
អ៊ីរ៉ង់ គឺជាប្រទេសដែលមានអ្នកស្លាប់ដោយសារអាសន្នរោគកូរ៉ូណា ច្រើនជាងគេក្នុងលោក បន្ទាប់ពីប្រទេសចិន ដោយមានអ្នកស្លាប់66នាក់។
ចំណែកអ៊ីតាលីវិញ បានរកឃើញអ្នកផ្ទុកមេរោគ Covid-19 ដំបូងកាលពីថ្ងៃទី31មករា និងបានក្លាយជាសម្បុកមេរោគធំបំផុតនៅអឺរ៉ុបនាបច្ចុប្បន្ន។ ប្រទេសព័រទុយហ្គាល់ អ៊ីស្លង់ និងប្រទេសអង់ដូរ៉ា ក៏បានរកឃើញអ្នកឆ្លងមេរោគដំបូងកាលពីម្សិលមិញដែរ ដែលភាគច្រើនគឺជាអ្នកវិលត្រឡប់មកពីប្រទេសអ៊ីតាលី។
បច្ចុប្បន្ន ពិភពលោក មានអ្នកផ្ទុកមេរោគ Covid-19 សរុបចំនួន 90,433នាក់ និង 3,118នាក់បានបាត់បង់ជីវិត និង48,111នាក់បានជាសះស្បើយពីជំងឺ៕
ប្រភព៖ សារព័ត៌មានបរទេស