Ma Jianguo អាយុ23ឆ្នាំ ត្រូវបានកាត់ទោសប្រហារជីវិត បន្ទាប់ពីបានយកកាំបិតចាក់សម្លាប់បុគ្គលិកប្រឆាំងអាសន្នរោគ Covid-19 ចំនួន2នាក់។
តុលាការកំពូលនៅតំបន់ស្វយ័ត Honghe ក្នុងខេត្ត Yunnan ប្រទេសចិន កាលពីម្សិលមិញបានកាត់ទោសប្រហារជីវិតចំពោះអ្នកបើកបររថយន្តម្នាក់ឈ្មោះ Ma Jianguo ក្រោមបទចោទ “អំពើមនុស្សឃាតដោយចេតនា”។
យោងតាមបទចោទ កាលពីថ្ងៃទី6កុម្ភៈ ឈ្មោះ Ma Jianguo ដឹកភ្ញៀវម្នាក់ឆ្លងកាត់តំបន់ត្រួតពិនិត្យអាសន្នរោគកូរ៉ូណា Covid-19 នៅក្នុងតំបន់ស្វយ័ត Honghe ហើយបានព្យាយាមទាញរបាំងផ្លូវចេញពីកន្លែងត្រួតពិនិត្យ ពេលនោះ Zhang Guizhou ដែលជាបុរសម្នាក់ក្នុងចំណោមបុគ្គលិកប្រឆាំង Covid-19 2នាក់ដែលមើលការខុសត្រូវកន្លែងត្រួតពិនិត្យនេះ ក៏យកទូរស័ព្ទចេញមកថតសកម្មភាពដើម្បីទុកជាភ័ស្តុតាង។
ខឹងខ្លាំងពេក Ma Jianguo ក៏បានហូតកូនកាំបិតចេញពីថង់អាវ និងបានចាក់ទៅលើទ្រូងរបស់ Zhang ជាច្រើនកាំបិត។ ឃើញដូច្នេះ បុគ្គលិកម្នាក់ទៀតឈ្មោះ Li Guomin ក៏បានរត់ចូលទៅជួយ ប៉ុន្តែក៏ត្រូវបានជនដៃដល់ចាក់សម្លាប់ បណ្ដាលឱ្យបុគ្គលិកប្រឆាំង Covid-19 ទាំង2នាក់នេះបាត់បង់ជីវិត។
តុលាការតំបន់ស្វយ័ត Honghe បានឱ្យដឹងថា កន្លងមកជនដៃដល់ខាងលើ ធ្លាប់ត្រូវបានប្ដឹងពីបទប្រើអំពើហិង្សាលើអ្នកដទៃដែរ ហើយនេះគឺជាលើកទី2ហើយដែលជននេះប្រព្រឹត្តអំពើអាក្រក់។ បើទោះជាជនល្មើសបានចេញមកសារភាព ប៉ុន្តែ ដោយសារមានសភាពឃោរឃៅខ្លាំងពេក តុលាការក៏បានសម្រេចផ្ដន្ទាទោសប្រហារជីវិត។
តុលាការបានប្រកាសថា “Ma Jianguo បានរំលោភច្បាប់ជាតិ ខណៈដែលខេត្ត Yunnan កំពុងជួបបញ្ហាអាសន្នធំបំផុតទាក់់ទិននឹងសុខាភិបាល។ ជនល្មើសមិនបានអនុវត្តតាមគោលការណ៍គ្រប់គ្រងអាសន្នរោគ និងបានធ្វើឱ្យមានមនុស្សស្លាប់2នាក់”។ នេះបើតាមសារព័ត៌មាន Nytimes។
ប្រទេសចិន ថ្ងៃនេះ មានអ្នកស្លាប់ដោយសារមេរោគកូរ៉ូណា Covid-19 បន្ថែមចំនួន42នាក់ ដែលអ្នកទាំងនេះស្ថិតនៅក្នុងតំបន់សម្បុកមេរោគនៃខេត្ត Hubei ធ្វើឱ្យចំនួនអ្នកស្លាប់សរុបក្នុងប្រទេសនេះ កើនដល់ 2,912នាក់។ ចំណែកអ្នកដែលបានឆ្លងមេរោគកូរ៉ូណានេះ ក៏បានកើនដល់ 80,026នាក់។
ក្រុមមន្ត្រីចិនបានឱ្យដឹងថា ប្រទេសនេះបានទទួលលទ្ធផលវិជ្ជមានខ្លះហើយ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងអាសន្នរោគ Covid-19។ ប៉ុន្តែ វិធាការគ្រប់គ្រងអាសន្នរោគ នៅតែត្រូវបានអនុវត្ត រួមនឹងការបិទទ្វារសាលារៀនផងដែរ៕
ប្រភព៖ សារព័ត៌មានបរទេស