យោងតាមរបាយការណ៍ព្រឹកនេះ កូរ៉េខាងត្បូងបានរកឃើញអ្នកផ្ទុកមេរោគកូរ៉ូណាបន្ថែមចំនួន 476ករណី នាំឱ្យចំនួនអ្នកជំងឺកូរ៉ូណានៃប្រទេសនេះកើនឡើងដល់ 4212នាក់ និងអ្នកស្លាប់់ដោយសារអាសន្នរោគ Covid-19 កើនដល់ 22នាក់។
មជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់រោគឆ្លងរបស់កូរ៉េខាងត្បូង បានឱ្យដឹងថា ក្នុងចំណោមអ្នកជំងឺ476នាក់ដែលទើបតែរកឃើញបន្ថែម មាន377នាក់នៅក្នុងទីក្រុង Daegu និង 68នាក់ទៀត នៅក្នុងខេត្ត Gyeongsang ខាងជើង ដែលនៅក្បែរទីក្រុង Daegu។ អ្នកជំងឺប្រមាណជា 60% មានជាប់ទាក់ទិនសាខាវិហារសាសនា Shincheonji នៅក្នុងទីក្រុង Daegu។
ខេត្តក្រុងមួយចំនួនរបស់កូរ៉េខាងត្បូងក៏បានរកឃើញអ្នកផ្ទុកមេរោគកូរ៉ូណាបន្ថែមទៀតដែរ ក្នុងនោះ ទីក្រុង Seoul មានករណីឆ្លងវីរុសបន្ថែមចំនួន4នាក់។
ចំនួនអ្នកស្លាប់សរុបនៅក្នុងប្រទេសកូរ៉េខាងត្បូង បច្ចុប្បន្នកើនដល់ 22នាក់ ដែលស្ទើរតែទាំងអស់សុទ្ធតែមានជំងឺប្រចាំកាយស្រាប់។ ចំណែកក្នុងថ្ងៃនេះ(2មិនា) កូរ៉េខាងត្បូងមានអ្នកស្លាប់បន្ថែមចំនួន4នាក់ ដែលសុទ្ធតែជាអ្នករស់នៅក្នុងទីក្រុង Daegu ហើយពួកគេមានអាយុខ្ទង់80ឆ្នាំ។
ប្រធានាធិបតី Moon Jae-in បានមានប្រសាសន៍ថា កូរ៉េខាងត្បូងជឿថា នឹងមានមនុស្សកាន់តែច្រើនឡើងៗ ចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងអាសន្នរោគកូរ៉ូណា Covid-19 ហើយថា ប្រទេសនេះនឹងទទួលជោគជ័យទៅលើអាសន្នរោគនេះមិនខាន។
គិតមកដល់ព្រឹកនេះ នៅទូទាំងពិភពលោក មានអ្នកស្លាប់ដោយសារអាសន្នរោគកូរ៉ូណា Covid-19 មានចំនួន 3,044នាក់ និងអ្នកជំងឺកូរ៉ូណាសរុប 89,071នាក់៕
ប្រភព៖ សារព័ត៌មានបរទេស