នាយករដ្ឋមន្ត្រីជប៉ុន បានឱ្យដឹងថា រាជរដ្ឋាភិបាលប្រទេសនេះនឹងប្រើប្រាស់ថវិកាជាតិចំនួន 270ពាន់លានយ៉េន(2,5ពាន់លានដុល្លារអាមេរិក) ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់អាសន្នរោគកូរ៉ូណា Covid-19 ដែលកំពុងធ្វើឱ្យជប៉ុនទទួលរងការខាតបង់ច្រើន។
ថវិកាចំនួន 2,5ពាន់លានដុល្លារនេះនឹងត្រូវបានប្រើប្រាស់ដើម្បីជួយដល់បណ្ដាក្រុមហ៊ុនខ្នាតមធ្យម និងខ្នាតតូច នៅចំពោះមុខការខូចខាតផ្នែកហិរញ្ញវត្ថុ។ នេះបើតាមប្រសាសន៍របស់នាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe នៅក្នុងកិច្ចប្រជុំសភានាព្រឹកនេះ។
ក្រៅពីនេះ កញ្ចប់ថវិកាទីពីរសម្រាប់ទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគ Covid-19 និងជួយកាត់បន្ថយការខូចខាតផ្នែកសេដ្ឋកិច្ច នឹងត្រូវបានប្រកាសឱ្យដឹងនាថ្ងៃទី10មិនាខាងមុខ។
សេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលជប៉ុនដូចខាងលើ ត្រូវបានលើកឡើងក្នុងគ្រាដែលប្រទេសនេះមានអ្នកឆ្លងមេរោគកូរ៉ូណាចំនួន250នាក់ និង6នាក់បានស្លាប់ រួមនឹងអ្នកជំងឺជាង 700នាក់កំពុងទទួលការព្យាបាល និងអ្នកស្លាប់ចំនួន 7នាក់ដែលមកពីនាវាទេសចរណ៍ Diamond Princess។ នេះបើតាមសារព័ត៌មាន Reuters។
អាសន្នរោគ Covid-19 នៅប្រទេសជប៉ុន ធ្វើឱ្យមានការព្រួយបារម្ភអំពីរដូវកាលកីឡាអូឡាំពិករដូវក្ដៅ (Summer Olympics)ឆ្នាំនេះ ដែលតាមគម្រោងនឹងត្រូវធ្វើឡើងនៅថ្ងៃទី24កក្កដាខាងមុខ។ ប៉ុន្តែ គណៈកម្មការកីឡាអូឡាំពិកអន្តរជាតិ បានឱ្យដឹងថា ពួកគេ “សន្យា” ថា កីឡាអូឡាំពិករដូវក្ដៅនេះនឹងនៅតែត្រូវបានធ្វើឡើងតាមការគ្រោងទុក បើទោះជាត្រូវប្រឈមនឹងការភ័យខ្លាចអាសន្នរោគកូរ៉ូណាក៏ដោយ។
ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ទៅកាន់ប្រទេសជប៉ុន នឹងត្រូវធ្វើឡើងនៅខែមេសាខាងមុខ អាចនឹងត្រូវបានពន្យាពេល ដើម្បីផ្ដោតទៅលើការប្រយុទ្ធប្រឆាំងនឹងអាសន្នរោគ Covid-19។ នេះបើតាមការឱ្យពីមន្ត្រីជាន់ខ្ពស់ក្នុងរាជរដ្ឋាភិបាលជប៉ុន។
អាសន្នរោគកូរ៉ូណា បានចាប់ផ្ដើមឆ្លងរាលដាលចេញពីទីក្រុង Wuhan ប្រទេសចិន កាលពីខែធ្នូ ឆ្នាំ2019 ហើយបានឆ្លងរាលដាលទៅកាន់ប្រទេស និងដែនដីចំនួនជាង67 បណ្ដាលឱ្យមានអ្នកស្លាប់3,044នាក់ និងអ្នកបានឆ្លងមេរោគនេះចំនួនដល់ទៅជាង89,073នាក់។ ប្រទេសចិន(ចិនដីគោក) ថ្ងៃនេះ មានអ្នកឆ្លងមេរោគកូរ៉ូណាបន្ថែមជាង 200នាក់ និងអ្នកស្លាប់បន្ថែម42នាក់ ធ្វើឱ្យចំនួនអ្នកសា្លប់សរុបក្នុងប្រទេសនេះ ឡើងដល់ 2,912នាក់៕
ប្រភព៖ សារព័ត៌មានបរទេស