ការដែលអ្នកឆ្លងមេរោគកូរ៉ូណា Covid-19 បានកើនឡើងទ្វេដងក្នុងរយៈពេលត្រឹមតែមួយថ្ងៃ នៅអាល្លឺម៉ង់ ធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំង អំពីហានិភ័យនៃការឆ្លងរាលដាលនៅទូទាំងទ្វីបអឺរ៉ុប។
យោងតាមទិន្នន័យផ្លូវការរបស់មន្ត្រីមកពី Robert Koch(មជ្ឈមណ្ឌលទប់ស្កាត់ និងគ្រប់គ្រងរោគឆ្លងរបស់អាល្លឺម៉ង់) ចំនួនអ្នកឆ្លងមេរោគ Covid-19 នៅប្រទេសអាល្លឺម៉ង់ បានកើនឡើងដល់129ករណីនៅក្នុងថ្ងៃទី1មិនា។ តួលេខនេះបានកើនឡើងជិតទ្វេដងបើធៀបនឹង66ករណីកាលពីថ្ងៃទី 29កុម្ភៈ។
ជាងពាក់កណ្ដាលនៃចំនួនអ្នកឆ្លង Covid-19 ត្រូវបានរកឃើញនៅតំបន់ North Rhine-Westphalia ដែលជារដ្ឋមួយមានប្រជាជនច្រើនបំផុតរបស់អាល្លឺម៉ង់។
បច្ចុប្បន្ន អាសន្នរោគកូរ៉ូណានេះ បានឆ្លងរាលដាលដល់រដ្ឋចំនួន9 ក្នុងចំណោមរដ្ឋទាំង16របស់អាល្លឺម៉ង។ Fankfurt, Hamburg និង Bremen គឺជាទីក្រុងដែលមានអ្នកឆ្លងមេរោគកូរ៉ូណាមុនគេនៃប្រទេសនេះ។
ចំនួនអ្នកឆ្លងមេរោគកូរ៉ូណា កើនឡើងខ្លាំងនៅអាល្លឺម៉ង់ ធ្វើឱ្យគេជឿថា អាសន្នរោគនេះនឹងឆ្លងរាលដាលកាន់តែខ្លាំងនៅទូទាំងតំបន់អឺរ៉ុប។ បច្ចុប្បន្ន អ៊ីតាលីគឺជាសម្បុកមេរោគធំបំផុតក្នុងតំបន់អឺរ៉ុប ដោយមានអ្នកស្លាប់សរុប34នាក់ និងជិត1,700នាក់បានឆ្លងមេរោគ Covid-19។ នេះបើតាម AFP។
យោងតាមស្ថិតិរបស់អង្គការសុខភាពពិភពលោក ចំនួនអ្នកឆ្លងមេរោគនៅខាងក្រៅប្រទេសចិន បានកើនឡើងដល់ 7,169ករណី។ ក្នុងតំបន់អឺរ៉ុប មានប្រទេសចំនួន5បន្ថែមទៀត បានរកឃើញអ្នកផ្ទុកមេរោគកូរ៉ូណាថ្មី ក្នុងថ្ងៃទី1មិនា ធ្វើឱ្យចំនួនប្រទេស និងដែនដី ដែលមានអ្នកជំងឺ Covid-19 ឡើងដល់ 58។
គិតមកដល់ព្រឹកនេះ(2មិនា) នៅទូទាំងពិភពលោក មានអ្នកស្លាប់ដោយសារមេរោគកូរ៉ូណាសរុបចំនួន 3,038នាក់ និងអ្នកបានឆ្លងមេរោគនេះ ឡើងដល់ 88,587នាក់៕
ប្រភព៖ សារព័ត៌មានបរទេស