បុគ្គលិកម្នាក់របស់ក្រុមហ៊ុន Google នៅទីក្រុង Zurich ត្រូវបានគេរកឃើញថា មានផ្ទុកវីរុសកូរ៉ូណា Covid-19 ប៉ុន្តែការិយាល័យរបស់ក្រុមហ៊ុននេះមិនបានបិទទ្វារនោះទេ។
“យើងទទួលស្គាល់ថា បុគ្គលិកម្នាក់ត្រូវបានក្រុមគ្រូពេទ្យពិនិត្យឃើញថាមានផ្ទុកមេរោគកូរ៉ូណា។ បុគ្គលិកម្នាក់នេះ ធ្លាប់ធ្វើការនៅឯការិយាល័យរបស់ Google ក្នុងទីក្រុង Zurich មួយរយៈពេលខ្លី មុនពេលចាប់ផ្ដើមមានរោគសញ្ញា។ យើងកំពុង និងបន្តអនុវត្តវិធានការទប់ស្កាត់ទៅតាមការណែនាំរបស់ក្រុមអ្នកជំនាញផ្នែកសុខាភិបាល ក៏ដូចជាផ្ដល់អាទិភាពចំពោះសុវត្ថិភាព និងសុខភាពរបស់អ្នករាល់គ្នា” នេះគឺជាការឆ្លើយតបរបស់អ្នកនាំពាក្យនៃក្រុមហ៊ុន Google ចំពោះសំណួររបស់ភ្នាក់ងារសារព័ត៌មាន CNBC។
ការិយាល័យ Google នៅឯទីក្រុង zurich ប្រទេសស្វីសដែលមានបុគ្គលិកជាង2,000នាក់ នៅតែបន្តធ្វើការដូចធម្មតា ហើយករណីបុគ្គលិកឆ្លងមេរោគកូរ៉ូណានេះ ត្រូវបានក្រុមហ៊ុនជូនដំណឹងទៅកាន់បុគ្គលិកទាំងអស់របស់ Google តាមរយៈការផ្ញើសារ។ ក៏ប៉ុន្តែ ក្រុមហ៊ុនយក្សមួយនេះក៏កំពុងតែកាត់បន្ថយការធ្វើដំណើររបស់បុគ្គលិកខ្លួនទៅកាន់បណ្ដាប្រទេសដែលកំពុងត្រូវរាតត្បាតដោយអាសន្នរោគ Covid-19 មានដូចជាប្រទេសអ៊ីរ៉ង់ អ៊ីតាលី កូរ៉េខាងត្បូង និងជប៉ុនជាដើម។ មុននេះ Google ក៏បានហាមមិនឱ្យបុគ្គលិកធ្វើដំណើរទៅកាន់ប្រទេសចិន លើកលែងតែអ្នកដែលត្រូវវិលត្រឡប់ទៅស្រុកកំណើត។
បណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិធំៗជាច្រើនដែលមានបុគ្គលិករាប់ម៉ឺននាក់នៅទូទាំងពិភពលោក កំពុងមានការព្រួយបារម្ភជាខ្លាំង នៅពេលដែលអាសន្នរោគបានឆ្លងរាលដាលដល់ប្រទេសជាង50ក្នុងពិភពលោក។ ក្រុមហ៊ុន Google បច្ចុប្បន្ន មានបុគ្គលិកសរុប 120,000នាក់នៅពាសពេញពិភពលោក។ ចំណែកក្រុមហ៊ុន Amazon ដែលមានបុគ្គលិក 800,000នាក់ ក៏បានកាត់បន្ថយបុគ្គលិកដែលធ្វើដំណើរទៅអាមេរិក បើសិនមិនមានការចាំបាច់ខ្លាំង ហើយក៏បានហាមបុគ្គលិករបស់ខ្លួន មិនឱ្យធ្វើដំណើរទៅកាន់ប្រទេសចិនផងដែរ រហូតដល់មានការប្រកាសជូនដំណឹងថ្មី។
រីឯក្រុមហ៊ុនបណ្ដាញសង្គមយក្ស Facebook ក៏បានលុបចោលគម្រោងព្រឹត្តិការណ៍ធំបំផុតប្រចាំឆ្នាំសម្រាប់ក្រុមអ្នកអភិវឌ្ឍរបស់ខ្លួន ដែលតែងតែត្រូវបានធ្វើឡើងនៅក្នុងខែឧសភា ដោយសារតែមានការភ័យខ្លាចអំពីអាសន្នរោគ Covid-19។ ចំណែក Goolge ក៏បានផ្អាកព្រឹត្តិការណ៍ Global News Initiative ដែលជាសិក្ខាសាលាដ៏ធំមួយរបស់ខ្លួននៅចុងខែមេសាខាងមុខ។ មុននេះ ពិព័រណ៍ទូរស័ព្ទចល័តលំដាប់ពិភពលោក(MWC) ក៏មិនអាចកើតមានឡើងនៅចុងខែកុម្ភៈដូចសព្វមួយដង ដោយសារក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនមិនអាចចូលរួមបាន ព្រោះតែអាសន្នរោគកូរ៉ូណា Covid-19៕
ប្រភព៖ សារព័ត៌មានបរទេស