បុគ្គលិកផ្នែកលក់ម្នាក់ មានអាយុ35ឆ្នាំ បានស្លាប់ក្នុងថ្ងៃនេះ ក្លាយជាអ្នកស្លាប់ដំបូងគេបង្អស់ដោយសារអាសន្នរោគកូរ៉ូណ Covid-19 នៅប្រទេសថៃ។
Suwanchai Wattanayingcharoen ប្រធានមន្ទីរគ្រប់គ្រងរោគឆ្លងប្រទេសថៃ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងបាងកកថ្ងៃនេះថាបានឱ្យដឹងថា អ្នកជំងឺដែលបានស្លាប់ដោយសារវីរុស Covid-19 នេះ ក៏មានជំងឺគ្រុនឈាមផងដែរ។
នេះគឺជាមនុស្សដំបូងដែលបានស្លាប់ ក្នុងចំណោមអ្នកបានឆ្លងជំងឺកូរ៉ូណាទាំង42នាក់នៅប្រទេសថៃ ចាប់ពីអាសន្នរោគកូរ៉ូណា បានលេចមុខក្នុងប្រទេសនេះកាលពីខែមករា។ មនុស្ស30នាក់បានជាសះស្បើយ និង11នាក់ផ្សេងទៀតកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ។
ក្រសួងសុខាភិបាលថៃថ្ងៃនេះក៏បានប្រកាសថា Covid-19 គឺជាជំងឺឆ្លងដ៏គ្រោះថ្នាក់បំផុត ដែលអនុញ្ញាតឱ្យអាជ្ញាធរមានសិទ្ធិច្រើនជាងមុនដើម្បីធ្វើសកម្មភាពទប់ស្កាត់ការឆ្លងរាលដាលនៃអាសន្នរោគនេះ៕
ប្រភព៖ សារព័ត៌មានបរទេស