អ្នកជំងឺម្នាក់នៅក្នុងរដ្ឋ Washington បានក្លាយជាមនុស្សដំបូងគេនៅសហរដ្ឋអាមេរិក ដែលបានបាត់បង់ជីវិតដោយសារមេរោគកូរ៉ូណា Covid-19 ខណៈអូស្ត្រាលីក៏មានអ្នកស្លាប់ដំបូងដោយសារមេរោគនេះដែរ។
“អ្នកជំងឺដែលបានស្លាប់នេះគឺជាបុរសម្នាក់មានអាយុជាង50ឆ្នាំ ធ្លាប់មានជំងឺប្រចាំកាយ” នេះបើតាមមន្ត្រីសុខាភិបាលទីក្រុង Seattle រដ្ឋ Washington។ ប្រធានាធិបតីអាមេរិកាំង លោក Donald Trump និងក្រុមមន្ត្រីសហរដ្ឋអាមេរិកមុននេះ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ បានឱ្យដឹងថា អ្នកជំងឺដែលបានស្លាប់នោះគឺជាស្រ្តីភេទ បើទោះបីជាអភិបាលរដ្ឋ Washington លោក Jay Inslee បានបញ្ជាក់ថាអ្នកជំងឺគឺជាបុរសក៏ដោយ។
វេជ្ជបណ្ឌិត Robert Redfield អគ្គនាយកមជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់រោគឆ្លងនៃសហរដ្ឋអាមេរិក បានថ្លែងនៅឯសេតវិមានថា មិនទាន់មានភ័ស្ដុងណាមួយបង្ហាញថា អ្នកជំងឺដែលបានស្លាប់នេះ ធ្លាប់នៅក្បែរអ្នកដែលមានផ្ទុកមេរោគកូរ៉ូណា ឬធ្លាប់ទៅកាន់តំបន់សម្បុកមេរោគនេះនោះដែរ នាពេលថ្មីៗនេះ។ លោក បន្តថា អ្នកជំងឺនេះ ប្រហែលជាបានឆ្លងរោគនៅពេលគាត់ស្ថិតនៅក្នុងហ្វូងមនុស្សនៅទីសាធារណៈ។
អាសន្នរោគកូរ៉ូណា Covid-19 បានចាប់ផ្ដើមឆ្លងរាលដាលនៅក្នុងតំបន់ Wuhan ខេត្ត Hubei ប្រទេសចិន កាលពីខែធ្នូ ឆ្នាំ2019។ មកដល់ពេលនេះ អាសន្នរោគនេះបានឆ្លងទៅដល់ប្រទេស និងដែនដីចំនួន 64នៅទូទាំងពិភពលោក ហើយវាបានសម្លាប់មនុស្សជិត 3,000នាក់ និងមនុស្សជាង 86,000នាក់ បានឆ្លងមេរោគនេះ។
ចំណែកអូស្ត្រាលី ក៏មានអ្នកស្លាប់ដំបូងគេបង្អស់ដោយសារអាសន្នរោគកូរ៉ូណា Covid-19។ បុរសអ្នកជំងឺកូរ៉ូណានេះរស់នៅឯតំបន់ Perth ហើយគាត់បានស្លាប់នៅក្នុងមន្ទីរពេទ្យ Sir Charles Gairdner ខណៈកំពុងទទួលការព្យាបាល។ ប្រទេសអូស្ត្រាលី ក៏មានអ្នកជំងឺកូរ៉ូណាចំនួន25នាក់ផងដែរ៕
ប្រភព៖ សារព័ត៌មានបរទេស