ប្រទេសអ៊ីតាលី បានរកឃើញអ្នកឆ្លងវីរុសកូរ៉ូណា Covid-19 ចំនួន240នាក់បន្ថែមទៀតហើយ ធ្វើឱ្យចំនួនអ្នកជំងឺកូរ៉ូណានៅប្រទេសនេះ កើនឡើងដល់1,128នាក់ ក្នុងនោះមាន29នាក់បានបាត់បង់ជីវិត។
ប្រធានមជ្ឈមណ្ឌលការពារជនស៊ីវិលអ៊ីតាលី Angelo Borrelli កាលពីម្សិលមិញបានឱ្យដឹងថា គ្រាន់តែរយៈពេល24ម៉ោង ប្រទេសនេះបានរកឃើញអ្នកឆ្លងមេរោគ Covid-19 ចំនួន240នាក់ និងអ្នកស្លាប់8នាក់បន្ថែមទៀត។ ចំនួនអ្នកមានផ្ទុកមេរោគកូរ៉ូណាសរុបនៅអ៊ីតាលី បានកើនដល់ 1,128នាក់ ក្នុងនោះមាន29នាក់បានស្លាប់ និង50នាក់បានជាសះស្បើយ ដែលករណីទាំងនេះភាគច្រើនកើតឡើងនៅក្នុងតំបន់ Lombardy, Veneto និងតំបន់ Emilia Rmagna។ តំបន់ Lombardy មានអ្នកផ្ទុកមេរោគ Covid-19 ច្រើនជាងគេបង្អស់នៅអ៊ីតាលី។
ប្រទេសអ៊ីតាលីគឺជាសម្បុកមេរោគកូរ៉ូណា Covid-19 ធំជាងគេនៅអឺរ៉ុប ហើយអាសន្នរោគកូរ៉ូណានៅប្រទេសនេះ ក៏បានឆ្លងរាលដាលទៅដល់ប្រទេសផ្សេងៗក្នុងតំបន់ផងដែរ។ ក្រុមមន្ត្រីសុខាភិបាលអ៊ីតាលី បានឱ្យដឹងថា មន្ទីរពេទ្យនានានៅក្នុងតំបន់សម្បុកមេរោគកូរ៉ូណាក្នុងប្រទេសនេះ បានពេញស្ទើរតែទាំងអស់ទៅហើយ និងបានព្រមានថា បើសិនអ្នកជំងឺកូរ៉ូណានៅតែកើនឡើងបន្តទៀត មន្ទីរពេទ្យក្នុងប្រទេសនេះនឹងជួបវិបត្តិខ្វះគ្រែសម្រាប់សម្រាកព្យាបាល ហើយនឹងខ្វះមន្ទីរពេទ្យផងដែរ។
ដើម្បីទប់ស្កាត់ការឆ្លងរាលដាលរបស់មេរោគកូរ៉ូណា រដ្ឋាភិបាលប្រទេសអ៊ីតាលី កាលពីសប្ដាហ៍មុន បានចេញបទបញ្ជា ហាមមិនឱ្យប្រជាជនប្រមូលផ្ដុំគ្នា នៅឯភាគខាងជើងប្រទេស ហើយក៏បានបិទទ្វារសាលារៀនរហូតដល់ថ្ងៃទី8មិនាទៀតផង។
អាសន្នរោគកូរ៉ូណា Covid-19 បានចាប់ផ្ដើមឆ្លងរាលដាលនៅក្នុងតំបន់ Wuhan ខេត្ត Hubei ប្រទេសចិន កាលពីខែធ្នូ ឆ្នាំ2019។ មកដល់ពេលនេះ អាសន្នរោគនេះបានឆ្លងទៅដល់ប្រទេស និងដែនដីចំនួន 64នៅទូទាំងពិភពលោក ហើយវាបានសម្លាប់មនុស្សជិត 3,000នាក់ និងមនុស្សជាង 86,000នាក់ បានឆ្លងមេរោគនេះ៕
ប្រភពសារព័ត៌មានបរទេស