មន្ត្រីសុខាភិបាលកូរ៉េខាងត្បូងព្រមានថា មេរោគកូរ៉ូណា Covid-19 នឹងឆ្លងរាលដាលកាន់តែខ្លាំងនៅសប្ដាហ៍ក្រោយ ដូច្នេះ អាជ្ញាធរបានណែនាំឱ្យពលរដ្ឋត្រូវនៅតែក្នុងផ្ទះ ចៀសវាងកន្លែងដែលមានមនុស្សច្រើន។
គិតមកដល់ល្ងាចនេះ(29កុម្ភៈ) កូរ៉េខាងត្បូងមានអ្នកឆ្លងមេរោគកូរ៉ូណា Covid-19 សរុប 3,150នាក់ និងអ្នកស្លាប់មានចំនួន17នាក់។ ក្នុងចំណោមអ្នកមានផ្ទុកមេរោគខាងលើ គឺមានអ្នកជំងឺជាង2,000នាក់នៅក្នុងតំបន់ Daegu គឺប្រមាណជា70% ក្នុងនោះភាគច្រើនមានជាប់ទាក់ទិននឹងវិហារសាសនា Shincheonji។
អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលកូរ៉េខាងត្បូង លោក Kim Gang-lip បានឱ្យដឹងថា “អត្រានៃការឆ្លងមេរោគកូរ៉ូណារបស់ក្រុមសាសនិកដែលជាសមាជិកវិហារ Shincheonji គឺមានខ្ពស់។ ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ តួលេខអ្នកមានផ្ទុកមេរោគកូរ៉ូណា Covid-19 នៅតំបន់ Daegu នឹងកើនឡើងច្រើន នៅពេលដែលមន្ទីរពេទ្យនានាបានបញ្ចប់ការធ្វើតេស្តទៅលើសមាជិកទាំង 9,300នាក់របស់វិហារ Shincheonji។
គិតមកដល់ពេលនេះ ពិភពលោកទាំងមូល មានអ្នកផ្ទុកមេរោគកូរ៉ូណា Covid-19 សុប 85,406នាក់ និងអ្នកដែលបានស្លាប់ដោយសារអាសន្នរោគនេះ កើនដល់ 2,924នាក់។ កូរ៉េខាងត្បូង មានអ្នកផ្ទុកមេរោគកូរ៉ូណាច្រើនជាងគេលំដាប់ទី2ក្នុងពិភពលោក បន្ទាប់ពីប្រទេសចិន និងមានអ្នកស្លាប់ច្រើនជាងគេលំដាប់ទី4 បន្ទាប់ពីចិន អ៊ីរ៉ង់ និងអ៊ីតាលី៕
ប្រភព៖ សារព័ត៌មានបរទេស