ក្រុមអ្នកជំនាញបានព្រមានថា ចំនួនអ្នកកំពុងផ្ទុកមេរោគកូរ៉ូណា Covid-19 អាចនឹងមានច្រើនជាងតួលេខដែលបានកត់ត្រា ព្រោះថា មានករណីជាច្រើន អ្នកជំងឺពុំមានរោគសញ្ញានៃជំងឺកូរ៉ូណានោះទេ ហើយពួកគេក៏មិនបានទទួលការពិនិត្យ និងព្យាបាល ដូច្នេះ អ្នកជំងឺទាំងនេះមិនទាន់ត្រូវបានរាប់បញ្ចូលក្នុងបញ្ជីនៃអ្នកជំងឺកូរ៉ូណានៅឡើយ។
នៅឯតំបន់ Anyang ប្រទេសចិន សមាជិក5នាក់របស់គ្រួសារមួយ ត្រូវបានពិនិត្យឃើញថាមានផ្ទុកមេរោគកូរ៉ូណា Covid-19 ក្រោយពីបានទទួលភ្ញៀវម្នាក់មកពីទីក្រុង Wuhan កាលពីដើមខែមករា។ ប៉ុន្តែ ភ្ញៀវដែលមានអាយុ20ឆ្នាំរូបនោះ មិនមានរោគសញ្ញាអ្វីទាំងអស់ទាក់ទិននឹងជំងឺកូរ៉ូណា Covid-19។
ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា អ្នកផ្ទុកមេរោគ Covid-19 អាចចម្លងមេរោគនេះទៅកាន់អ្នកដទៃ សូម្បីតែនៅពេលពួកគេមិនមានរោគសញ្ញានៃជំងឺនេះ។
អ្នកផ្ទុកមេរោគក្នុងខ្លួន ប៉ុន្តែមិនមានរោគសញ្ញា គឺជាករណីដែលកើតមានច្រើន។ ប៉ុន្តែ Covid-19 គឺជាមេរោគឆ្លងប្រភេទថ្មី ហើយការដែលអ្នកជំងឺកូរ៉ូណាមិនមានរោគសញ្ញាអ្វីសោះបែបនេះ ធ្វើឱ្យការប្រឹងប្រែងក្នុងការស្វែងរកមេរោគកូរ៉ូណា កាន់តែមានភាពស្មុគស្មាញជាងមុន ហើយការគ្រប់គ្រងការឆ្លងរាលដាលក៏ជួបបញ្ហាច្រើនផងដែរ។
លោកវេជ្ជបណ្ឌិត Anthony Fauci នាយកវិទ្យាស្ថានជាតិនៃជំងឺឆ្លង និងជំងឺអាឡែរហ្សីសហរដ្ឋអាអាមេរិកថ្លែងថា៖ “ខ្ញុំគិតថា ពេលនេះ យើងលែងសង្ស័យអំពីការដែលអ្នកណាម្នាក់អាចចម្លងមេរោគកូរ៉ូណាទៅឱ្យអ្នកដទៃ បើទោះពួកគេគ្មានរោគសញ្ញា”។
លោកបណ្ឌិតបន្តថា នៅពេលដែលអ្នកមានផ្ទុកវីរុសប៉ុន្តែមិនមានរោគសញ្ញាក្លាយជាកត្តាសំខាន់ក្នុងការចម្លងមេរោគនោះការធ្វើតេស្តរកមេរោគក៏នឹងត្រូវទទួលបន្ទុកធ្ងន់ធ្ងរ ហើយត្រូវយកចិត្តទុកដាក់ជាងបច្ចុប្បន្ន។
បច្ចុប្បន្ន មជ្ឈមណ្ឌលទប់ស្កាត់ និងគ្រប់គ្រងរោគឆ្លងសហរដ្ឋអាមេរិក បានអនុញ្ញាតឱ្យមានការធ្វើតេស្តរកមេរោគទៅលើតែមនុស្សណាដែលមានរោគសញ្ញា និងធ្លាប់ទៅកាន់ប្រទេសចិនថ្មីៗនេះ ឬមួយអ្នកដែលធ្លាប់នៅក្បែរអ្នកផ្ទុកមេរោគកូរ៉ូណាប៉ុណ្ណោះ។ ក៏ប៉ុន្តែ ក្រុមមន្ត្រីសុខាភិបាលយល់ថា ការកំណត់ ឬលក្ខណនេះអាចនឹងត្រូវពិនិត្យឡើងវិញ។
វេជ្ជបណ្ឌិត Michael Osterholm អគ្គនាយកមជ្ឈមណ្ឌលគោលនយោបាយ និងសិក្សាស្រាវជ្រាវរោគឆ្លងនៃមហាវិទ្យាល័យ Minnesota បានឱ្យដឹងថា “យើងប្រហែលជាបានរំលងចោលអ្នកជំងឺជាច្រើនដែលមិនស្ថិតនៅក្នុងលក្ខណខាងលើ”។
អ្នកដែលមានផ្ទុកមេរោគ ប៉ុន្តែមិនមានរោគសញ្ញា ពិតជាមានឱកាសច្រើនក្នុងចម្លងមេរោគទៅអ្នកផ្សេង។ ពួកគេមានសុខភាពល្អក្នុងដំណាក់កាលដំបូង និងអាចធ្វើដំណើរទៅកាន់ទីកន្លែងផ្សេងៗ និងជួបមនុស្សជាច្រើន។ អ្នកជំងឺបែបនេះ មិនមានមូលហេតុណាដែលនាំឱ្យពួកគេមិនហ៊ាននៅក្បែរហ្វូងមនុស្ស ចាប់ដៃគ្នា ឬឱបថើបគ្នានោះទេ។ ពួកគេមិនដឹងថា ខ្លួនឯងមានជំងឺ ហើយក៏មិនមានអ្នកណាម្នាក់ដឹងថា គេនោះមានជំងឺកូរ៉ូណានោះដែរ។
អ្នកជំងឺដូចខាងលើ ពិតជាបង្កការលំបាកដល់ការស្វែងរកអ្នកជំងឺ ប្រការបានបង្ហាញថា លក្ខណ ឬគោលការណ៍នៃការគ្រប់គ្រងការឆ្លងរាលដាលនៃមេរោគនាបច្ចុប្បន្ន គឺមិនទាន់គ្រប់គ្រាន់។
នៅក្នុងខែនេះ អាល្លឺម៉ង់ បានជម្លៀសពលរដ្ឋ126នាក់មកពីទីក្រុង Wuhan ដែលជាសម្បុកមេរោគកូរ៉ណាដ៏ធំនៅប្រទេសចិន។ ក្នុងចំណោមមនុស្សចំនួន126នាក់ មាន10នាក់ត្រូវបានបង្ខាំងឱ្យនៅដាច់ដោយឡែក ព្រោះមានសុខភាពមិនល្អ និងសង្ស័យថាមានផ្ទុកមេរោគ។ ប៉ុន្តែ ពួកគេទាំងអស់ត្រូវបានធ្វើតេស្តរកមេរោគ។
លទ្ធផលនៃការពិនិត្យសុខភាពបានបង្ហាញថា មនុស្សទាំង10នាក់ដែលបានបង្ខាំងឱ្យនៅដាច់ដោយឡែក មិនមានមេរោគកូរូណានោះទេ ក្នុងពេលដែលមនុស្ស2នាក់ផ្សេងទៀតដែលមានសុខភាពល្អ បែរជាមានផ្ទុកមេរោគទៅវិញ។
គិតមកដល់ពេលនេះ(29កុម្ភៈ) នៅទូទាំងពិភពលោក មានអ្នកផ្ទុកមេរោគកូរ៉ូណា Covid-19 ចំនួនជាង85,176នាក់ ប៉ុន្តែ អ្នកដែលបានឆ្លងមេរោគនេះ អាចមានច្រើនជាងនេះ ដោយសារតែប្រទេសមួយចំនួនមិនបានធ្វើតេស្តផ្ទាល់ទៅលើមនុស្ស ដោយគ្រាន់តែវាស់កម្ដៅខ្លួន ឬមិនមានធនធានគ្រប់គ្រាន់ដើម្បីធ្វើតេស្ត។
អ្នកជំនាញផ្នែកសុខាភិបាលជាច្រើនមានការព្រួយបារម្ភថា ការឆ្លងមេរោគពីមនុស្សម្នាក់ដែលមិនមានរោគសញ្ញា ប្រហែលជាកំពុងកើតមាននៅតាមទីសាធារណៈនៅអាមេរិក។ ប្រការនេះក៏នឹងកើតឡើងនៅតាមបណ្ដាប្រទេសផងដែរផ្សេងៗទៀតផងដែរ។
យោងតាមវេជ្ជបណ្ឌិត Sandra Ciesek មកពីវិទ្យាស្ថានវីរុសសាស្ត្រនៃសកលវិទ្យាល័យ Frandfurt បញ្ហានៅទីនេះគឺ “ធម្មតា យើងមិនធ្វើតេស្តទៅលើអ្នកដែលមានសុខភាពល្អ មិនមានរោគសញ្ញា ព្រោះថាការធ្វើតេស្តគឺវាមានតម្លៃខ្ពស់ខ្លាំងណាស់”។ នេះបើតាម New York Times។
អ្នកស្រីវេជ្ជបណ្ឌិតបន្ថែមថា “ប្រការនេះបង្ហាញថា យើងអាចមានអ្នកជំងឺកូរ៉ូណានៅទូទាំងពិភពលោក ច្រើនជាងការរំពឹងទុក”៕
ប្រភព៖ សារព័ត៌មានបរទេស