អង្គការសុខភាពពិភពលោក(WHO) បានបង្កើនការព្រមានអំពីការឆ្លងរាលដាលនៃមេរោគកូរ៉ូណា Covid-19 ពី “កម្រិតខ្ពស់ ទៅ “កម្រិតខ្ពស់ខ្លាំង” ដោយសារតែមានការកើនឡើងនៃករណីឆ្លង និងមានប្រទេសកាន់តែច្រើនឡើងៗ ត្រូវរងផលប៉ះពាល់។
ប្រធានអង្គការសុខភាពពិភពលោក WHO លោក Tedros Adhanom Ghebreyesus បានថ្លែងថា៖ “បច្ចុប្បន្ន យើងបានបង្កើនការវាយតម្លៃអំពីហានិភ័យនៃការឆ្លងរាលដាល និងផលប៉ះពាល់បង្កឡើងដោយអាសន្នរោគ Covid-19 ឡើងទៅកម្រិតខ្ពស់ខ្លាំងនៅទូទាំងពិភពលោក”។ លោកយល់ថា តួលេខនៃករណីឆ្លង និងចំនួនប្រទេសដែលមានករណីឆ្លងមេរោគកូរ៉ូណា បានកើនឡើងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ “ជាក់ស្ដែងវាពិតជាគួរឱ្យព្រួយបារម្ភ”។
បណ្ឌិត Mike Ryan ប្រធានកម្មវិធីសុខភាពបន្ទាន់របស់ WHO បានឱ្យដឹងថា “ខ្ពស់ខ្លាំង” គឺជាកម្រិតនៃ “ការវាយតម្លៃខ្ពស់បំផុតអំពីហានិភ័យនៃការឆ្លង និងផលប៉ះពាល់” របស់អាសន្នរោគ។
ក៏ប៉ុន្តែ លោក Ryan បានថ្លែងថា WHO មិនមានបំណងបំភ័យអ្នករាល់គ្នានោះទេ។ នេះគឺជាការត្រួតពិនិត្យជាក់ស្ដែងរបស់រដ្ឋាភិបាលនៃប្រទេសនីមួយៗនៅលើពភពផែនដីនេះ៖ ចូរភ្ញាក់រឭក។ ចូរត្រៀមខ្លួនឱ្យហើយ។ វីរុសនេះអាចកំពុងធ្វើដំណើរឆ្ពោះទៅរកអ្នក ហើយអ្នកត្រូវតែត្រៀមខ្លួនឱ្យបានរួចរាល់។ អស់លោក លោកស្រី មានកាតព្វកិច្ចចំពោះពលរដ្ឋរបស់ខ្លួន និងពិភពលោកទាំងមូល”។
ចំណែកប្រធានអង្គការ WHO វិញក៏មានប្រសាសន៍ស្រដៀងគ្នានេះដែរ និងបានលើកទឹកចិត្តចំពោះរដ្ឋាភិបាលនានា៖ “យើងនៅតែមានឱកាសគ្រប់គ្រងអាសន្នរោគនេះ។ គន្លឹះដើម្បីគ្រប់គ្រងអាសន្នរោគនេះបាន នោះគឺបំបាត់ខ្សែសង្វាក់នៃការឆ្លងរាលដាល”។ លោកមានប្រសាសន៍បែបនេះ គឺសំដៅទៅលើការអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាលដាលរបស់វីរុស។
លោក Michael Ryan យល់ថា “ពិតជាគ្មានន័យ” នៅពេលសួរថាតើអាសន្នរោគនេះអាចចាត់ទុកថាជា “មហាអាសន្នរោគ” ដែរ ឬទេ?។ បើសិន WHO ចាត់ទុកនេះជាមហាអាសន្នរោគ “ជាមូលដ្ឋាន យើងទាំងអស់គ្នានឹងទទួលស្គាល់ថា មនុស្សគ្រប់រូបនៅលើភពផែនដីនឹងនៅជាមួយវីរុសនោះ។ ទិន្នន័យមិនបានបង្ហាញអំពីប្រការនេះនោះទេ”។
Tedros ថ្លែងថា “សត្រូវធំបំផុតរបស់យើង មិនមែនជាវីរុសនោះទេ ប៉ុន្តែវាជាការភ័យខ្លាច ព័ត៌មានចចាមអារ៉ាមដែលបង្កឱ្យមានភាពវឹកវរ និងការរើសអើង។ ទ្រព្យធំបំផុតរបស់យើងនោះគឺការពិត ភាពសមហេតុសមផល រួមនឹងសាមគ្គីភាព”។
ប្រធានអង្គការសុខភាពពិភពលោកក៏បានឱ្យដឹងដែរថា វ៉ាក់សាំងចំនួនជាង20ប្រភេទ កំពុងត្រូវបានអភិវឌ្ឍនៅទូទាំងពិភពលោក ហើយវិធីព្យាបាលមួយចំនួនក៏ត្រូវបានសាកល្បងនៅលើមនុស្ស ដែលលទ្ធផលនៃការពិសោធនេះនឹងត្រូវប្រកាសឱ្យដឹងក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខទៀត”។
អាសន្នរោគកូរ៉ូណា Covid-19 បានចាប់ផ្ដើមឆ្លងរាលដាលចេញពីតំបន់ Wuhan ខេត្ត Hubei នៃប្រទេសចិន កាលពីចុងឆ្នាំ2019។ មកពេលនេះ អាសន្នរោគកូរ៉ូណានេះ បានឆ្លងទៅមនុស្សចំនួនជាង 85,146នាក់ និងបានសម្លាប់មនុស្សសរុប2,923នាក់នៅទូទាំងពិភពលោក៕
ប្រភព៖ សារព័ត៌មានបរទេស