អាជ្ញាធរកូរ៉េខាងត្បូងកំពុងប្រឹងប្រែងដាក់គ្រែបន្ថែមឱ្យបានច្រើនជាអតិបរមានៅក្នុងបណ្ដាមន្ទីរពេទ្យនៃតំបន់ស្នូលរបស់មេរោគកូរ៉ូណា ខណៈដែលមន្ទីរពេទ្យនានានៅទីនេះ បានទទួលអ្នកជំងឺលើសចំណុះទៅហើយ។
ទីភ្នាក់ងារសារព័ត៌មាន Yonhap បានចេញផ្សាយថា អ្នកជំងឺទី13ដែលបានស្លាប់ដោយសារវីរុសកូរ៉ូណា Covid-19 នៅកូរ៉េខាងត្បូងគឺជាបុរសម្នាក់មានអាយុ75ឆ្នាំ រស់នៅក្នុងតំបន់ Daegu ដែលជាតំបន់ស្នូលនៃអាសន្នរោគ Covid-19។ បុរសវ័យចំណាស់នេះ មានអាការគ្រុនក្ដៅចាប់ពីថ្ងៃទី22កុម្ភៈ និងត្រូវបានពិនិត្យឃើញថាមានផ្ទុកមេរោគកូរ៉ូណា Covid-19។ ប៉ុន្តែ គាត់មិនអាចចូលសម្រាកព្យាបាលនៅឯមន្ទីរពេទ្យបាន ហើយត្រូវបង្ខំចិត្តបង្ខាំងខ្លួនឯងនៅផ្ទះរបស់គាត់ ព្រោះតែមន្ទីរពេទ្យទាំងអស់នៅក្នុងទីក្រុង Daegu សុទ្ធតែលើសចំណុះ មិនមានគ្រែសម្រាប់អ្នកជំងឺថ្មី។
បុរសខាងលើគឺជាអ្នកជំងឺម្នាក់ក្នុងចំណោមអ្នកជំងឺកូរ៉ូណា Covid-19 រាប់រយនាក់ ដែលមិនអាចចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបាន បើទោះមានរោគសញ្ញានៃជំងឺកូរ៉ូណា ឬត្រូវបានគេពិនិត្យឃើញថាមានផ្ទុកមេរោគនេះក៏ដោយ។ មូលហេតុចម្បងនៃករណីខាងលើនេះ គឺកើតឡើងដោយសារមន្ទីរពេទ្យទាំងអស់ បានទទួលអ្នកជំងឺ Covid-19 ច្រើនហួសកំណត់រួចហើយ។
ដោយសារមូលហេតុខាងលើនេះ ទើបមន្ត្រីសុខាភិបាលទីក្រុង Daegu សម្រេចឱ្យអ្នកជំងឺដែលមិនទាន់មានឱកាសចូលពេទ្យ ត្រូវត្រឡប់ទៅសម្រាកព្យាបាល និងនៅដាច់ដោយឡែកនៅឯផ្ទះ ដោយគ្រូពេទ្យនឹងទូរស័ព្ទទៅសួរសុខទុក្ខអ្នកជំងឺ2ដងក្នុង1ថ្ងៃ។ ដល់ព្រឹកថ្ងៃទី27កុម្ភៈ បុរសវ័យ75ឆ្នាំដែលជាអ្នកជំងឺកូរ៉ូណា Covid-19 ក៏ចាប់ផ្ដើមមានអាការពិបាកដកដង្ហើម ហើយក៏បានបាត់បង់ជីវិតមុនពេលត្រូវបានបញ្ជូញទៅកាន់មន្ទីរពេទ្យ។
“យើងពិតជាមានការសោកស្ដាយខ្លាំងណាស់ដែលអ្នកជំងឺនេះមិនមានឱកាសចូលសម្រាកព្យាបាលនៅឯមន្ទីរពេទ្យឱ្យទាន់ពេល” នេះគឺជាការថ្លែងរបស់អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលកូរ៉េខាត្បូង លោក Kim Gan-lip។
កូរ៉េខាងត្បូង បច្ចុប្បន្នគឺជាប្រទេសដែលមានអ្នកផ្ទុកមេរោគកូរ៉ូណា Covid-19 ចំនួន2,337នាក់ គឺច្រើនជាងគេលំដាប់ទី2ក្នុងពិភពលោក បន្ទាប់ពីប្រទេសចិន និងជាប្រទេសដែលមានអ្នកស្លាប់ចំនួន13នាក់ គឺច្រើនជាងគេលំដាប់ទី4 បន្ទាប់ពីចិន(2,788នាក់) អ៊ីរ៉ង់(34នាក់) និងអ៊ីតាលី(17នាក់)៕
ប្រភព៖ សារព័ត៌មានបរទេស