នៅប្រទេសអ៊ីរ៉ង់ អាសន្នរោគកូរ៉ូណា Covid-19 បានសម្លាប់មនុស្សបន្ថែម8នាក់ និងបានឆ្លងទៅមនុស្សចំនួន134នាក់បន្ថែមទៀត ធ្វើឱ្យចំនួនអ្នកផ្ទុកមេរោគនេះនៅអ៊ីរ៉ង់ កើនឡើងដល់388នាក់។
“388នាក់ត្រូវបានរកឃើញថាមានផ្ទុកមេរោគ Covid-19 និងមនុស្សចំនួន34នាក់បានបាត់បង់ជីវិត បើគិតមកដល់ថ្ងៃទី28កុម្ភៈនេះ។ អ្នកឆ្លងមេរោគថ្មីចំនួន64ករណី ត្រូវបានរកឃើញនៅក្នុងរដ្ឋធានី Tehran។ ខេត្តចំនួន64របស់អ៊ីរ៉ង់ ត្រូវបានរាយការណ៍ថាមានករណីឆ្លងមេរោគកូរ៉ូណា Covid-19” នេះបើតាមអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលអ៊ីរ៉ង់ Kianooush Jahanpour ដែលបានថ្លែងនៅលើកញ្ចក់ទូរទស្សន៍នៅក្នុងថ្ងៃនេះ។
បច្ចុប្បន្ន អ៊ីរ៉ង់គឺជាប្រទេសដែលមានអ្នកស្លាប់ដោយសារអាសន្នរោគកូរ៉ូណា Covid-19 ច្រើនជាងគេបំផុតក្នុងពិភពលោក បន្ទាប់ពីប្រទេសចិន។
មន្ត្រីជាន់ខ្ពស់របស់អ៊ីរ៉ង់ជាច្រើនរូបបានឆ្លងមេរោគដ៏កាចសាហាវ Covid-19 នេះ ក្នុងនោះមានអនុប្រធានាធិបតីអ៊ីរ៉ង់ លោកស្រី Masoumeh Ebtekar ប្រធានគណៈកម្មការទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខជាតិរបស់សភាអ៊ីរ៉ង់ លោក Mojtaba Zolnour អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Iraj Harirchi និងសមាជិកសភាអ៊ីរ៉ង់ លោក Mahmoud Sadeghi។
សូមរំឭកថា អាសន្នរោគកូរ៉ូណា Covid-19 បានចាប់ផ្ដើមឆ្លងរាលដាលដំបូងកាលពីចុងឆ្នាំ2019នៅប្រទេសចិន។ គិតមកដល់ពេលនេះ នៅទូទាំងពិភពលោក មានអ្នកជំងឺកូរ៉ូណា Covid-19 ចំនួន 83,774នាក់ និងមានអ្នកស្លាប់ចំនួន2,867នាក់ ដោយសារអាសន្នរោគកូរ៉ូណានេះ៕
ប្រភព៖ សារព័ត៌មានបរទេស