សារព័ត៌មានក្នុងទីក្រុងហុងកុង បានរាយការណ៍ថា រកឃើញសត្វឆ្កែរបស់អ្នកឆ្លងមេរោគវីរុស COVID-19 ម្នាក់ មានលទ្ធផលពីការពិនិត្យ វិជ្ជមាន(+) តែនៅមិនទាន់មានភ័ស្តុតាងជាក់ច្បាស់នៅឡើយ និងកំពុងត្រៀមពិនិត្យម្ដងទៀតដើម្បីឱ្យច្បាស់ប្រាកដថា តើសត្វចិញ្ចឹមនេះ ឆ្លងពីមនុស្ស ឬជាប្រភពចម្លងមេរោគមកមនុស្ស?។
ថ្ងៃនេះ(ទី28កុម្ភៈ) វេបសាយ សៅ ឆាយណា ម៉នីង ផូស្ត បានរាយការណ៍ថា សុនខពូជ ផូមេរ៉ានៀន (Pomeranian)មួយក្បាលរបស់អ្នកឆ្លងមេរោគវីរុស COVID-19 ក្នុងទីក្រុងហុងកុង ត្រូវបានធ្វើការពិសោធថា តើមានឆ្លងមេរោគឬទេ? ហើយលទ្ធផលដែលចេញមកគឺ វិជ្ជមាន(+)បង្ហាញថា មានឆ្លងមេរោគ បន្ទាប់ពីបានប៉ះពាល់ជាមួយម្ចាស់វារួចមក។
ចំណែកក្រុមមន្ត្រីក្រសួងកសិកម្ម នេសាទ និងការអភិរក្សរបស់ទីក្រុងហុងកុង បានឱ្យដឹងថា សុនខ 1ក្បាលនោះមិនបានបង្ហាញអាការជំងឺអ្វីទាំងអស់ និងមិនមានភ័ស្ថុតាងបញ្ជាក់ថា សត្វចិញ្ចឹមអាចឆ្លងមេរោគពីមនុស្ស ឬជាប្រភពចម្លងមេរោគមកមនុស្សបានទេ។
ទាំងអស់នេះ ជាបឋម អាជ្ញាធរបានដំណើរការបង្ខាំងសត្វសុនខនោះទុកដោយឡែករយៈពេល 14ថ្ងៃ និងធ្វើការពិសោធបន្ថែមទៀត ដើម្បីបញ្ជាក់ឱ្យបានច្បាស់ថា តើសុនខ 1ក្បាលនេះបានឆ្លងមេរោគ COVID-19 មែន ឬជាផលប៉ះពាល់ពីសភាវបរិស្ថានផ្សេងៗដែលចូលទៅក្នុងច្រមុះ និងមាត់របស់វា?។
យ៉ាងណាក៏ដោយ អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា គ្មានភ័ស្ថុតាងណាមួយបញ្ជាក់ថា សត្វចិញ្ចឹម ដូចជាឆ្កែ ឬឆ្មាអាចឆ្លងមេរោគ COVID-19 បានឡើយ តែម្ចាស់សត្វចិញ្ចឹម គួរតែលាងដៃឱ្យបានស្អាតគ្រប់ពេលដែលប៉ះពាល់ ឬលេងជាមួយសត្វចិញ្ចឹមរួចហើយ៕
ប្រភព ៖ សារព័ត៌មានបរទេស