បណ្ដាប្រទេស និងដែនដីជាច្រើនក្នុងពិភពលោក បានចាប់ផ្ដើមហាម ឬរឹតបន្តឹងការផ្ដល់ទិដ្ឋាការចំពោះអ្នកដំណើរដែលមកពីកូរ៉េខាងត្បូង ក្នុងស្ថានភាពដែលអាសន្នរោគកូរ៉ូណា Covid-19 កំពុងរាតត្បាតប្រទេសនេះ។
ទីភ្នាក់ងារសារព័ត៌មាន Yonhap ដកស្រង់ព័ត៌មានពីក្រសួងការបរទេសរបស់កូរ៉េខាងត្បូងបានឱ្យដឹងថា ប្រទេស និងដែនដីចំនួន27នៅលើពិភពលោក បានហាមមិនឱ្យចូលទឹកដីរបស់ពួកគេ ចំពោះពលរដ្ឋកូរ៉េខាងត្បូង ឬជនបរទេសទាំងឡាយណាដែលធ្លាប់បានមកកាន់កូរ៉េខាងត្បូងក្នុងអំឡុងប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។
ប្រទេសមួយចំនួននៅអឺរ៉ុប ក៏ចាប់ផ្ដើមរឹតបន្តឹងការបង្ខាំងឱ្យនៅដាច់ដោយឡែកចំពោះអ្នកដំណើរដែលមកពីប្រទេសកូរ៉េខាងត្បូង ក្នុងនោះមានប្រទេស ស៊ែប៊ី (Serbia) ប្រទេសអ៊ីស្លង់(Iceland) និងប្រទេសក្រូអាត(Croatia)។ ប្រទេសមួយចំនួនផ្សេងទៀតក៏បានរឹតបន្តឹងទៅលើការបង្ខាំងឱ្យនៅដាច់ដោយឡែកចំពោះអ្នកដំណើរដែលមកពីតំបន់ដែលមានការរាតត្បាតពីអាសន្នរោគកូរ៉ូណា ដូចជាប្រទេស ជប៉ុន សិង្ហបុរី និងអ៊ីតាលីជាដើម។ គិតមកដល់ពេលនេះ ប្រទេស និងដែនដីសរុបចំនួន25 រួមនឹងប្រទេសចិនផងដែរ បានចាប់ផ្ដើមរឹតបន្តឹងការបង្ខាំងឱ្យនៅដាច់ដោយឡែកចំពោះអ្នកដំណើរដែលមកពីកូរ៉េខាងត្បូង។
ការរឹតបន្តឹងខាងលើនេះ ត្រូវបានគេធ្វើឡើងដោយសារតែមានការព្រួយបារម្ភអំពីការឆ្លងរាលដាលនៃមេរោគកូរ៉ូណាCovid-19 ដែលកំពុងរាតត្បាតនៅកូរ៉េខាងត្បូង។ យោងតាមមជ្ឈមណ្ឌលទប់ស្កាត់ និងគ្រប់គ្រងជំងឺរបស់កូរ៉េខាងត្បូង គិតមកត្រឹមព្រឹកថ្ងៃទី28កុម្ភៈនេះ កូរ៉េខាងត្បូងមានអ្នកឆ្លងមេរោគកូរ៉ូណាចំនួន 2,022នាក់ និងអ្នកស្លាប់ដោយសារមេរោគនេះចំនួន13នាក់។
វីរុសកូរ៉ូណា Covid-19 បានឆ្លងរាលដាលនៅប្រទេសចិនកាលពីចុងឆ្នាំ2019 មកដល់ពេលនេះ អាសន្នរោគនេះបានឆ្លងទៅប្រទេស និងដែនដីយ៉ាងតិច50នៅក្នុងពិភពលោក បណ្ដាលឱ្យមានអ្នកស្លាប់ជាង2,800នាក់ និងជាង82,000នាក់បានឆ្លងមេរោគ ក្នុងនោះភាគច្រើនគឺនៅប្រទេសចិន។ ក្នុងពេលដែលអាសន្នរោគនេះនៅប្រទេសចិន ហាក់ស្ថិតក្នុងការគ្រប់គ្រងបន្តិចម្ដងៗ ប្រទេសផ្សេងៗដូចជាកូរ៉េខាងត្បូង ជប៉ុន អ៊ីតាលី និងអ៊ីរ៉ង់ជាដើម បានលេចឡើង ក្លាយជាតំបន់សម្បុកមេរោគថ្មី។ អង្គការសុខភាពពិភពលោក WHO កាលពីថ្ងៃទី27កុម្ភៈបានព្រមានថា នេះគឺជា “ដំណាក់កាលផ្ដាច់ព្រ័ត្រ” ហើយប្រទេសទាំងអស់ត្រូវតែប្រញាប់ធ្វើសកម្មភាពដើម្បីទប់ស្កាត់ការឆ្លងរាលដាលខ្លាំងជាងនេះ៕
ប្រភព៖ សារព័ត៌មានបរទេស