អាជ្ញាធរទីក្រុង Daegu បានបិទទ្វារការិយាល័យជាច្រើនកន្លែង ក្រោយពីមានមន្ត្រី5នាក់ ត្រូវបានពិនិត្យឃើញមានផ្ទុកវីរុសកូរ៉ូណា Covid-19 ខណៈចំនួនអ្នកបានឆ្លងមេរោគនេះ ក្នុងទីក្រុង Daegu ក៏បានកើនឡើងដល់ជាង1,000នាក់។
ក្រុមមន្ត្រីសុខាភិបាលនៃទីក្រុង Daegu ភាគអាគ្នេយ៍នៃប្រទេសកូរ៉េខាងត្បូង កាលពីម្សិលមិញ បានបញ្ជាក់ថា មានមន្ត្រីរដ្ឋការចំនួន5នាក់ បានឆ្លងមេរោគកូរ៉ូណា Covid-19 ក្រោយពីមន្ត្រី2រូបផ្សេងទៀតត្រូវបានរកឃើញថា មានផ្ទុកមេរោគនេះកាលពីដើមសប្ដាហ៍។
ម្នាក់ក្នុងចំណោមមន្ត្រី3រូបដែលបានក្លាយជាអ្នកជំងឺកូរ៉ូណាថ្មីនោះ គឺជាមន្ត្រីដែលបម្រើការក្នុងនាយកដ្ឋានសំណង់នៃរដ្ឋបាលទីក្រុង ហើយអគារដែលមន្ត្រីម្នាក់នេះកំពុងរស់នៅ ត្រូវបានអាជ្ញាធរបិទមិនឱ្យចេញចូល ដើម្បីធ្វើការសម្លាប់មេរោគ។ ចំណែកមន្ត្រី2រូបផ្សេងទៀត ធ្វើការនៅឯការិយាល័យគ្រប់គ្រងឧទ្យាន Palgongsan និងការិយាល័យគ្រប់គ្រងសំណង់ផ្លូវដែករបស់ទីក្រុង Daegu។ ការិយាល័យរបស់ពួកគេក៏ត្រូវបិទ និងផ្អាកដំណើរការបណ្ដោះអាសន្ន។
កាលពីថ្ងៃទី25កុម្ភៈ បុគ្គលិកម្នាក់នៅឯការិយាល័យអភិបាលរងនៃទីក្រុង Daegu ក៏ត្រូវបានក្រុមវេជ្ជបណ្ឌិតពិនិត្យឃើញថាមានផ្ទុកមេរោគកូរ៉ូណា ចំណែកបុគ្គលិកម្នាក់ទៀតដែលធ្លាប់អង្គុយហូបអាហារជាមួយបុគ្គលិកម្នាក់ខាងលើ ក៏មានផ្ទុកមេរោគកូរ៉ូណា បន្ទាប់ពីបានធ្វើតេស្ត។
ករណីមន្ត្រី បុគ្គលិករដ្ឋបានឆ្លងមេរោគនេះ ធ្វើឱ្យអាជ្ញាធរទីក្រុង Daegu បង្ខំចិត្តបិទទ្វារការិយាល័យជាច្រើនរបស់ខ្លួន ហើយអនុញ្ញាតឱ្យបុគ្គលិកធ្វើការនៅឯផ្ទះ ដើម្បីចៀសវាងការឆ្លងវីរុស។ អាជ្ញាធរកំពុងស្វែងរកអ្នកទាំងឡាយណាដែលធ្លាប់បាននៅក្បែរបុគ្គលិករដ្ឋខាងលើ។
ការិយាល័យពាក់ព័ន្ធនឹងករណីខាងលើ ក៏បាន និងកំពុងស្នើឱ្យបុគ្គលិកទាំងអស់ ត្រូវហូបអាហារដោយឡែកតែម្នាក់ឯង ហើយកិច្ចប្រជុំនានាត្រូវតែធ្វើឡើងទៅតាមមធ្យោបាយអនឡាញ ដូចជាតាមស្មាតហ្វូន ឬបណ្ដាញសង្គម។
មុននេះដែរ មជ្ឈមណ្ឌលសុខភាពសាធារណៈនៃសង្កាត់ Seo-gu ក្នុងទីក្រុង Daegu ក៏ត្រូវបានបិទទ្វារ ដោយសារតែថ្នាក់ដឹកនាំនៃការិយាល័យប្រយុទ្ធប្រឆាំងនឹងអាសន្នរោគ បានឆ្លងវីរុសកូរ៉ូណា ហើយគាត់ក៏បានទទួលស្គាល់ថាខ្លួនជាសមាជិកម្នាក់នៃក្រុមសាសនិកមកពីវិហារ Shincheonji ដែលវិហារនេះត្រូវបានគេចាត់ទុកថាជាសម្បុកមេរោគកូរ៉ូណា។ បុគ្គលិក4នាក់របស់គាត់ក៏បានឆ្លងមេរោគពីថ្នាក់លើ។ ចំណែកមនុស្សចំនួន34នាក់ដែលធ្លាប់បាននៅក្បែរគាត់ ក៏កំពុងបង្ខាំងខ្លួននៅដាច់ដោយឡែកពីគេឯងផងដែរ។
បុគ្គលិកម្នាក់នៃមជ្ឈមណ្ឌលសុខភាពសង្កាត់ Nam-gu នៃទីក្រុង Pohang ក្នុងខេត្ត Gyeongsang ខាងជើង ក៏បានឆ្លងមេរោគបង្កជំងឺរលាកសួត Covid-19 តែបានឈប់ធ្វើការតាំងពីថ្ងៃទី19កុម្ភៈ។
នៅព្រឹកនេះ(28កុម្ភៈ) កូរ៉េខាងត្បូងបានឱ្យដឹងថា ប្រទេសនេះបានរកឃើញអ្នកផ្ទុកមេរោគកូរ៉ូណាថ្មីបន្ថែម256នាក់ ធ្វើឱ្យចំនួនអ្នកផ្ទុកមេរោគនេះឡើងដល់ជាង2,000នាក់ គឺច្រើនជាងគេបង្អស់បើធៀបនឹងបណ្ដាប្រទេសដែលនៅខាងក្រៅប្រទេសចិន។ កូរ៉េខាងត្បូង បច្ចុប្បន្នមិនទាន់មានអ្នកស្លាប់ថ្មីនៅឡើយ ក្រៅតែពី13ករណីកន្លងមក៕
ប្រភព៖ សារព័ត៌មានបរទេស