មន្ត្រីរដ្ឋការម្នាក់ នៅឯទីក្រុង Jeonju បានបាត់បង់ជីវិតនៅឯផ្ទះរបស់គាត់កាលពីម្សិលមិញ ក្រោយពីបានធ្វើការដល់យប់ជ្រៅជាច្រើនថ្ងៃបន្តបន្ទាប់ដើម្បីទប់ស្កាត់អាសន្នរោគកូរ៉ូណា Covid-19។
មន្ត្រីម្នាក់នេះ មានអាយុ43ឆ្នាំ ធ្វើឱ្យនៅសាលាក្រុង Jeonju ខេត្ត Jeolla ខាងជើង នៃប្រទេសកូរ៉េខាងត្បូង ត្រូវបានប្រពន្ធពិនិត្យឃើញថាលែងមានដង្ហើមនៅពេលគាត់កំពុងគេងក្នុងផ្ទះកាលពីព្រឹកម្សិលមិញ នេះបើតាមការឱ្យដឹងពីមន្ត្រីនគរបាលមូលដ្ឋាន។ មន្ត្រីសាលាក្រុងរូបនេះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ប៉ុន្តែក្រុមគ្រូពេទ្យប្រាប់ថា គាត់បានស្លាប់ទៅហើយ។
អាជ្ញាធរទីក្រុង Jeonju បានឱ្យដឹងថា មន្ត្រីរូបនេះ បានធ្វើការថែមម៉ោងច្រើនថ្ងៃ បន្ទាប់ពីទីក្រុងនេះបានរកឃើញអ្នកផ្ទុកមេរោគកូរ៉ូណាចំនួន2ករណី។ 2ថ្ងៃក្រោយមក លោកតែងតែធ្វើការចាប់ពីព្រលឹមដល់កណ្ដាលយប់ ដើម្បីស្វែងយល់ និងរកឱ្យឃើញអត្តសញ្ញាណ និងទីលំនៅរបស់បណ្ដាសមាជិកនៃសាសនិកវិហារ Shincheonji ដែលជាក្រុមមួយត្រូវបានគេចាត់ទុកថាជាសម្បុកមេរោគកូរ៉ូណា Covid-19 នៅកូរ៉េខាងត្បូង។
មួយថ្ងៃមុនពេលបាត់បង់ជីវិត លោកបានចេញពីការិយាល័យលឿនជាងសព្វដង ពោលគឺនៅម៉ោងប្រហែល23យប់ ដោយគាត់បានប្រាប់អ្នករួមការងារថា គាត់អស់កម្លាំងខ្លាំងណាស់។ ថ្មីៗនេះ គាត់ក៏តែងតែរអ៊ូជាមួយប្រពន្ធរបស់គាត់អំពីសម្ពាធការងារ ដោយសារវិបត្តិសុខភាពដែលបង្កឡើងដោយវីរុសកូរ៉ូណា Covid-19។
អាជ្ញាធរទីក្រុង Jeonju បានប្រាប់ថា ការស្លាប់របស់បុរសនេះ មានជាប់ទាក់ទិននឹងសម្ពាធការងារ ប៉ុន្តែនគរបាលកំពុងធ្វើកោសល្យវិច័យលើសាកសពដើម្បីឱ្យដឹងច្បាស់អំពីមូលហេតុពិតនៃការស្លាប់នេះ។
នៅមុនករណីនេះ កូរ៉េខាងត្បូងក៏បានបាត់បង់មន្ត្រីរដ្ឋការមួយរូបនៅក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងអាសន្នរោគកូរ៉ូណានេះដែរ នោះគឺមន្ត្រីម្នាក់ដែលធ្វើការនៅឯក្រសួងយុត្តិធម៌ ទទួលបន្ទុកកិច្ចការទប់ស្កាត់អាសន្នរោគ Covid-19។ បុរសនោះបានធ្វើអត្តឃាត ដោយលោតពីលើស្ពាន ចូលទៅក្នុងទឹកទន្លេ។ នគរបាល និងក្រសួងយុត្តិធម៌កូរ៉េខាងត្បូងកំពុងស៊ើបអង្កេតលើករណីនេះ។
អាសន្នរោគកូរ៉ូណា Covid-19 បានកើតឡើងនៅតំបន់ Wuhan ប្រទេសចិន កាលពីខែធ្នូ ឆ្នាំ2019។ មកដល់បច្ចុប្បន្ន អាសន្នរោគនេះបានសម្លាប់មនុស្សចំនួន2,858នាក់ និងបានឆ្លងទៅមនុស្សយ៉ាងតិច83,342នាក់ នៅទូទាំងពិភពលោក។ ចំណែកកូរ៉េខាងត្បូងវិញ ត្រូវបានគេចាត់ទុកថាជាសម្បុកមេរោគធំបំផុតនៅក្នុងពិភពលោក បន្ទាប់ពីប្រទេសចិន(ចិនដីគោក) ដោយមានអ្នកផ្ទុកមេរោគកូរ៉ូណាចំនួនជាង2,022នាក់ និងអ្នកស្លាប់ចំនួន13នាក់៕
ប្រភព៖ សារព័ត៌មានបរទេស