ចំនួនអ្នកឆ្លងថ្មី និងចំនួនអ្នកស្លាប់់បន្ថែមដោយសារមេរោគកូរ៉ូណា Covid-19 នៅប្រទេសចិន កំពុងតែកើនឡើងយឺតៗមកវិញ។ ក្រុមអ្នកជំនាញយល់ថា អាសន្នរោគនេះនៅប្រទេសចិន អាចនឹងត្រូវបានគ្រប់គ្រងនៅខែមេសាខាងមុខ។
Reuters ដកស្រង់ព័ត៌មានពីគណៈកម្មការសុខាភិបាលចិនបានឱ្យដឹងថា ក្នុងថ្ងៃទី27កុម្ភៈ ប្រទេសនេះមានអ្នកឆ្លងមេរោគកូរ៉ូណាបន្ថែម327នាក់ ដែលជាកំណើនទាបបំផុតចាប់ពីថ្ងៃទី23មករា ធ្វើឱ្យចំនួនអ្នកឆ្លងមេរោគសរុបនៅក្នុងប្រទេសនេះឡើងដល់78,824នាក់ ក្នុងនោះខេត្ត Hubei មានអ្នកឆ្លងមេរោគបន្ថែមចំនួន318នាក់ ដែលតួលេខនេះទាបបំផុតរាប់ចាប់ពីថ្ងៃទី24មករា។
នៅក្នុងថ្ងៃទី27កុម្ភៈដដែល ប្រទេសចិនមានអ្នកស្លាប់ដោយសារអាសន្នរោគនេះចំនួន44នាក់ នាំឱ្យចំនួនអ្នកស្លាប់សរុបឡើង2,788នាក់។ មុននោះមួយថ្ងៃ គឺនៅថ្ងៃទី26កុម្ភៈ ប្រទេសចិនមានអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា ត្រឹមតែ29នាក់ប៉ុណ្ណោះ ដែលនេះជាកំណើនទាបបំផុតក្នុងរយៈពេល1ខែមកនេះ។
នៅឯសម្បុកមេរោគកូរ៉ូណានៃខេត្ត Hubei ប្រទេសចិន មានអ្នកស្លាប់41នាក់ ក្នុងចំណោមអ្នកស្លាប់សរុបកាលពីម្សិលមិញនៅប្រទេសចិន។ មកដល់ពេលនេះ អ្នកជំងឺកូរ៉ូណាចំនួនជាង36,000នាក់ លែងមានរោគសញ្ញានៃជំងឺនេះហើយ។
បន្ទាប់ពីបានកើតឡើងនៅឯទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន កាលពីចុងឆ្នាំមុន មកដល់បច្ចុប្បន្ន អាសន្នរោគកូរ៉ូណានៅប្រទេសចិន ហាក់មានការធូរស្បើយជាងមុនបន្តិច។ លោក Zhong Nanshan អ្នកជំនាញផ្នែកអាសន្នរោគនៅប្រទេសចិន បានព្យាករថា អាសន្នរោគនេះអាចនឹងត្រូវបានគ្រប់គ្រងនៅប្រទេសចិនក្នុងខែមេសាខាងមុខ។
អ្នកជំនាញខាងលើយល់ថា អាសន្នរោគ Covid-19 អាចមិនមែនមានប្រភពចេញពីប្រទេសចិន។ លោកនិយាយថា “នៅពេលគេលើកឡើងអំពីការព្យាករ គេតែងគិតអំពីប្រទេសចិន ដោយមិនគិតដល់ប្រទេសដទៃ ប៉ុន្តែ ពេលនេះអាសន្នរោគបានមានវត្តមាននៅក្នុងបណ្ដាប្រទេស។ បើទោះជាជំងឺនេះចាប់ផ្ដើមឆ្លងនៅប្រទេសចិន ប៉ុន្តែ ប្រការនេះមិនមែនមានន័យថា ប្រទេសចិនជាប្រភពចម្លងមេរោគនោះដែរ”។
នៅទូទាំងពិភពលោក បច្ចុប្បន្ន មនុស្សជាង2,800នាក់បានបាត់បង់ជីវត និងជាង83,000នាក់បានឆ្លងមេរោគ Covid-19។ ប្រធានអង្គការសុខភាពពិភពលោក(WHO) លោក Tedros Adhanom Ghebreyesus យល់ថា ស្ថានភាពឆ្លងរាលដាលនៅតាមបណ្ដាប្រទេស គឺគួរឱ្យព្រួយបារម្ភជាងនៅប្រទេសចិន។ លោកមានប្រសាសន៍ថា នេះគឺជា “ដំណាក់កាលផ្ដាច់ព្រ័ត្រ” ដូច្នេះ ប្រទេសទាំងឡាយត្រូវតែបញ្ចេញសកម្មភាពឱ្យបានរហ័សដើម្បីទប់ស្កាត់ និងគ្រប់គ្រងអាសន្នរោគនេះ៕
ប្រភព៖ សារព័ត៌មានបរទេស