ប្រទេសកោះ Jamaica និងប្រជុំកោះ Cayman (កោះ Jamaica និង Cayman ជាដែនដី2ក្នុងចំណោមដែនដីទាំង16របស់អង់គ្លេស ដែលគេហៅថា Commonwealth realm) បានបដិសេធមិនឱ្យនាវាទេសចរណ៍មួយគ្រឿងរបស់អាមេរិកចូលចតក្នុងកំពង់ផែរបស់ពួកគេ ដោយសារតែសមាជិកម្នាក់នៃក្រុមនាវិកមានជំងឺ។
កាលពីថ្ងៃទី25កុម្ភៈ នាវាទេសចរណ៍ MSC Mereviglia ដែលមានការិយាល័យកណ្ដាលនៅ Miami សហរដ្ឋអាមេរិក ត្រូវបានអាជ្ញាធរ Jamaica បដិសេធមិនឱ្យចូលចតក្នុងកំពង់ផែ នៅពេលដែលនាវានេះបានទៅជិតដល់ទីរួមស្រុក Ochos Rios ដោយសារតែសមាជិកម្នាក់នៃក្រុមនាវិករបស់កប៉ាល់នេះ មានអាការក្អក គ្រុនក្ដៅ និងឈឺសព្វរាងកាយ(រោគសញ្ញានៃជំងឺគ្រុន)។ ក្រសួងសុខាភិបាល Jamaica បានប្រកាសឱ្យដឹងថា បុគ្គលិកម្នាក់នេះ បច្ចុប្បន្នត្រូវបានបង្ខាំងឱ្យនៅដាច់ដោយឡែកពីគេនៅលើនាវានោះ។
នៅលើនាវា ដែលកំពុងដឹកភ្ញៀវចំនួនជាង4,500នាក់ និងបុគ្គលិកនាវាជាង1,600នាក់ កំពុងធ្វើដំណើរនៅលើសមុទ្រ Caribbean ក្នុងគម្រោងដំណើររយៈពេល14ថ្ងៃ។ ក្រោយពីត្រូវបានបដិសេធដោយ Jamaica នាវានេះបន្តដំណើរទៅកំពង់ផែរបស់ Grand Cayman ក៏ប៉ុន្តែ ជាអកុសល នាវា MSC Mereviglia នេះ ក៏ត្រូវបដិសេធទៀត។ មន្ត្រីផ្នែកសុខាភិបាល Cayman បានឱ្យដឹងថា ការបដិសេធនេះ គឺគ្រាន់តែដើម្បីការពារសុខភាព និងសុវត្ថិភាពជូនប្រជាជននៅលើកោះតែប៉ុណ្ណោះ។
ភាគីក្រុមហ៊ុននាវាទេសចរណ៍បានរិះគន់ទៅលើការសម្រេចខាងលើនេះ ហើយថា អាជ្ញាធរកោះ មិនបានស្រាវជ្រាវឱ្យបានត្រឹមត្រូវទៅលើឯកសារសុខាភិបាលដែលភាគីនាវាបានផ្ដល់ជូនពិនិត្យនោះទេ។ ឯកសារបានរៀបរាប់ថា សមាជិកដែលមានជំងឺគ្រុននោះ ធ្លាប់បានធ្វើដំណើរពីទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ទៅកាន់តំបន់ Miami និងបានឡើងនាវានៅឯ Istanbul ប្រទេសទួរគី។ មុនពេលឡើងនាវា បុគ្គលិកនេះត្រូវបានគេពិនិត្យសុខភាពគ្រប់ផ្នែក និងមិនមានរោគសញ្ញាអ្វីនោះទេ។ ក្រោយពីបានឡើងនាវា ទើបបុគ្គលិកនេះកើតជំងឺ ហើយបន្ទាប់ពីពិនិត្យ ទើបគេដឹងថា មានផ្ទុកវីរុសគ្រុនផ្ដាសាយអេ(Influenza A virus)។
បច្ចុប្បន្ន នាវានេះកំពុងនៅតាមផ្លូវឆ្ពោះទៅកាន់កំពង់ផែបន្ទាប់ នៅឯ Cozumel ប្រទេសប្រេស៊ីល។ អ្នកគ្រប់គ្រងនាវានេះបានទំនាក់ទំនងទៅកាន់ការិយាល័យសុខាភិបាលក្នុងស្រុកដើម្បីធានាថា រដ្ឋាភិបាលប្រទេសនេះនឹងធ្វើការសម្រេចចិត្តដោយយោងទៅលើការវាយតម្លៃជាក់ស្ដែង។
អ្នកទេសចរម្នាក់នៅលើនាវាបានឱ្យដឹងថា ភ្ញៀវទេសចរជាច្រើននៅលើនាវានេះ ចាប់ផ្ដើមព្រួយបារម្ភកាន់តែខ្លាំងឡើងៗ។ ប៉ុន្តែ ភាគីនាវាបានផ្ញើពាក្យសុំទោសចំពោះភ្ញៀវទាំងអស់ ហើយថានាវានេះនឹងសងជំងឺចិត្តដែលបានរំលងចោលតំបន់ទេសចរណ៍នៅ Ocho Rios និង Grand Cayman ដែលមានតម្លៃសរុប200ដុល្លារអាមេរិក សម្រាប់ភ្ញៀវម្នាក់ៗ៕
ប្រភព៖ សារព័ត៌មានបរទេស