កូរ៉េខាងត្បូង៖ បុរសវ័យប្រហែល30ឆ្នាំម្នាក់ ជាបុគ្គលិកទទួលភារកិច្ចទប់ស្កាត់អាសន្នរោគរបស់ក្រសួងយុត្តិធម៌ បានបាត់បង់ជីវិត បន្ទាប់ពីបានលោតពីលើស្ពានចូលទឹកទន្លេដើម្បីសម្លាប់ខ្លួន។
រូបភាពបានពីកាមេរ៉ាសុវត្ថិភាពបង្ហាញថា បុរសនេះបានបើកបររថយន្តមកចតលើស្ពាន Dongjak នៅទីក្រុង Seoul ក្រោយមកក៏បានចេញពីរថយន្ត ហើយក៏លោតពីលើស្ពានចូលទៅក្នុងទឹកទន្លេហាន (Han River /Hangang) នៅវេលាម៉ោងប្រហែល5ព្រឹក ថ្ងៃទី25កុម្ភៈ។ 4ម៉ោងបន្ទាប់ពីបានលោតចូលក្នុងទន្លេ នគរបាលបានរកឃើញសាកសព និងបានបញ្ជាក់់ថា គាត់គឺជាម្ចាស់រថយន្តដែលបានចតនៅលើស្ពាននេះពិតមែន។
សារព័ត៌មានកូរ៉េខាងត្បូង បានចេញផ្សាយថា បុរសនេះគឺជាបុគ្គលិកធ្វើការនៅឯការិយាល័យគ្រប់គ្រងវិបត្តិ និងស្ថានការណ៍បន្ទាន់របស់ក្រសួងយុត្តិធម៌កូរ៉េខាងត្បូង ដែលទទួលបន្ទុកទប់ស្កាត់អាសន្នរោគកូរ៉ូណា Covid-19។ សមត្ថកិច្ចកូរ៉េខាងត្បូង កំពុងស៊ើបអង្កេតរកមូលហេតុដែលនាំឱ្យបុរសនេះសម្រេចចិត្តធ្វើអត្តឃាត។
ហេតុការណ៍ខាងលើ បានកើតឡើងក្នុងពេលដែលចំនួនអ្នកឆ្លងជំងឺកូរ៉ូណានៅកូរេខាងត្បូងបានកើនឡើងដល់ជិត1,600នាក់(ក្នុងថ្ងៃទី25កុម្ភៈ)។ 80% នៃអ្នកជំងឺកូរ៉ូណា គឺមានទីលំនៅក្នុងទីក្រុង Daegu ដែលមានចម្ងាយពីរដ្ឋធានី Seoul ប្រហែល300គីឡូម៉ែត្រទៅភាគខាងត្បូង និងនៅក្នុងខេត្ត Gyeongsang ដែលនៅក្បែរនោះ។
តួលេខនៃអ្នកឆ្លងមេរោគកូរ៉ូណានៅកូរ៉េខាងត្បូងនឹងអាចកើនឡើងច្រើនជាងនេះ បន្ទាប់ពីការធ្វើតេស្តទៅលើមនុស្សជាង210.000នាក់(ដែលជាសមាជិកនៃវិហារសាសនា Shincheonji) បានបញ្ចប់។
គិតមកដល់ល្ងាចនេះ(27កុម្ភៈ) កូរ៉េខាងត្បូងមានអ្នកផ្ទុកមេរោគកូរ៉ូណាសរុបចំនួន1,595នាក់ និងអ្នកដែលបានបាត់បង់ជីវិតដោយសារមេរោគនេះ មានចំនួន13នាក់។ នៅទូទាំងពិភពលោក ពេលនេះ មានអ្នកផ្ទុកវីរុសកូរ៉ូណាCovid-19 ឡើងដល់82,170នាក់ និងអ្នកស្លាប់បានកើនឡើងដល់2,804នាក់៕
ប្រភព៖ សារព័ត៌មានបរទេស