វ៉ាក់សាំងទប់ស្កាត់មេរោគ Covid-19 ឈុតដំបូងបង្អស់ ត្រូវបានផលិតរួចរាល់ហើយ ដោយប្រើធាតុហ្សែន mARN ដើម្បីបង្កើតជាប្រូតេអ៊ីនជួយឱ្យកោសិកាអាចស្គាល់វីរុស និងកម្ចាត់វាចោល។
Moderna Therapeutics ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រមួយនៅក្នុងតំបន់ Cambridge រដ្ឋ Massachusetts សហរដ្ឋអាមេរិក បាននាំយកវ៉ាក់សាំង Covid-19 ឈុតដំបូង មកកាន់វិទ្យាស្ថានជាតិគ្រប់គ្រងផ្នែកអាឡែរហ្សី និងជំងឺឆ្លង(National Institute of Allergy and Infectious Diseases/NIAID) នៃមន្ទីរសុខាភិបាលអាមេរិក(National Institutes of Health/NIH) នៅតំបន់ Bethesda ក្នុងរដ្ឋ Marryland ដើម្បីត្រៀមសម្រាប់ការពិសោធនៅលើមនុស្សនាដើមខែមេសាខាងមុខ។ វ៉ាក់សាំងនេះត្រូវបានបង្កើតឡើងក្រោយរយៈពេលត្រឹមតែ42ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសចិនប្រកាសអំពីរបកគំហើញទាក់ទិននឹងលំដាប់ហ្សែនរបស់មេរោគកូរ៉ូណាកាលពីពាក់កណ្ដាលខែមករា។
វ៉ាក់សាំង Covid-19 របស់ Moderna ត្រូវបានអភិវឌ្ឍឡើងដោយប្រើពេលដ៏ខ្លី ដោយសារការប្រើប្រាស់វិធីសាស្ត្រថ្មីទាក់ទិននឹងហ្សែន ដែលនេះមិនទាមទារឱ្យមានការបណ្ដុះមេរោគនោះទេ។ ជំនួសមកវិញ វ៉ាក់សាំងនេះមានផ្ទុក mARN ដែលជាអង្គធាតុតំណពូជបានមកពី DNA ដែលអាចជួយបង្កើតប្រូតេអ៊ីន។ នៅពេលត្រូវបានចាក់បញ្ចូលទៅក្នុងរាងកាយអ្នកជំងឺ វ៉ាក់សាំងនេះនឹងជួយជំរុញឱ្យកោសិកានៅត្រង់កូនកណ្ដុរ(lymph nodes) ទទួលយក mARN ហើយបន្ទាប់មកវានឹងចាប់ផ្ដើមបង្កើតប្រូតេអ៊ីនដែលជួយកោសិកានៃប្រព័ន្ធការពាររាងកាយស្គាល់មេរោគ និងកម្ចាត់វាចោល។
“mRNA ដូចទៅនឹង Software ជីវសាស្ត្រ។ វ៉ាក់សាំងរបស់យើង ដូចទៅនឹងកម្មវិធី software សម្រាប់រាងកាយ វាជំរុញឱ្យរាងកាយបង្កើតប្រូតេអ៊ីនដើម្បីអាចបង្កើតប្រតិកម្មការពាររាងកាយ” នេះបើតាមបណ្ឌិត Stephen Hoge ប្រធានក្រុមហ៊ុន Moderna។ លោកបន្តថា វ៉ាក់សាំងប្រភេទនេះ អាចត្រូវបានផលិតបានឆាប់រហ័សក្នុងបរិមាណច្រើន ដែលនេះអាចជួយកាត់បន្ថយពេលវេលាក្នុងការប្រយុទ្ធប្រឆាំងនឹងអាសន្នរោគ Covid-19៕
ប្រភព៖ សារព័ត៌មានបរទេស