ចំនួនអ្នកឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19 ក្រៅប្រទេសចិនបានកើនឡើង វ៉ាដាច់ចំនួនអ្នកឆ្លងមេរោគថ្មីៗ នៅក្នុងប្រទេសចិនជាលើកដំបូងកាលពីថ្ងៃទី26កុម្ភៈ ម្សិលមិញ ដោយមានប្រទេសអ៊ីរ៉ង់ និងអ៊ីតាលីក្លាយជាចំណុចកណ្ដាលនៃការចម្លងរបស់មេរោគដែលឆាប់រហ័សបំផុត។
នៅប្រទេសអ៊ីតាលី មានរបាយការណ៍ថា ចំនួនអ្នកឆ្លងមេរោគកំណាចនេះបានកើនឡើងចំនួន 400នាក់ ដែលនេះជាការកើនឡើងច្រើនដល់ទៅ 25%ក្នុងអំឡុងពេលត្រឹមតែ 24ម៉ោងប៉ុណ្ណោះ ធ្វើឱ្យអ៊ីតាលីក្លាយជាប្រភពឆ្លងរាលដាលធ្ងន់ធ្ងរបំផុតនៅក្នុងទ្វីបអឺរ៉ុប។
ខណៈដែលមានរបាយការណ៍អំពីអ្នកឆ្លងមេរោគលើកដំបូងកើនថែមឡើង នៅក្នុងប្រទេសជាច្រើនទូទាំងពិភពលោក ដូចជា ប៉ាគីស្ថាន ស៊ុយអែត ន័រវេយ៍ ក្រិក រ៉ូម៉ានី ម៉ាស៊ីដូនៀខាងជើង និងនៅមានរបាយការណ៍អំពីការរកឃើញអ្នកឆ្លងមេរោគដំបូងគេនៅក្នុងតំបន់អាមេរិកឡាទីន ក្នុងប្រទេសប្រេស៊ីលទៀតផង។
សម្រាប់តួលេខនៃចំនួនអ្នកស្លាប់ ថ្មីបំផុត នាថ្ងៃនេះ(27កុម្ភៈ)គឺ 2,801នាក់(ម៉ោង13.30នាទី) ដោយការស្លាប់នៅក្រៅប្រទេសចិនមានច្រើនបំផុត គឺនៅប្រទេសអ៊ីរ៉ង់ 19នាក់, អ៊ីតាលី និងកូរ៉េខាងត្បូងស្លាប់ 12 នាក់ដូចគ្នា, នាវាកម្សាន្ត Diamond Princess 4នាក់, បារាំង ហុងកុង និងជប៉ុន 2នាក់ដូចគ្នា, ហ្វ៊ីលីពីន និងតែវ៉ាន់ ម្នាក់1។
ខណៈដែលចំនួនអ្នកឆ្លងមេរោគវីរុសមរណៈនេះទូទាំងពិភពលោក ស្ថិតក្នុងចំនួន 82,164នាក់ និងអ្នកដែលបានជាសះស្បើយពីការឆ្លងមេរោគដ៏គ្រោះថ្នាក់នេះ ទូទាំងពិភពលោកមានចំនួន 30,496នាក់៕
ប្រភព៖ សារព័ត៌មានបរទេស