ប្រទេសចិនមានអ្នកស្លាប់បន្ថែមចំនួន29នាក់ដោយសារមេរោគកូរ៉ូណា Covid-19 ក្នុងថ្ងៃទី26មករា ធ្វើឱ្យចំនួនអ្នកស្លាប់សរុបនៅប្រទេសចិន(ចិនដីគោក) ឡើងដល់2,744នាក់។
កាសែត China Daily ដកស្រង់ទិន្នន័យពីគណៈកម្មការសុខាភិបាលចិន បានឱ្យដឹងថា ក្នុងថ្ងៃទី26កុម្ភៈ ប្រទេសនេះមានអ្នកស្លាប់ដោយសារមេរោគកូរ៉ូណាបន្ថែម ចំនួន29នាក់ ក្នុងនោះខេត្ត Hubei មាន26នាក់។ នេះគឺជាតួលេខនៃអ្នកស្លាប់ប្រចាំថ្ងៃដែលមានកម្រិតទាបបំផុត រាប់ចាប់ពីថ្ងៃទី28មករា ធ្វើឱ្យប្រទេសនេះ មានអ្នកស្លាប់សរុបចំនួន2,744នាក់។
ចំនួនករណីឆ្លងមេរោគកូរ៉ូណាបន្ថែមសម្រាប់ថ្ងៃទី26កុម្ភ នៅទូទាំងប្រទេសចិន មានចំនួន433នាក់ ក្នុងនោះ ខេត្តHubei មានចំនួន409នាក់ នាំឱ្យចំនួនអ្នកឆ្លងវីរុស Covid-19 នៅប្រទេសចិន កើនដល់ជិត78,500នាក់។
នៅទូទាំងពិភលោក ចំនួនអ្នកស្លាប់ដោយសារមេរោគបង្កជំងឺរលាកសួតថ្មីនេះ បានកើនដល់2,801នាក់ រីឯចំនួនអ្នកបានឆ្លងមេរោគនេះ ក៏កើនឡើងដល់82,164នាក់ផងដែរ។
យោងតាមអង្គការសុខភាពពិភពលោក(WHO) ការកើនឡើងដល់កម្រិតកំពូលនៃអាសន្នរោគកូរ៉ូណា គឺចាប់ពីថ្ងៃទី23មករា ដល់ថ្ងៃទី2កុម្ភៈ ហើយចាប់ពីក្រោយថ្ងៃនោះ ចំនួនករណីឆ្លង បានថយចុះបន្តិចម្ដងៗ។ ប្រធានអង្គការសុខភាពពិភពលោក(WHO) លោក Tedros Adhanom Ghegreyesus កាលពីថ្ងៃទី26កុម្ភៈ បានថ្លែងថា ជាលើកដំបូងដែលចំនួនអ្នកឆ្លងមេរោគនៅខាងក្រៅប្រទេសចិន មានការកើនឡើងខ្ពស់ជាងប្រទេសនេះ និងជាសញ្ញាបង្ហាញថា អាសន្នរោគបានរាលដាលទូទាំងពិភពលោក។
WHO ឱ្យដឹងថា ចំនួនករណីឆ្លងមេរោគកូរ៉ូណាថ្មីបន្ថែមនៅប្រទេសចិន ក្នុងថ្ងៃទី25កុម្ភៈ គឺមាន411នាក់ ខណៈចំនួនអ្នកឆ្លងមេរោគថ្មីបន្ថែមនៅខាងក្រៅប្រទេសចិន មានចំនួន427នាក់។ លោក Tedros យល់ថា “ការកើនឡើងដ៏ខ្លាំងនៃចំនួនអ្នកឆ្លងនៅតាមបណ្ដាប្រទេសដូចជា អ៊ីតាលី កូរ៉េខាងត្បូង អ៊ីរ៉ង់ជាដើម គឺជាការ “គួរឱ្យព្រួយបារម្ភ”។
ប្រភព៖ សារព័ត៌មានបរទេស