នៅក្នុងព្រឹកនេះ(27មករា) កូរ៉េខាងត្បូងបានប្រកាសឱ្យដឹងថា ប្រទេសនេះបានរកឃើញអ្នកជំងឺកូរ៉ូណាថ្មីចំនួន334ករណីបន្ថែមទៀតហើយ ធ្វើឱ្យអ្នកមានផ្ទុកមេរោគនេះឡើងដល់1,595នាក់ នៅទូទាំងប្រទេស។
សារព័ត៌មាន Yonhap បានចេញផ្សាយ ដោយយោងទៅលើមជ្ឈមណ្ឌលទប់ស្កាត់ និងគ្រប់គ្រងរោគឆ្លងរបស់កូរ៉េខាងត្បូង នាព្រឹកនេះ (27កុម្ភៈ) បានឱ្យដឹងថា ចំនួនអ្នកឆ្លងថ្មីនៅប្រទេសនេះ បានកើនបន្ថែម334នាក់ នាំឱ្យអ្នកមានផ្ទុកមេរោគសរុបឡើងដល់1,595នាក់។ នេះគឺជាតួលេខដែលកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន ចាប់ពីអាសន្នរោគនេះបានឆ្លងនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលរាប់ចាប់ពីខែមករាមកដល់នឹងពេលនេះ។ ប្រទេសនេះក៏មានអ្នកស្លាប់ដោយសារមេរោគកូរ៉ូណាចំនួន12ករណីផងដែរ។
ជាងពាក់កណ្ដាលនៃអ្នកជំងឺកូរ៉ូណាដែលទើបបានរកឃើញ គឺមានជាប់ពាក់ព័ន្ធនឹងវិហារសាសនា Shincheonji មួយកន្លែងនៅឯទីក្រុង Daegu។ ជាក់ស្ដែង ក្នុងចំណោមអ្នកជំងឺថ្មី334នាក់នេះ គឺមាន307នាក់ស្ថិតនៅក្នុងតំបន់ Daegu និង4នាក់ទៀតនៅឯខេត្ត Gyeongsang ខាងជើង ដែលតំបន់ទាំងពីរនេះត្រូវបានគេចាត់ទុកថាជាសម្បុកមេរោគកូរ៉ូណាធំបំផុតនៅកូរ៉េខាងត្បូងនាបច្ចុប្បន្ន។ អ្នកជំងឺក្រៅពីនេះ គឺនៅក្នុងខេត្ត និងទីក្រុងផ្សេងៗរបស់កូរ៉េខាងត្បូង ក្នុងនោះក៏មានអ្នកជំងឺកូរ៉ូណា6នាក់នៅក្នុងទីក្រុង Seoul ផងដែរ។
មន្ត្រីសុខាភិបាលកូរ៉េខាងត្បូងបានឱ្យដឹងថា អ្នកជំងឺកូរ៉ូណា Covid-19 ដំបូងគេបង្អស់នៅក្នុងប្រទេសនេះ គឺជាស្ដ្រីជនជាតិចិនម្នាក់ មកពីទីក្រុង Wuhan ដែលជាសម្បុកមេរោគកូរ៉ូណាដំបូង និងធំបំផុតនៅប្រទេសចិន។
កូរ៉េខាងត្បូង បច្ចុប្បន្នគឺជាសម្បុកមេរោគ Covid-19 ធំជាងគេបំផុតក្នុងពិភពលោក បន្ទាប់ពីប្រទេសចិន។
គិតមកដល់ពេលនេះ នៅទូទាំងពិភពលោក មានអ្នកស្លាប់ដោយសារមេរោគកូរ៉ូណា Covid-19 ចំនួន2,799នាក់ និងអ្នកបានឆ្លងមេរោគនេះ មានចំនួន82,152នាក់ រីឯអ្នកដែលបានជាសះស្បើយពីជំងឺនេះ មានប្រមាណជា 32,814នាក់៕
ប្រភព៖ សារព័ត៌មានបរទេស