អភិបាលតំបន់ Lombardy នៃប្រទេសអ៊ីតាលី បានឱ្យដឹងថា លោកនឹងបង្ខាំងខ្លួនឯងក្នុងរយៈពេល2សប្ដាហ៍ ព្រោះថាសហការីរបស់គាត់ម្នាក់ ស្ថិតក្នុងចំណោមមនុស្ស453នាក់ដែលបានឆ្លងវីរុសកូរ៉ូណានៅអ៊ីតាលី។
នៅក្នុងឃ្លីបវីដេអូមួយដែលត្រូវបានបង្ហោះនៅលើ Facebook កាលពីថ្ងៃទី26កុម្ភៈ លោក Attilio Fontana ដែលជាអភិបាលតំបន់ Lombardy បានឱ្យដឹងថា សមាជិកម្នាក់នៃក្រុមសហការីរបស់គាត់ ត្រូវគេរកឃើញថា មានផ្ទុកមេរោគកូរ៉ូណា Covid-19។ ដូច្នេះ គាត់នឹងបង្ខាំងខ្លួនឯងក្នុងរយៈពេល2សប្ដាហ៍ ដើម្បីចៀសវាងការឆ្លងបន្ត។
លោក Fontana ថ្លែងថា “ចំនួនករណីឆ្លងនៅតែបន្តកើនឡើង វាមិនច្រើនប៉ុន្មាន ប៉ុន្តែគេនៅតែរកឃើញអ្នកជំងឺថ្មីបន្តបន្ទាប់ ហើយសហការីម្នាក់របស់ខ្ញុំ ត្រូវគេពិនិត្យឃើញថាមានផ្ទុកវីរុស”។
លោក Fontana បន្តថា “នោះគឺជាមនុស្សម្នាក់ដែលខ្ញុំតែងធ្វើការជាមួយ ជាមនុស្សឆ្លាតវៃម្នាក់ដែលជួយខ្ញុំបានច្រើន។ សំណាងមិនល្អ នាងបានឆ្លងមេរោគកូរ៉ូណា។ ជាក់ច្បាស់ណាស់ មនុស្សទាំងអស់ក្នុងក្រុម រួមទាំងរូបខ្ញុំផងក៏ត្រូវធ្វើតេស្តរកមេរោគ ហើយលទ្ធផលបង្ហាញថា យើងខ្ញុំមិនទាន់បានឆ្លងមេរោគនៅឡើយ។ យើងនឹងបន្តធ្វើការដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគនេះ។ ខ្ញុំត្រេកអរដែលយើងខ្ញុំមិនបានឆ្លងមេរោគ បើទោះយើងខ្ញុំត្រូវបង្ខាំងខ្លួនឯងទៅតាមការណែនាំរបស់មន្ត្រីសុខាភិបាល ព្រោះប្រការនេះនឹងជួយការពារអ្នកដែលធ្វើការជាមួយខ្ញុំ”។
កាលពីយប់ថ្ងៃទី26កុម្ភៈ ប្រទេសអ៊ីតាលីបានបញ្ជាក់ថាប្រទេសនេះមានអ្នកផ្ទុកមេរោគកូរ៉ូណាសរុប400នាក់។ កាលពីយប់ថ្ងៃទី25កុម្ភៈ ប្រទេសនេះ មានអ្នកឆ្លងមេរោគកូរ៉ូណាត្រឹមតែ80នាក់ប៉ុណ្ណោះ។
តំបន់ដែលទទួលរងផលប៉ះពាល់ខ្លាំងបំផុតគឺតំបន់ឧស្សាហកម្មដែលស្ថិតនៅភាគខាងជើងប្រទេសអ៊ីតាលី នោះគឺតំបន់ Lombardy ដែលស្ថិតនៅជុំវិញទីក្រុង Milan និងតំបន់ Veneto ដែលនៅក្បែរ Venice។
ចំនួនអ្នកស្លាប់ដោយសារមេរោគកូរ៉ូណានៅអ៊ីតាលី គិតមកដល់ពេលនេះ មានចំនួន12នាក់។ បច្ចុប្បន្ន អ៊ីតាលីគឺជាប្រទេសដែលមានអ្នកឆ្លងមេរោគខ្ពស់បំផុតលំដាប់ទី4 បន្ទាប់ពីប្រទេសចិន កូរ៉េខាងត្បូង និងជប៉ុន។
អាជ្ញាធរអ៊ីតាលីបានបញ្ចេញវិធានការជាច្រើនដើម្បីទប់ស្កាត់អាសន្នរោគកូរ៉ូណា។ ទីរួមស្រុកចំនួន11នៅក្នុងតំបន់ស្នូលនៃអាសន្នរោគ ដែលមានប្រជាជនចំនួន55,000កំពុងរស់នៅ ត្រូវបានដាក់បម្រាមគោចរ។ ក្រៅពីនេះ អ៊ីតាលីក៏បាន និងកំពុងផ្អាកសកម្មភាពសាលារៀន សកលវិទ្យាល័យ រួមនឹងតំបន់ទេសចរណ៍ល្បីៗ។ល។
ប្រភព៖ សារព័ត៌មានបរទេស