ក្រុមហ៊ុនយក្សជាច្រើនរបស់កូរ៉េខាងត្បូងបានប្រកាសអំពីគម្រោងផ្ដល់ថវិកាបន្ទាន់ដើម្បីជួយដល់បេសកកម្មទប់ស្កាត់ការឆ្លងរាលដាលនៃអាសន្នរោគកូរ៉ូណា Covid-19។
Samsung Group បានឱ្យដឹងថា សាខាក្រុមហ៊ុន Samsung ទាំងអស់របស់ខ្លួននឹងរួមគ្នាផ្ដល់ថវិកាសរុប 30ពាន់លានវ៉ុន (ប្រហែល246លានដុល្លារអាមេរិក) ទៅឱ្យសមាគមសង្គ្រោះគ្រោះមហន្តរាយកូរ៉េ(Korea Disaster Relief Association) ដើម្បីធានាឱ្យបានថាមិនមានការខ្វះខាតសម្ភារ និងឧបករណ៍ការពាររោគចាំបាច់ ដូចជាថ្នាំសម្លាប់មេរោគ ទឹកកម្ចាត់មេរោគសម្រាប់លាងដៃ របស់របរចាំបាច់ប្រចាំថ្ងៃ និងសម្ភារវេជ្ជសាស្ត្រ។ល។
Samsung Electronics រួមនឹងសាខាទាំងអស់របស់ខ្លួន បានបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលបន្ទាន់មួយដើម្បីធ្វើការអនុម័តទៅលើការចំណាយខាងលើ។
អគ្គនាយករងនៃក្រុមហ៊ុន Samsung Electronics លោក Lee Jae-yong មានប្រសាសន៍ថា “យើងបានរីកចម្រើនដូចសព្វថ្ងៃគឺដោយសារមានការគាំទ្ររបស់អ្នករាល់គ្នា ហើយយើងត្រូវតែចែករំលែកសុខទុក្ខក្នុងគ្រាអាសន្នបែបនេះ”។
ចំណែកក្រុមហ៊ុន Hyundai Motor Group មុននេះ ក៏បានផ្ដល់ថវិកា5ពាន់លានវ៉ុន(4,1លានដុល្លារសហរដ្ឋអាមេរិក) ទៅឱ្យសមគមសង្គ្រោះអ្នករងគ្រោះមហន្តរាយជាតិ(Hope Bridge Association of the National Disaster Relief) ដើម្បីជួយដល់បុគ្គលិកសុខាភិបាល និងផ្គត់ផ្គង់សម្ភារសង្គ្រោះបន្ទាន់ជាដើម។
ភាគី Hyundai Motor Group បាននិយាយថា ជំនួយទាំងនេះត្រូវបានធ្វើឡើងដើម្បីជួយដល់ប្រជាជននៅក្នុងតំបន់ Daegu និងខេត្ត Gyeongsang ខាងជើងដែលកំពុងរងផលប៉ះពាល់ខ្លាំងជាងគេពីអាសន្នរោគនៅកូរ៉េខាងត្បូង។
រីឯ LG Corp ដែលជាអ្នកគ្រប់គ្រងក្រុមហ៊ុន LG Group ក៏បានប្រកាសថានឹងផ្ដល់ជំនួយ5ពាន់លានវ៉ុនទៅឱ្យអង្គការមនុស្សធម៌កូរ៉េ Community Chest of Korea សម្រាប់ចាត់ចែងជួយដល់អ្នកជំងឺកូរ៉ូណា ពិសេសគឺអ្នកជំងឺនៅតំបន់ Daegu និងខេត្ត Gyeongsang ខាងជើង រួមនឹងអ្នកដែលងាយរងគ្រោះ។
ក្រុមហ៊ុន SK Group ឯណោះវិញ ក៏ផ្ដល់ជំនួយ5ពាន់លានវ៉ុនទៅឱ្យអង្គការមនុស្សធម៌កូរ៉េ Community Chest of Korea ដើម្បីជួយដល់ក្រុមអ្នកជំងឺកូរ៉ូណា និងអ្នកដែលត្រូវបានបង្ខាំងឱ្យនៅដាច់ដោយឡែកក្នុងខេត្ត Gyeongsang ខាងជើងផងដែរ។
ក្រៅពីនេះ ក្រុមហ៊ុន Lotte Group ក៏នឹងផ្ដល់ជំនួយដែលមានតម្លៃ1ពាន់លានវ៉ុន ដល់មូលនិធិ ChildFund Korea និងអង្គការ Salvation Army ដើម្បីជួយដល់កុមារ និងមនុស្សចាស់ក្នុងគ្រាកូរ៉េខាងត្បូងកំពុងរងគ្រោះដោយសារមេរោគបង្កជំងឺរលាកសួតប្រភេទថ្មី Covid-19៕
ប្រភព៖ សារព័ត៌មានបរទេស