ចំនួនអ្នកជំងឺកូរ៉ូណា (covid-19) នៅប្រទេសកូរ៉េខាងត្បូងត្រូវបានគេព្យាករថានឹងកើនឡើងខ្លាំងបន្ថែមទៀតនៅក្នុងអំឡុងប៉ុន្មានថ្ងៃខាងមុខ បន្ទាប់ពីក្រុមគ្រូពេទ្យបញ្ចប់ការធ្វើតេស្តទៅលើសាសនិកប្រមាណ212,000នាក់របស់វិហារសាសនា Shincheonji។
សារព័ត៌មាន Yonhap បានឱ្យដឹងថា មជ្ឈមណ្ឌលទប់ស្កាត់ និងគ្រប់គ្រងអាសន្នរោគរបស់កូរ៉េខាងត្បូងប្រកាសក្នុងល្ងាចនេះថា ប្រទេសនេះ បានរកឃើញអ្នកផ្ទុកមេរោគកូរ៉ូណាចំនួន115នាក់បន្ថែមទៀត នាំឱ្យចំនួនអ្នកជំងឺនេះកើនឡើងដល់2,261នាក់។
កាលពីព្រឹកមិញ(26កុម្ភៈ) ចំនួនអ្នកឆ្លងមេរោគថ្មីមាន169ករណី ដូច្នេះ សរុបមក ថ្ងៃនេះកូរ៉េខាងត្បូងបានរកឃើញអ្នកផ្ទុកមេរោគកូរ៉ូណា Covid-19 ចំនួន284នាក់។ បច្ចុប្បន្ន ប្រទេសនេះក៏មានអ្នកស្លាប់ដោយសារមេរោគកូរ៉ូណាចំនួន12នាក់ហើយដែរ។
បច្ចុប្បន្ន កូរ៉េខាងត្បូងកំពុងពិនិត្យសុខភាព និងធ្វើតេស្តរកមេរោគទៅលើមនុស្សចំនួនជាង 210,000នាក់ ដែលអ្នកទាំងនេះត្រូវបានគេសង្ស័យថាអាចមានផ្ទុកមេរោគកូរ៉ូណា ដោយសារពួកគេគឺជាសាសនិកនៃវិហារ Shincheonji ដែលវិហារនេះមានអ្នកផ្ទុកមេរោគច្រើនជាងគេក្នុងចំណោមអ្នកផ្ទុកមេរោគសរុបនៅកូរ៉េខាងត្បូង។ ក្រុមអ្នកជំនាញបានព្យាករថា អំឡុងប៉ុន្មានថ្ងៃខាងមុខ កូរ៉េខាងត្បូងនឹងមានអ្នកជំងឺកូរ៉ូណាកើនឡើងច្រើនជាងនេះមិនខាន៕
ប្រភពសារព័ត៌មានបរទេស