ប្រទេសចិន៖ មហាវិទ្យាល័យ Tianjin Medical University បានប្រកាសថា ពួកគេបង្កើតបានវ៉ាក់សាំងប្រភេទសម្រាប់លេបដើម្បីការពារមេរោគបង្កជំងឺរលាកសួតកូរ៉ូណា ដែលនេះនឹងឈានទៅរកការសាកល្បងនៅលើមនុស្សក្នុងពេលឆាប់ៗខាងមុខ។
សាស្ត្រាចារ្យ Huang Jinhai ដែលជាអ្នកនាំមុខក្នុងគម្រោងវ៉ាក់សាំងនេះ បានសាកល្បងលេបដោយខ្លួនឯងចំនួន4ដង ប៉ុន្តែមិនមានបញ្ហាអាក្រក់ណាមួយកើតឡើងឡើយ។ មហាវិទ្យាល័យនេះ កំពុងតែស្វែងរកដៃគូដែលមានសក្ដានុពលដើម្បីអនុវត្តជំហានបន្ទាប់ គឺពិសោធនៅលើមនុស្ស និងផលិតជាផ្លូវការ។
វ៉ាក់សាំងប្រភេទសម្រាប់លេបនេះ ប្រើប្រាស់ដំបែធម្មជាតិ saccharomyces cerevisiae សម្រាប់ធ្វើជា “ធាតុបញ្ជូន” និងសំដៅទៅលើប្រូតេអ៊ីនបន្លារបស់វីរុសកូរ៉ូណា ដើម្បីបង្កើតអង្គបដិប្រាណ(អង់ទីគ័រ)ប្រឆាំងមេរោគ COVID-19។
វ៉ាក់សាំងសម្រាប់លេបនេះ ត្រូវបានផលិតជាប្រភេទគ្រាប់រឹងសុទ្ធ គ្រាប់មានទឹកខាងក្នុង និងប្រភេទម្សៅ។ ក្រុមអ្នកវិទ្យាសាស្ត្រក៏បានអភិវឌ្ឍបច្ចេកវិទ្យាស្នូលក្នុងការបង្កើតកោសិកាដែលអាចប្រមូលផ្ដុំគ្នាឡើងវិញ។ល។ និងបង្កើតកម្លាំងជំរុញទៅលើដំបែ ដែលនេះសុទ្ធសឹងតែជាជំហានសំខាន់ក្នុងការអភិវឌ្ឍវ៉ាក់សាំងនេះ។
សាស្ត្រាចារ្យ Huang ឱ្យដឹងថា វ៉ាក់សាំងប្រភេទលេប មានសុវត្ថិភាពខ្ពស់ ងាយស្រួលប្រើ និងអាចផលិតក្នុងបរិមាណច្រើន និងប្រើពេលខ្លី។
ក្នុងដំណាក់កាលបន្ទាប់ ក្រុមអ្នកវិទ្យាសាស្ត្ររបស់លោកសាស្ត្រាចារ្យ Huang នឹងស្វែងរកក្រុមហ៊ុនដែលមានសក្តានុពលដើម្បីសហការគ្នា និងចាប់ផ្ដើមវាយតម្លៃ បង្កើនល្បឿននៃការពិសោធលើមនុស្ស និងផលិតជាផ្លូវការ។
ជាធម្មតា រយៈពេលនៃការបង្កើតវ៉ាក់សាំង ចាប់ពីដំណាក់កាលដំបូងរហូតដល់ដំណាក់កាលផលិតជាផ្លូវ គេត្រូវចំណាយពេលជាធម្យមពី2ដល់5ឆ្នាំឯណោះ។
កាលពីថ្ងៃទី21កុម្ភៈ Xu Nanping អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន បានប្រកាសថា វ៉ាក់សាំងដំបូងនឹងត្រូវបានពិសោធនៅលើមនុស្សនៅចុងខែមេសាខាងមុខ៕