អង្គភាពសាធារណៈសុខាភិបាលកូរ៉េខាងត្បូងបានត្រៀមធ្វើការពិនិត្យសុខភាពពលរដ្ឋជាង 200,000នាក់ ដែលជាសមាជិករបស់ព្រះវិហារសាសនាគ្រិស្ត ស៊ីនឆន់ជី(Shin cheon ji) ប្រភពចម្បងនៃការចម្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19 នៅក្នុងប្រទេសកូរ៉េ ខណៈដែលចំនួនអ្នកឆ្លងមេរោគនេះទូទាំងប្រទេសមកដល់ពេលនេះកើនឡើងដល់ 977នាក់ហើយ។ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅល្ងាចថ្ងៃទី25 កុម្ភៈ។
ចំនួនអ្នកឆ្លងមេរោគដែលកើនឡើងយ៉ាងឆាប់រហ័សក្នុងប្រទេសកូរ៉េខាងត្បូងនេះ បានធ្វើឱ្យស្ថាប័នជាច្រើនមានការព្រួយបារម្ភថា មេរោគដែលមានដើមកំណើតពីទីក្រុងវូហានប្រទេសចិននេះ អាចនឹងក្លាយជាជំងឺឆ្លងលំដាប់សកល(Global pandemic)។
អ្នកជំងឺប្រហែល 60% ក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានរកឃើញថា មានការពាក់ព័ន្ធនឹងព្រះវិហារ ស៊ីនឆន់ជី ក្នុងទីក្រុង ឌែហ្គូ(Daegu) ដែលមានរបាយការណ៍ថា អ្នកឆ្លងមេរោគដំបូងគេ គឺជាស្ត្រីវ័យ 61ឆ្នាំ ប៉ុន្តែនៅមិនទាន់ប្រាកដច្បាស់ថា តើគាត់បានទទួលមេរោគមកពីទីណានៅឡើយ។
មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺនៃប្រទេសកូរ៉េខាងត្បូង(KCDC) បានអះអាងពីចំនួនអ្នកជំងឺថ្មីរួម 84នាក់នៅថ្ងៃទី25កុម្ភៈ។
ខណៈពេលជាមួយគ្នា រដ្ឋបាលកូរ៉េខាងត្បូងបានអះអាងថា មានអ្នកជំងឺនៅក្នុងមន្ទីរពេទ្យក្នុងខេត្ត ក្យ៉ង់សាំងខាងជើង បានស្លាប់ជាចំនួនទី9 របស់ប្រទេស។
អ្នកដឹកនាំព្រះវិហារ ស៊ីនឆន់ជី បានប្រកាសថា ខ្លួននឹងយល់ព្រមប្រគល់បញ្ជីឈ្មោះសមាជិកទាំងអស់ប្រមាណជា 215,000នាក់ទូទាំងប្រទេសទៅឱ្យអាជ្ញាធរ ខណៈដែលទីស្ដីការនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងបានអះអាងថា រដ្ឋាភិបាលនឹងធ្វើការពិនិត្យសុខភាពសមាជិកនៃព្រះវិហារ ស៊ីនឆន់ជីគ្រប់គ្នា “យ៉ាងលឿនបំផុត តាមដែលអាចធ្វើបាន” បន្ទាប់ពីបានទទួលព័ត៌មាន។
ទីស្ដីការនាយករដ្ឋមន្ត្រីបានបញ្ជាក់៖ “យើងចាំបាច់ត្រូវតែពិនិត្យយ៉ាងល្អិតល្អន់ទៅលើសមាជិកនៃព្រះវិហារគ្រប់គ្នា ដើម្បីគ្រប់គ្រងការចម្លងសាយភាយនៃមេរោគវីរុស និងសម្រាលការភ្ញាក់ផ្អើល និងភ័យខ្លាចរបស់សាធារណជន”។
លោក គីម កាំងលីប រដ្ឋមន្ត្រីក្រសួងសាធារណៈសុខាភិបាលកូរ៉េខាងត្បូង បានចេញមកផ្ដល់ព័ត៌មានបន្ថែមថា អាជ្ញាធរនឹងពិនិត្យចម្រាញ់លើសមាជិកនៃព្រះវិហារ ស៊ីនឆន់ជី ក្នុងទីក្រុងឌែហ្គូដែលបង្ហាញអាការជំងឺចំនួន 1,300នាក់ ក្នុងចំណោមទាំងអស់ 9,200នាក់ មុនគេជាដំបូង ដែលប្រហែលជារួចស្រេចបាច់នៅថ្ងៃពុធ ទី26 កុម្ភៈ។
“យើងនឹងព្យាយាមយ៉ាងអស់ពីសមត្ថភាព ដើម្បីធ្វើឱ្យស្ថានការណ៍ក្នុងទីក្រុងឌែហ្គូត្រឡប់ទៅរកសភាវមានស្ថិរភាពវិញក្នុងរយៈពេល 4សប្ដាហ៍” លោក គីម បញ្ជាក់ ព្រមទាំងសង្កត់ធ្ងន់ថា រដ្ឋាភិបាលនឹងតាមដានប្រជាជនក្រុងឌែហ្គូគ្រប់គ្នាដែលបង្ហាញអាការជំងឺ ដើម្បីពិនិត្យរកមេរោគវីរុស និងធ្វើការបង្ខាំងការពារមេរោគ។
លោក លី ម៉ាន់ហ៊ី ស្ថាបនិកព្រះវិហារ ស៊ីន ឆន់ជី ដែលកំពុងត្រូវសង្គមរិះគន់យ៉ាងខ្លាំងអំពីមូលហេតុនៃការឆ្លងរាលដាលដ៏ធំរបស់មេរោគ COVID-19 នេះ បានអះអាងថា លោកនឹងផ្ដល់ការសហការគ្រប់យ៉ាងដើម្បីទប់ស្កាត់ការឆ្លងរាលដាល តែសូមឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូងជួយបិទបាំងព័ត៌មានផ្ទាល់ខ្លួនរបស់សមាជិករបស់ខ្លួនផង។
ដោយឡែក នៅក្នុងខេត្ត ក្យ៉ង់សាំងខាងជើង មានអ្នកឆ្លងមេរោគវីរុសកើនឡើងជាបន្តបន្ទាប់ក្នុងអំឡុងពេលមិនប៉ុន្មានសប្ដាហ៍កន្លងមកនេះ ដោយភាគច្រើនកំពុងព្យាបាលខ្លួននៅក្នុងមន្ទីរពេទ្យក្នុងតំបន់ ឆង់ដូ(Cheongdo) ដែលរដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសជា “តំបន់គ្រប់គ្រងមេរោគ” ដូចគ្នានឹងទីក្រុងឌែហ្គូដែរ។
អាជ្ញាធរបានរកឃើញថា មានអ្នកជំងឺ 21នាក់ក្នុងចំណោមទាំងអស់ 22នាក់នៅក្នុងខេត្តនេះ បានឆ្លងមេរោគមកពីមណ្ឌលជួយសង្គ្រោះជនពិការក្នុងមណ្ឌល ឈីលហ្កក់(Chilgok) ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីក្រុងឌែហ្គូ ដោយមានប្រភពមកពីបុគ្គលិកម្នាក់ ដែលមានម្ដាយជាសមាជិកនៃព្រះវិហារ ស៊ីនឆន់ជី៕
ប្រភព៖ សារព័ត៌មានបរទេស