អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលអ៊ីរ៉ង់ លោក Iraj Harirchi ត្រូវបានគេរកឃើញថា មានផ្ទុកមេរោគកូរ៉ូណា COVID-19 ក្រោយការធ្វើតេស្ត នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរដ្ឋអ៊ីរ៉ង់។
Iraj Harirchi គឺជាអ្នកនាំមុខគេក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃអាសន្នរោគនៃប្រទេសនេះ។ អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលអ៊ីរ៉ង់បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសមួយដែលបានចាក់ផ្សាយនៅលើទូរទស្សន៍នៅក្នុងថ្ងៃនេះថា លោក Iraj Harirchi បានឆ្លងមេរោគ និងកំពុងទទួលការព្យាបាល។
សារព័ត៌មានអ៊ីរ៉ង់ ILNA ដកស្រង់សម្ដីរបស់ក្រុមមន្ត្រីពីទីក្រុង Qom បានឱ្យដឹងកាលពីថ្ងៃចន្ទថា មានអ្នកស្លាប់ដោយសារមេរោគកូរ៉ូណាចំនួន50នាក់ហើយនៅតំបន់នោះ។
ក៏ប៉ុន្តែ លោកអនុរដ្ឋមន្ត្រី Harirchi បានច្រានចោលព័ត៌មានចចាមអារ៉ាមខាងលើ។ លោកថា លោកនឹងលាលែងពីតំណែងបើសិនជាមានអ្នកស្លាប់ចំនួនត្រឹមពាក់កណ្ដាលនៃចំនួនដែលគេបានចុះផ្សាយ។
ក្រសួងសុខាភិបាលអ៊ីរ៉ង់ក្នុងថ្ងៃទី25កុម្ភៈនេះ បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារមេរោគកូរ៉ូណាក្នុងប្រទេសនេះ បានឡើងដល់16នាក់ហើយ។ អ្នកនាំពាក្យក្រសួងសុខាភិបាលអ៊ីរ៉ង់ Kianoush Jahanpour ក៏បានបញ្ជាក់ដែរថា មកដល់ថ្ងៃនេះ អ៊ីរ៉ង់មានអ្នកផ្ទុកមេរោគកូរ៉ូណា COVID-19 សរុបចំនួន95នាក់។
ទីក្រុង Tehran បច្ចុប្បន្ន មិនទាន់បញ្ជាក់ថា មានអ្នកជំងឺកូរ៉ូណាចំនួនប៉ុន្មាននាក់កំពុងត្រូវដាក់ឱ្យនៅដាច់ដោយឡែកដើម្បីទប់ស្កាត់ការឆ្លងរាលដាលនោះទេ ប៉ុន្តែសារព័ត៌មាន MEHR បានចុះផ្សាយថា មានអ្នកជំងឺ320នាក់កំពុងត្រូវបានព្យាបាលក្នុងមន្ទីរពេទ្យ៕
ប្រភព៖ សារព័ត៌មានបរទេស