“ប្រទេសជាតិកំពុងជួបគ្រោះភ័យ គឺជារឿងដែលពួកយើងត្រូវជួយគ្នាទទួលខុសត្រូវដែរ” ដោយផ្នត់គំនិត និងការយល់ឃើញបែបត្រង់ៗនេះ បានធ្វើឱ្យអាម៉ា វ័យ 80ឆ្នាំម្នាក់នៅក្នុងមណ្ឌល ហ៊ើយ លង់ចៀង ចូលរួមបរិច្ចាគលុយសន្សំចំនួន 50,000យន់(ស្មើនឹងប្រមាណ 7,000ដុល្លារ)ដើម្បីជួយដល់តំបន់ឆ្លងរាលដាលវីរុស COVID-19 តែអាជ្ញាធរបានអះអាងដាច់ខាតថា មិនទទួលយកទឹកប្រាក់នោះទេ តែទទួលយកទឹកចិត្តដ៏ល្អថ្លៃថ្លារបស់អាម៉ា…។
នៅព្រឹកថ្ងៃទី12 កុម្ភៈកន្លងមក មានស្ត្រីចំណាស់ម្នាក់ពាក់ម៉ាស់ការពារ បានដើរទៅរកក្រុមមន្ត្រីប៉ូលិសដែលកំពុងប្រតិបត្តិភារកិច្ចនៅម្ដុំផ្លូវបំបែកជា4 អ៊ឹងពីង និងផ្លូវតុងជឺ ក្នុងទីក្រុងសួងយ៉ា ស្រុកយ៉ូអ៊ី មណ្ឌលហ៊ើយ លង់ចៀង ដោយលោកយាយបានប្រាប់ពីគោលបំណងបរិច្ចាគប្រាក់ចំនួន 50,000យន់ទៅដល់តំបន់ដែលកំពុងមានការឆ្លងរាលដាលនៃមេរោគវីរុស។ ពាក្យសម្ដីដ៏ស្មោះត្រង់របស់លោកយាយជរា បានធ្វើឱ្យមនុស្សម្នាទាំងឡាយរលីងរលោងទឹកភ្នែក។ លោកយាយនិយាយថា “ប្រទេសជាតិកំពុងមានគ្រោះភ័យ ក៏ជារឿងរបស់ពួកយើងដែរ…”។
សៀវជឹង ប៉ូលិសស្រីដែលលោកយាយចំណាស់ដើរមកសុំការជួយចាត់ការរឿងបរិច្ចាគប្រាក់នោះ បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានថា ខណៈដែលខ្លួន និងមិត្តប៉ូលិសម្នាក់កំពុងប្រតិបត្តិភារកិច្ចត្រួតពិនិត្យបត្រអនុញ្ញាតការធ្វើដំណើររបស់មនុស្សម្នានៅចំណុចនោះ អាម៉ាម្នាក់ក៏ដើរចូលមករក…។
“ដំបូង ខ្ញុំគិតថា ប្រហែលជាលោកយាយមានបញ្ហា និងមកសុំការជួយក្នុងរឿងអ្វីម្យ៉ាង ខ្ញុំមិននឹកស្មានថា នៅក្នុងដៃរបស់លោកយាយមានកាន់សែកប្រាក់សុទ្ធរបស់ធនាគារមួយដែលមានចំនួនទឹកប្រាក់ 50,000យន់ ដើម្បីយកទឹកប្រាក់នេះមកបរិច្ចាគសម្រាប់ជួយសង្គ្រោះអ្នកកំពុងជួបគ្រោះភ័យដោយសារមេរោគវីរុសកូរ៉ូណានេះសោះ”
លោកយាយ ថែមទាំងបានប្រាប់ទៀតថា គាត់មិនត្រូវការចេញមុខនៅក្នុងកម្មវិធីទូរទស្សន៍ ឬសាព័ត៌មានណាមួយទេ…។ លោកយាយនិយាយថា “…ខ្ញុំអរគុណពួកនាង(ប៉ូលិស)ណាស់ ដែលខំប្រឹងជួយខ្ញុំដំណើរការរឿងបរិច្ចាគនេះ លុយនេះជាលុយដែលបក្សឱ្យមក ខ្ញុំនៅមានលុយសល់ទៀត ចាយមិនអស់ទេ…”
“…ខ្ញុំមិនដឹងថា នឹងត្រូវទៅបរិច្ចាគលុយនៅទីណាទេ ទើបមករកពួកនាងឱ្យជួយនាំយកលុយចំនួននេះទៅជួយតំបន់ការពារមេរោគឆ្លងផង ខ្ញុំគ្រាន់តែចង់ជួយប្រទេសជាតិខ្លះប៉ុណ្ណោះឯង”
សៀវជឹង ប្រាប់ថា ដោយសារតែនាងមិនធ្លាប់ជួបរឿងបែបនេះពីមុនមក នាងក៏ទូរស័ព្ទទៅទីបញ្ជាការ។ នៅពេលអ្នកនៅទីនោះបានដឹងរឿងរ៉ាវនេះហើយ ក៏បានបដិសេធទទួលប្រាក់ពីលោកយាយ គួ ព្រមទាំងសម្ដែងការអរគុណចំពោះលោកយាយ គួ ដោយនិយាយលួងលោមគាត់ថា បក្ស និងរដ្ឋាភិបាលបានទទួលទឹកចិត្តដ៏សប្បុរសនេះពីលោកយាយហើយ និងថែមទាំងសូមអរគុណលោកយាយជំនួសប្រជាជនដែលកំពុងជួបគ្រោះភ័យដោយសារឆ្លងរាលដាលមេរោគនេះផងដែរ។ បន្ទាប់ពីនោះ ប៉ូលិសក៏បានបើកឡានជូនលោកយាយត្រឡប់ទៅផ្ទះវិញ។
ផ្ទះរបស់លោកយាយ គឺជាបន្ទប់តូចមួយ លោកតាបានស្លាប់ចោលជាយូរឆ្នាំមកហើយ លោកយាយមានកូនស្រី 2នាក់ កូនប្រុសម្នាក់ និងម្នាក់ទៀតរស់នៅឯទីក្រុងផ្សេង។ ជាប្រក្រតី លោកយាយរស់នៅក្នុងបន្ទប់នេះតែម្នាក់ឯង មានប្រាក់ចំណូល 2,000យន់ ចំណែកប្រាក់ចំនួន 50,000យន់នេះ ជាប្រាក់ដែលលោកយាយខំសន្សំសំចៃបានមកដល់ពេលនេះ។
ស្ថានការណ៍ជំងឺឆ្លងដែលកំពុងតែធ្ងន់ធ្ងរខ្លាំង ទើបកូនស្រីមិនអាចនៅមើលថែទាំលោកយាយបាន…៕
ប្រភព សារព័ត៌មានបរទេស