មន្ត្រីរបស់ប្រទេសចិនម្នាក់ បានឱ្យដឹងថា មកដល់ពេលនេះ មានបុគ្គលិកពេទ្យជាង3,000នាក់នៃប្រទេសនេះ បានឆ្លងមេរោគបង្កជំងឺរលាកសួតប្រភេទថ្មី ដែលហៅថា COVID-19។
នៅក្នុងសន្និសីទសារព័ត៌មានរួមជាមួយនឹងប្រតិភូនៃអង្គការសុខភាពពិភពលោក(WHO) នៅឯប្រទេសចិនកាលពីថ្ងៃទី24កុម្ភៈ ឆ្នាំ2020 លោក Lang Wannian មកពីគណៈកម្មការសុខាភិបាលចិន បានឱ្យដឹងថា បុគ្គលិកពេទ្យជាង3,000នាក់នៃប្រទេសនេះ បានឆ្លងមេរោគកូរ៉ូណា COVID-19។ បុគ្គលិកពេទ្យដែលបានឆ្លងមេរោគនេះ ភាគច្រើននៅក្នុងមន្ទីរពេទ្យនានានៃខេត្ត Hubei ដែលជាតំបន់មួយត្រូវបានគេចាត់ទុកថា ជាស្នូលនៃសម្បុកវីរុសកូរ៉ូណានៅប្រទេសចិន។
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីថ្ងៃទី19កុម្ភៈ បានអំពាវនាវឱ្យបង្កើនវិធានការការពារក្រុមបុគ្គលិកពេទ្យដែលកំពុងប្រយុទ្ធប្រឆាំងនឹងអាសន្នរោគកូរ៉ូណា COVID-19 បន្ទាប់ពីមានវេជ្ជបណ្ឌិតជាច្រើនរូប បានស្លាប់ដោយសារឆ្លងមេរោគនេះ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី CNA។
បុគ្គលិកសុខាភិបាលជាង30,000នាក់ មកពីគ្រប់ទិសទីក្នុងប្រទេសចិន រួមទាំងបុគ្គលិកពេទ្យយោធាផងដែរ ត្រូវបានបញ្ជូនទៅកាន់ “សមរភូមិ” Wuhan និងខេត្ត Hubei ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងអាសន្នរោគកូរ៉ូណា។ ទោះជាយ៉ាងនេះក្ដី ក្រុមគ្រូពេទ្យនៅតែត្រូវរងសម្ពាធធ្ងន់ធ្ងរ ដោយសារតែអ្នកជំងឺមានចំនួនច្រើនខ្លាំងពេក។
គិតមកដល់ព្រឹកថ្ងៃទី25កុម្ភៈនេះ ប្រទេសចិន មានអ្នកស្លាប់ដោយសារអាសន្នរោគកូរ៉ូណាឡើងដល់2,663នាក់ និងជាង77,658នាក់បាន និងកំពុងផ្ទុកមេរោគនេះ។
ប្រទេសចិនកំពុងខ្វះខាតសម្ភារវេជ្ជសាស្ត្រជាច្រើនដូចជា ម៉ាស់ និងឈុតសម្លៀកបំពាក់ការពារការឆ្លងមេរោគជាដើម។ ពួកគេខ្លះទៀតក៏ត្រូវប្រើប្រាស់ឈុតការពារមេរោគច្រើនដង ឬប្រើសម្ភារដែលមិនធានាដល់សុវត្ថិភាព ហើយបន្តធ្វើការក្នុងពេលដែលខ្លួនចាប់ផ្ដើមមានអាការខុសប្រក្រតីទាក់ទិននឹងផ្លូវដង្ហើម៕
ប្រភព៖ សារព័ត៌មានបរទេស