ប្រធានាធិបតីអាមេរិក លោក Donald Trump បានអះអាងថា ទីក្រុង Washington កំពុងគ្រប់គ្រងលើអាសន្នរោគកូរ៉ូណា COVID-19 បានយ៉ាងល្អ ខណៈដែលតួលេខនៃការឆ្លងមេរោគនេះនៅទូទាំងសហរដ្ឋអាមេរិក នៅតែបន្តកើនឡើង។
“វីរុសកូរ៉ូណា កំពុងត្រូវបានគ្រប់គ្រងយ៉ាងល្អនៅអាមេរិក។ យើងកំពុងរក្សាទំនាក់ទំនងជាមួយបណ្ដាប្រទេស និងភាគីពាក់ព័ន្ធ។ មជ្ឈមណ្ឌលទប់ស្កាត់ និងគ្រប់គ្រងរោគអាមេរិក (CDC) រួមជាមួយនឹងអង្គការសុខភាពពិភពលោក ធ្វើការយ៉ាងយកចិត្តទុកដាក់ និងមានភាពឆ្លាតវៃ។ ទីផ្សារមូលបត្រចាប់ផ្ដើមមានសញ្ញាល្អវិញហើយ” នេះបើតាមការរៀបរាប់របស់លោក Donald Trump នៅលើទំព័រ Twitter កាលពីម្សិលមិញ។
ការអះអាងខាងលើរបស់ប្រធានាធិបតីអាមេរិក ត្រូវបានធ្វើឡើងក្នុងពេលទីផ្សារមូលបត្រពិភពលោក កំពុងបាត់បង់ស្ថេរភាព ដោយសារមានការព្រួយបារម្ភអំពីអាសន្នរោគកូរ៉ូណា COVID-19 ខណៈដែលមេរោគបង្កជំងឺរលាកសួតប្រភេទថ្មីនេះ បានឆ្លងរាលដាលទៅដល់ប្រទេស និងដែនដីចំនួន37ក្នុងពិភពលោក។
សារព័ត៌មាន Washington Post របស់អាមេរិក កាលពីម្សិលមិញបានដកស្រង់ប្រភពព័ត៌មានសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា ក្នុងពេលដ៏ខ្លីខាងមុខ សេតវិមានអាចនឹងស្នើសុំសភាដើម្បីចំណាយប្រាក់ជិត1ពាន់លានដុល្លារ សម្រាប់បង្កើនសមត្ថភាពទប់ស្កាត់អាសន្នរោគ COVID-19 ដែលមកដល់ពេលនេះ វាបានសម្លាប់មនុស្ស2,699នាក់និង 80,146នាក់ បានផ្ទុកមេរោគនេះ។
Hogan Gedley ដែលជាអ្នកនាំពាក្យរបស់សេតវិមានបានអះអាងថា រដ្ឋាភិបាលត្រូវការថវិកាដើម្បី “ការពារពលរដ្ឋអាមេរិកាំងទាំងមូល” ប៉ុន្តែ អ្នកនាំពាក្យរូបនេះមិនបានបញ្ជាក់អំពីចំនួនទឹកប្រាក់1ពាន់លានដុល្លារដែលសារព័ត៌មានបានលើកឡើងនោះទេ។ លោកស្រី Hogan Gedley បានបន្តថា “ខ្ញុំមិនទាន់ទទួលបានឯកសារទាក់ទិននឹងចំនួនទឹកប្រាក់នៅឡើយ ប៉ុន្តែ យើងត្រូវការប្រយុទ្ធប្រឆាំងនឹងអាសន្នរោគ”។
កាលពីម្សិលមិញ(25កុម្ភៈ) ស្ថាប័ន CDC បានឱ្យដឹងថា សហរដ្ឋអាមេរិក មានអ្នកផ្ទុកមេរោគកូរ៉ូណា COVID-19 ចំនួន53នាក់ ដោយបូករួមទាំងអ្នកជំងឺថ្មីក្នុងប្រទេសនេះ និងពលរដ្ឋដែលបានត្រឡប់មកពីទីក្រុង Wuhan និងនាវាទេសចរណ៍ Diamond Princess។ តួលេខស្ដីអំពីអ្នកផ្ទុកមេរោគកូរ៉ូណានេះ កើនឡើង55% បើធៀបនឹងតួលេខកាលពីថ្ងៃទី22កុម្ភៈ៕
ប្រភព៖ សារព័ត៌មានបរទេស