អ៊ីតាលីបានរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាបន្ថែម72នាក់ ធ្វើឱ្យចំនួនអ្នកមានផ្ទុកមេរោគនេះឡើងដល់229នាក់ ប៉ុន្តែក្រុមមន្ត្រីសុខាភិបាលមិនទាន់រកឃើញប្រភពចម្លងដំបូងនៃមេរោគ COVID-19 នេះនៅឡើយ។
មន្ត្រីសុខាភិបាលអ៊ីតាលី កាលពីម្សិលមិញបានឱ្យដឹងថា ប្រទេសនេះមានអ្នកផ្ទុកមេរោគកូរូណាចំនួន229នាក់ ក្នុងនោះមាន7នាក់បានបាត់បង់ជីវិត។ អ្នកជំងឺ101នាក់ផ្សេងទៀតកំពុងទទួលការព្យាបាលក្នុងមន្ទីរពេទ្យ និង27នាក់ទទួលបានការព្យាបាលពិសេស។
តំបន់ Lombardy នៅភាគខាងជើងនៃប្រទេសអ៊ីតាលី មានអ្នកផ្ទុកមេរោគចំនួនដល់ទៅ172នាក់ ក្នុងនោះមាន5នាក់បានស្លាប់។ យ៉ាងហោចណាមានទីរួមស្រុកចំនួន10នៅភាគខាងជើងអ៊ីតាលី ដែលមានប្រជាជនសរុបប្រហែល50,000នាក់ ត្រូវបានអាជ្ញាធរដាក់បម្រាមគោចរចាប់ពីថ្ងៃទី23កុម្ភៈ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគបង្កជំងឺរលាកសួត COVID-19។
អ៊ីតាលី បច្ចុប្បន្នត្រូវបានគេចាត់ទុកថាជាសម្បុកមេរោគកូរ៉ូណាធំបំផុតលំដាប់ទី4ក្នុងពិភពលោក បន្ទាប់ពីចិន កូរ៉េខាងត្បូង និងនាវាទេសចរណ៍ Diamond Princess។ អាជ្ញាធរតំបន់ Lombardy និង Veneto ដែលជាចំណុចកណ្ដាលនៃមេរោគកូរ៉ូណានៅប្រទេសអ៊ីតាលី បានស្នើឱ្យសាលារៀន ផ្អាកដំណើរការ1សប្ដាហ៍ និងបានបិទទ្វារសារមន្ទីរ រោងភាពយន្ត ព្រមទាំងបានលុបចោលពិធីបុណ្យ Venice ចំនួន2ថ្ងៃចុងក្រោយផងដែរ។
មន្ត្រីអ៊ីតាលី2រូប កាលពីម្សិលមិញបានឱ្យដឹងថា ប្រទេសនេះ មិនទាន់រកឃើញ “អ្នកជំងឺលេខ 0” (ប្រភពចម្លងដំបូងគេដំបូងក្នុងប្រទេសនេះ) នៅឡើយ។ Nott Angelo Borrelli ដែលជាប្រធាននៃគណៈកម្មការការពារពលរដ្ឋរបស់អ៊ីតាលី បានឱ្យដឹងថា “ប្រការដែលសំខាន់គឺត្រូវរកឱ្យឃើញថា តើអ្នកនោះមកពីទីណា ដើម្បីអាចទប់ស្កាត់ការបន្តចម្លងវីរុសពីប្រភពមេរោគនេះ”។
អាសន្នរោគកូរ៉ូណា COVID-19 បានកើនឡើងនៅតំបន់ Wuhan នៃប្រទេសចិន កាលពីខែធ្នូ ឆ្នាំ2019 ហើយបានរាលដាលទៅដល់ប្រទេសចំនួន37ក្នុងពិភពលោក។ គិតមកដល់ពេលនេះ នៅទូទាំងពិភពលោក មានអ្នកស្លាប់ដោយសារអាសន្នរោគនេះ កើនឡើងដល់ 2,630នាក់ និងអ្នកមានផ្ទុកមេរោគនេះកើនដល់ជិត80.000នាក់ ចំណែកអ្នកដែលបានជាសះស្បើយមានចំនួន25,282នាក់៕
ប្រភព៖ សារព័ត៌មានបរទេស