ក្រសួងសុខាភិបាលវៀតណាម កាលពីថ្ងៃទី23កុម្ភៈ បានស្នើឱ្យអ្នករកស៊ី និងអ្នកធ្វើការជាដើម កាត់បន្ថយការចាប់ដៃគ្នាជាមួយអតិថិជននៅពេលស្វាមគន៍ ឬលាគ្នា ហើយពេលជួបភ្ញៀវក៏ត្រូវតែឈរឱ្យឆ្ងាយពីគ្នាប្រហែល1ម៉ែត្រ។
អនុសាសន៍ខាងលើនេះ ត្រូវបានក្រសួងសុខាភិបាលវៀតណាមធ្វើឡើងដើម្បីទប់ស្កាត់ និងប្រឆាំងការរីករាលដាលនៃមេរោគបង្កជំងឺរលាកសួតប្រភេទថ្មី COVID-19។ អនុសាសន៍នេះ សំដៅទៅលើអ្នកធ្វើការ អ្នករកស៊ីទាំងអស់ ពិសេសគឺបុគ្គលិកនៅសណ្ឋាគារ ភោជនីយដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម និងតំបន់ទេសចរណ៍ជាដើម។
ក្រសួងក៏បានណែនាំឱ្យអ្នកធ្វើការ និងអ្នករកស៊ីទាំងអស់ ត្រូវវាស់កម្ដៅខ្លួន មុនពេលចេញទៅបំពេញភារកិច្ច។ បើសិនក្ដៅខ្លួនខ្លាំង ឬក្អក ថប់ដង្ហើម ត្រូវតែប្រញាប់រាយការណ៍ទៅអ្នកគ្រប់គ្រងបុគ្គលិក និងមន្ត្រីសុខាភិបាល ហើយត្រូវនៅដាច់ដោយឡែកក្នុងផ្ទះ ដើម្បីតាមដានសុខភាព។ ពេលចាំបាច់ អ្នកដែលមានអាការដូចខាងលើនេះ ត្រូវតែប្រញាប់ទៅកាន់មន្ទីរពេទ្យដែលនៅក្បែរបំផុត ដើម្បីពិនិត្យពិគ្រោះយោបល់ និងព្យាបាលឱ្យទាន់ពេលវេលា។ អ្នកដែលត្រូវបានសង្ស័យថាមានផ្ទុកមេរោគ ត្រូវតែនៅក្នុងផ្ទះ និងនៅដាច់ដោយឡែកទៅតាមការស្នើរបស់មន្ត្រីសុខាភិបាល។
អ្នកដែលធ្វើការនៅកន្លែងដែលមានមនុស្សច្រើន ឬត្រូវជួបអតិថិជន ពួកគេត្រូវតែពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ និងកាត់បន្ថយការចាប់ដៃឱ្យបានជាអតិបរមា និងឈរ ឬអង្គុយឆ្ងាយពីអតិថិជនឱ្យបាន1ម៉ែត្រ ហើយត្រូវលាងដៃនឹងសាប៊ូ និងទឹកស្អាតឱ្យបានញាប់ញាប់នៅមុនពេលធ្វើការ ក្រោយម៉ោងសម្រាក និងមុន និងក្រោយការទទួលទានអាហារ មុននិងក្រោយការចម្អិនអាហារ ក្រោយពីចូលបន្ទប់ទឹក ក្រោយពីក្អក កណ្ដាស់ ពេលដៃបែកញើស ឬប្រឡាក់អ្វីមួយ និងក្រោយពីនៅក្បែរ ឬចាប់ដៃអ្នកណាម្នាក់។
ពេលកណ្ដាស់ ឬក្អក ត្រូវបិទមាត់ និងច្រមុះដោយប្រើដៃអាវត្រង់សន្លាក់កែងដៃខាងក្នុង ក្រដាស់ជូតមាត់ ឬកន្សែងដៃជាដើម ដើម្បីកាត់បន្ថយការជះកម្ទេចជាតិរាវចេញពីផ្លូវដង្ហើម ហើយត្រូវបោះក្រដាស់នោះចោលទៅក្នុងធុងសម្រាមភ្លាមៗ ឬបោកសម្អាតកន្សែងដៃដែលបានប្រើហើយនោះ និងលាងសម្អាតដៃដើម្បីកម្ចាត់មេរោគ។ ត្រូវចៀសវាងការយកដៃទៅប៉ះមាត់ ច្រមុះ និងភ្នែកដើម្បីកុំឱ្យឆ្លងមេរោគ។ មិនត្រូវប្រើប្រាស់របស់រួមមួយចំនួនដូចជា កែវទឹក ដបទឹក កន្សែងជូតដៃ។ល។ និងមិនត្រូវខាកស្ដោះគ្មានរបៀប។
នៅពេលខ្លួនឯង ឬអ្នករួមការងារ ឬមួយអតិថិជន មានអាការក្ដៅខ្លួន ក្អក ពិបាកដកដង្ហើម អ្នកត្រូវតែរាយការណ៍ទៅកាន់អ្នកគ្រប់គ្រងដើម្បីបានទទួលយោបល់ និងព្យាបាលទាន់ពេលវេលាន។
នៅឯប្រទេសវៀតណាម ក្រុមហ៊ុន និងរោងចក្រជាដើម ក៏ត្រូវបានអាជ្ញាធរស្នើឱ្យផ្ដល់ម៉ាស់ដល់បុគ្គលិកឱ្យបានគ្រប់ៗគ្នាផងដែរ។
គិតមកដល់ពេលនេះ ប្រទេសវៀតណាម មានអ្នកឆ្លងមេរោគសរុបចំនួន16នាក់ ក្នុងនោះមាន14នាក់បានជាសះស្បើយ។ ចំណែកនៅទូទាំងពិភពលោកវិញ មានអ្នកផ្ទុកមេរោគ COVID-19 ចំនួន79,360នាក់ អ្នកស្លាប់មានចំនួន2,619នាក់ និងអ្នកបានជាសះស្បើយមានចំនួន24,963នាក់៕
ប្រភព៖ សារព័ត៌មានបរទេស